វីដេអូ ពីនេះពីនោះ

កាត់ច្រមុះ​និងបបូរមាត់លើ ដើម្បីធ្វើខ្លួន​ជា… មនុស្ស​ភពក្រៅ

មនុស្ស​ភពក្រៅ មាននៅលើផែនដីយើងមែនឬទេ? ពិបាកឆ្លើយបន្តិច… តែបុរសជាតិបារាំង​ម្នាក់នេះ អាចឆ្លើយនឹង​សំនួរខាងលើបាន៖ មនុស្ស​ភពក្រៅ គឺជារូបគាត់នេះតែម្ដង។ លោក «Anthony Loffredo» ទើបនឹងបានកាត់ច្រមុះ និងបបូរមាត់​ខាងលើ របស់លោក ដើម្បីសម្រេចបំណងប្រាថ្នា នៅក្នុងគម្រោងដ៏ពិសេសមួយ ហៅថា «The black alien project»។

នៅក្នុងប្រទេសបារាំង និងនៅបណ្ដាប្រទេសភាគច្រើន ក្នុងទ្វីបអ៊ឺរ៉ុបខាងលិច ការកាត់អវយវៈ ឬផ្នែកណាមួយ នៅលើរាងកាយ មិនត្រូវបានអនុញ្ញាតទេ លើកលែងតែនៅក្នុងប្រទេសអេស្ប៉ាញ។

ហេតុដូច្នេះហើយ ទើបបុរសវ័យ៣២ឆ្នាំ ដែលមានរាងកាយ សាក់រូបពណ៌ខ្មៅទាំងស្រុង (រួមទាំងភ្នែកទាំងគូ) រួចហើយនេះ បានធ្វើដំណើរ​ទៅកាន់ប្រទេសអេស្ប៉ាញ កាលពីខែកញ្ញាកន្លងទៅ ដើម្បីកាត់ផ្នែកចុងច្រមុះរបស់លោក ដែលមានទាំងសាច់ និងឆ្អឹងចេញ។ បន្ទាប់មក កាលពីដើមខែមករា លោកបានកាត់បបូរមាត់ខាងលើ ចេញបន្ថែមទៀត។

មិនត្រឹមតែប៉ុណ្ណឹងទេ តែលោក «Anthony Loffredo» នៅមានចំណុចពិសេសផ្សេងទៀត នោះគឺអណ្ដាតលោក ត្រូវបានកាត់ញែក​ជាពីរ (ដូចអណ្តាតពស់) និងដាក់ដាំនៅពេញទាំងខ្លួន នូវដុំសាច់កំពីកកំពត ក៏ដូចជាគ្រឿងអលង្កា​​ធ្វើពីដែកជាច្រើន។

គម្រោងទាំងអស់ខាងលើ ត្រូវបានលោកបញ្ជាក់ថា ទើបនឹងសម្រេចបាន ត្រឹមតែ២០% នៃគម្រោង «The Black Alien Project» ប៉ុណ្ណោះ។ លោកបានប្រកាសបន្ថែម ប្រាប់សារព័ត៌មាន​ក្នុងប្រទេសបារាំងថា លោកសុបិន្ដ​ចង់ជំនួស​ស្បែក​របស់លោក ដោយស្បែក ធ្វើពីលោហៈ​​ទាំងស្រុង និងប៉ងធ្វើការផ្លាស់ប្ដូរដៃ ជើង ម្រាមដៃ និងផ្នែកខាងក្រោយ នៃក្បាលរបស់លោក។

កាលពីឆ្នាំ២០១៧ លោកត្រូវបានសារព័ត៌មានតំបន់ ឈ្មោះ «Midi Libre» ស្រង់សំដីមកផ្សាយថា៖

«តាំងពីខ្ញុំនៅតូចម្លេះ ខ្ញុំឈ្លក់វង្វេងនឹងការប្រែរូប និងការផ្លាស់ប្ដូរ នៃរាងកាយមនុស្ស។»

បើទោះជាលោក​​មានរូបរាង​ចម្លែក​បែបនេះក្ដី (មិនត្រូវវិនិច្ឆ័យថា រូបរាងអាក្រក់ទេ) លោក «Anthony Loffredo» បានថ្លែងដោយ​អំនួតថា លោកនៅតែអាចប្រលោមស្នេហ៍ ជាមួយនាងៗទាំងឡាយ ដែលលោកគិតថា មានចិត្តចង់៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។