«មកពីលោកមិនសួរ» ជាចំណងជើងនៃរឿងនិទានខ្លីមួយ ដើម្បីចែកជូនប្រិយមិត្ត ឲ្យផ្ទុះសំណើច។ សូមតាមដានដូចតទៅ៖
ដោយធុញទ្រាន់នឹងអ្នកបម្រើ ដែលចេះតែនិយាយ តែពិសតែពាស គ្មានលោះពេលនោះ លោកសេដ្ឋីបានហៅអ្នកបម្រើរូបនេះមកជួប ហើយប្រាប់ថា៖
– ថ្ងៃក្រោយ បើអាឯងនិយាយ ទាំងអញមិនបានសួរ អញនឹងវាយអាឯង។
ស្ដាប់ឮហើយ អ្នកបម្រើក៏ឱនក្បាលដើរចេញទៅ។
ប៉ុន្មានថ្ងៃក្រោយមក សេដ្ឋីរៀបចំពិធីលៀងអាហារមួយ ដោយអញ្ជើញមិត្តភក្តិជិតស្និទ្ធទាំងអស់ មកចូលរួម។ ភ្ញៀវបានធ្វើដំណើរមកដល់ ជាបន្តបន្ទាប់… តែនៅឡើយ ក្លើសេដ្ឋីជិតដិតម្នាក់ មិនទាន់ឃើញមកដល់។
ដោយម្ហូបត្រូវបានរៀបចំរួចរាល់ លោកសេដ្ឋីមិនចង់ចាប់ផ្តើម ចោលមិត្តចិត្តមួយថ្លើមមួយ របស់លោកទេ។ លោកក៏បានប្រាប់ទៅអ្នកបម្រើ ឲ្យទៅតាមហៅក្លើរូបនោះ ដល់ផ្ទះ។
អ្នកបម្រើធ្វើតាមបង្គាប់ហើយ ត្រឡប់មកវិញ ក៏ចូលក្នុងផ្ទះចង្ក្រានបាយបាត់ ហើយសំងំនៅទីនោះ ដោយមិនហ៊ានចេញវាចាអ្វីឡើយ។
ចំណែកលោកសេដ្ឋីឯណេះ ដោយមិនឃើញមានដំណឹងអ្វី ក៏ហៅអ្នកបម្រើមកសួរ ក្រែងលោមិនទាន់បានទៅហៅ។ តែអ្នកបម្រើឱនក្បាលឆ្លើយតបថា «បានទៅហើយ» រួចដើរចេញទៅ។
ចាំបាត់ៗ… ភ្ញៀវក៏ចាប់ផ្ដើមនឿយណាយ… លោកសេដ្ឋីបានហៅអ្នកបម្រើ មកសួរជាថ្មីថា៖
– អាឯងបានទៅហើយ មានអញ្ជើញគាត់ឲ្យប្រញាប់មកឬទេ?
– បាទទាន ខ្ញុំជម្រាបអញ្ជើញគាត់ហើយ…
– ហើយគាត់ឆ្លើយថាម៉េច?
– គាត់ថា មិនបានមកទេព្រោះគាត់មិនស្រួលខ្លួន។
សេដ្ឋីផ្ទុះកំហឹង មុខឡើងក្រហម៖
– រួចចុះម្ដេចក៏អាឯងមិនប្រាប់ តាំងពីដំបូងមក ទុកឲ្យអញនិងភ្ញៀវរង់ចាំ មកដល់ថ្មើរនេះ រហូតម្ហូបអាហារត្រជាក់អស់?
– បាទទាន… មកពីលោកមិនសួរ!