តន្ត្រី

ផ្សាយផ្ទាល់​ពី​កម្មវិធី​«One World: Together At Home»

ដើម្បីស្វែងរកមូលនិធិ ប្រយុទ្ធប្រឆាំង ទល់នឹងជំងឺ «Covid-19» កម្មវិធី «One World: Together at Home» មួយត្រូវបានរៀបចំឡើង ដោយរួមប្រជុំកំពូលតារាៗ ល្បីៗនៅក្នុងពិភពលោក ប្រមាណជា៧០នាក់។

កំពូលតារាទាំងនោះ មានដូចជា «Elton John» «Lizzo» «Rolling Stones» «Céline Dion» និង «Billie Eilish» ជាដើម បានឆ្លើយតប«វិជ្ជមាន» ចំពោះការរៀបចំ កម្មវិធីមួយនេះ ដែលផ្ដួចផ្ដើមឡើង ដោយកំពូលអ្នកចម្រៀងអាមេរិក នាង «Lady Gaga» ហើយរៀបចំធ្វើ ដោយអង្គការសុខភាពពិភពលោក (WHO / OMS) និងចលនាពលរដ្ឋ «Global Citizens»។

រាល់តារាទាំង៧០នាក់ នឹងចូលរួមក្នុងកម្មវិធី ដែលមិនគិតកម្រៃមួយនេះ ម្នាក់ម្ដងៗ ឬអាចចូលរួមរួមគ្នា តាមរយៈវីដេអូដែលថតចេញ ពីគេហដ្ឋានរបស់ពួកគេរៀងខ្លួន ដោយហេតុថា ពួកគេត្រូវសំងំ ដាក់ខ្លួននៅក្នុងផ្ទះ ដូចមនុស្សទូទៅ ដើម្បីបង្ការការឆ្លងជំងឺ «Covid-19» ដ៏ចង្រៃ។

បើតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ពួកគេបានរៃអង្គាសប្រាក់ បានប្រមាណជា ៣៥លានដុល្លារហើយ។ កម្មវិធីនេះ នឹងធ្វើការឧទ្ទិសទៅដល់ ក្រុមគ្រូពេទ្យដែលកំពុងធ្វើពលីកម្ម នៅប្រឈមទល់នឹងមេរោគដ៏ឬស្យា ដើម្បីថែរក្សាព្យាបាល ដល់អ្នកជំងឺទាំងឡាយ។

មកដល់ម៉ោងនេះ អ្នកឆ្លងជំងឺ «Covid-19» នៅជុំវិញពិភពលោក បានកើនឡើង ដល់ជាង ២លាន៣សែននាក់ ខណៈអ្នកជំងឺជិត ១សែន៦ម៉ឺននាក់ បានស្លាប់៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។