ពិភពលោក

ស្ត្រីបង្ហាញម៉ូដសាក្សីប្រឆាំងអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី ទំនងត្រូវបានបំពុល

នាង អ៊ីម៉ាន ហ្វាឌីល (Imane Fadil) អតីតស្ត្រីបង្ហាញម៉ូដជាតិម៉ារ៉ុក អាយុ៣៣ឆ្នាំ បានលាចាកលោក កាលពីថ្ងៃទី១ ខែមិនាកន្លងទៅ។ សម្រាប់សារព័ត៌មានអ៊ីតាលី «Corriere della Sierra» អតីតស្ត្រីបង្ហាញម៉ូដរូបនេះ ទំនងត្រូវបានបំពុល ដោយសារជាតិគីមី​វិទ្យុសកម្មមួយប្រភេទ។

ស្ត្រីរូបស្រស់ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដ៏តិចតួច និងដ៏កម្រ ដែលបានឡើងធ្វើសាក្សី ក្នុងឆ្នាំ២០១២ ប្រឆាំងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) នៅក្នុងសំនុំរឿងអាស្រូវផ្លូវភេទ «Rubygate» ដែលបានកើតឡើង ក្នុងឆ្នាំ២០១០។

លោក ស៊ីលវីយ៉ូ ប៊ែលូស្កូនី ត្រូវបានសារព័ត៌មានអ៊ីតាលី ស្រង់សំដីមកចុះផ្សាយក្នុងរបាយការណ៍ថា៖

«វាត្រូវតែជារឿងសោកស្ដាយខ្លាំងណាស់ នៅពេលដែលមាននរណាម្នាក់ ស្លាប់ទៅទាំងវ័យក្មេងដូច្នេះ។ តែខ្ញុំមិនដែលបានជួបនាងម្នាក់នេះទេ ហើយខ្ញុំក៏មិនដែល បាននិយាយ​ជាមួយដែរ។ ខ្ញុំគិតថា សំដីសក្ខីកម្មរបស់នាង សុទ្ធសឹងជាការប្រឌិតឡើង។ ជាសំដីដែលមិនទំនង។»

«ក្ដីបារម្ភថាខ្លួន ទំនងត្រូវបានបំពុល»

អតីតស្ត្រីបង្ហាញម៉ូដ បានចូលទៅពិគ្រោះ តាំងពីដើមខែកុម្ភៈមុន នៅក្នុងគិលានុបដ្ឋានមួយ ក្បែរក្រុងមីឡង់ (Milan) បន្ទាប់ពីនាងមានការឈឺចាប់ធ្ងន់ធ្ងរ ទាក់ទងនឹងក្រពះ។ ប៉ុន្តែមរណភាពរបស់នាង នៅថ្ងៃទី១ ខែមិនា ទើបតែប្រកាសឲ្យដឹង ជាសាធារណៈនៅប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។

នៅមុនមរណភាព នាង អ៊ីម៉ាន ហ្វាឌីល បានថ្លែងប្រាប់មេធាវីរបស់នាង ពីការបារម្ភរបស់ខ្លួន ដែលគិតថា នាងទំនងជាត្រូវគេបំពុល។

បន្ទាប់ពីសក្ខីកម្មក្នុងសវនាការ កាលពីឆ្នាំ២០១២នោះរួច អតីតកំពូលស្ត្រីបង្ហាញម៉ូដ បានចេញមកប្រកាសឲ្យដឹង កាលពីពេលថ្មីៗនេះ ថានាងកំពុងរៀបចំបោះពុម្ភសៀវភៅមួយ ដែលនិយាយយ៉ាងលំអិត ពីរាត្រីស៊ីផឹកជាច្រើន នៅក្នុងភូមិគ្រឹះរបស់លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (ដែលនាំទៅដល់ការសង្ស័យ ពីរឿងអាស្រូវផ្លូវភេទ)។

កាលពីខែមករា នាង អ៊ីម៉ាន ហ្វាឌីល បានបង្ហើបឲ្យដឹងថា៖

«មានគេចង់ផ្ដល់ឲ្យខ្ញុំ នូវផលប្រយោជន៍មិនសមប្រកបជាច្រើន ខ្ញុំមិនទាន់បាននិយាយចេញទេ តែខ្ញុំនឹងធ្វើវា ក្នុងពេលខាងមុខ។»

សំណៅដើម នៃសៀវភៅរបស់អតីតតារាបង្ហាញម៉ូដ កំពុងស្ថិតក្នុងដៃចៅក្រមស៊ើបអង្កេតក្នុងពេលនេះ ខណៈការស៊ើបអង្កេតមួយ ពីបទ«មនុស្សឃាតដោយចេតនា» កំពុងប្រព្រឹត្តិទៅ ទៅលើមរណភាពខាងលើ។

ប្រភពមួយស្និតនឹងការស៊ើបអង្កេត បានបង្ហើបប្រាប់សារព័ត៌មានអ៊ីតាលី ឲ្យដឹងថា លទ្ធផលថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ នៃការធ្វើពិសោធន៍ ទៅលើសាកសពនាង អ៊ីម៉ាន ហ្វាឌីល បានរកឃើញវត្តមាន ការលាយឡំគ្នានៃសារជាតិវិទ្យុសកម្ម ដែលគេមិនអាចរកបាន ដោយងាយៗឡើយ។

នៅក្នុងរឿងអាស្រូវផ្លូវភេទ «RubyGate» ដ៏ចម្រូងចម្រាស់ លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី បានរងការចោទប្រកាន់ ពីបទ«បំពានលើអំណាច ជានាយករដ្ឋមន្ត្រី​» ពីបទ«ធ្វើអាជីវកម្មឲ្យមានពេស្យាកម្ម» និងពីបទ«ធ្វើអាជីវកម្មលើស្ត្រី មិនទាន់គ្រប់អាយុ»។ អតីតប្រមុខរដ្ឋាភិបាលអ៊ីតាលី ត្រូវបានសាលាដំបូងរកឃើញថា មានទោស ក្នុងឆ្នាំ២០១៣ តែត្រូវបានសាលាឧទ្ធរណ៍ លើកលែងការចោទប្រកាន់ទាំងអស់វិញ ក្នុងឆ្នាំ២០១៤៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។