បន្ទាប់ពីបើកទ្វារ៦ខែ រាប់ពីខែសីហា ឆ្នាំ២០២០មក ទូរទស្សន៍បាល់ទាត់បារាំងឈ្មោះ «Téléfoot» បានបិទការផ្សាយរបស់ខ្លួន ជាស្ថាពរក្នុងយប់ថ្ងៃអាទិត្យទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ការប្រកាសបិទការផ្សាយ ធ្វើឡើងនៅចុងកម្មវិធី «Vrai Mag» ដែលបានផ្សាយផ្ទាល់ ពីការប្រកួតកីឡាករ រវាងក្រុមគូសត្រូវពីរ ក្នុងប្រទេសបារាំង គឺក្រុមម៉ារសីយ៍ (Olympique de Marseille) និងក្រុម ប៉ារីស (Paris Saint Germain)។
ពិធីការិនីដ៏ល្បី នាង «Anne-Laure Bonnet» បានថ្លែងទាំងអួកអាក់ នៅក្នុងពិធីជួបជុំគ្នាចុងក្រោយ ជាមួយទស្សនិកជនរបស់ខ្លួនថា៖
«យើងបានដាក់ចិត្តដាក់កាយ ទាំងចំណេះដឹង និងបេះដូងរបស់យើង នៅក្នុងកិច្ចការបង្កើត និងដំណើរការរបស់ទូរទស្សន៍ តែពេលនេះ វាបានចប់ជាស្ថាពរ (…) ទូរទស្សន៍ “Téléfoot” សូមបញ្ចប់ការផ្សាយរបស់ខ្លួន ក្នុងយប់នេះ។»
«Téléfoot»ត្រូវបានបង្កើតឡើង តាំងពីដើមឆ្នាំ២០២០ និងបានបើកការផ្សាយ នៅក្នុងខែសីហា នៅពេលដែលរដូវកាលបាល់ទាត់ ឆ្នាំ២០២០-២០២១ បានចាប់ផ្ដើមដំបូង។ ទស្សនិកជនទាំងឡាយ ចាំបាច់ត្រូវជាវជាប្រចាំខែ ឬប្រចាំឆ្នាំ ដើម្បីអាចទស្សនាការប្រកួតទាំងនោះ ក្នុងទូរទស្សន៍មួយនេះ។
ទូរទស្សន៍ខាងលើបានបញ្ចាំង និងផ្សាយផ្ទាល់ ពីកម្មវិធីប្រកួតបាល់ទាត់បារាំង សឹងតែទាំងស្រុង ដោយហេតុថា សហគ្រាសមេឈ្មោះ«MediaPro» ដែលជាម្ចាស់ស្ថានីយ៍ទូរទស្សន៍ បានឈ្នះការដេញថ្លៃ ក្នុងឆ្នាំ២០១៨ ដើម្បីទទួលបាន«សិទ្ធិផ្សាយ»នៃការប្រកួតទាំងនេះ សម្រាប់រដូវកាលពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤។
តែផ្ទុយទៅវិញ សហគ្រាសមេខាងលើ ដែលមានស្នាក់ការធំ នៅក្នុងប្រទេសអេស្ប៉ាញ និងមានភាគហ៊ុនធំ មកពីប្រទេសចិន មិនបានបង់ប្រាក់រំលោះ ជាបណ្ដើរៗ ទៅតាមតម្លៃ ដែលខ្លួនបានដេញថ្លៃឈ្នះឡើយ រាប់ពីដើមរដូវកាលនេះមក ដោយយោងហេតុផល នៃជំងឺរាតត្បាត «Covid-19»។
ដោយហេតុនេះ ទើបស្ថាប័ន «LFP» ដែលគ្រប់គ្រង និងរៀបចំការប្រកួតបាល់ទាត់ ក្នុងប្រទេសបារាំង បានទារយកសិទ្ធិនៃការផ្សាយត្រឡប់មកវិញ មុននឹងរកបានទូរទស្សន៍ផ្សេង (Canal + Group) មកផ្សាយជំនួស៕