តារា ជនល្បី

ហ៊ុន សែន ថាភរិយាលោក នៅចង់​តែងខ្លួន​ប្រណាំង​កូនចៅ​នៅឡើយ

ភរិយានាយករដ្ឋមន្ត្រី អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅចង់​តែងខ្លួន​ប្រណាំង​កូនចៅ​នៅឡើយ និងមិនទាន់ស្លៀកពាក់ បែបអាចារ្យ (ឬដូនជី) នោះទេ។ នេះ បើតាមការអះអាងឡើង របស់លោក ហ៊ុន សែន នៅថ្ងៃអាទិត្យ​មុននេះបន្តិច ខណៈពេលលោកកំពុងត្រៀម ចេញ​ទៅចូលរួមមង្គលការ​ចៅរបស់លោក។

អមជាមួយនឹងរូបថតពីរសន្លឹក ដែលលោកបានបង្ហោះ នៅលើបណ្ដាញសង្គម គេឃើញលោក ហ៊ុន សែន ស្លៀកពាក់អាវធំ តែគ្មានក្រវ៉ាត់ក ថតអមនឹងភរិយាលោក ដែលស្លៀកពាក់បែបទំនៀមខ្មែរ ពណ៌ស៊ីចំប៉ាខ្ចី​ យ៉ាងទំនងសមសួន។

លោក ហ៊ុន សែន អាយុ៦៨ឆ្នាំ បានសរសេរអបនឹងរូបថតទាំងនេះ ដោយទំនង​ជាចំអន់​ដាក់ភរិយាលោក អាយុ៦៦ឆ្នាំថា៖

«ថតរូបមុនចេញដំណើរ ទៅចូលរួមរៀបការចៅ។ យាយនិងតា មិនទាន់ចង់ស្លៀកពាក់ តាមបែបអាចារ្យទេ ព្រោះយាយនៅចង់តែងខ្លួន​ប្រណាំងជាមួយ​កូននិងចៅ៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។