សុខភាព

Covid-19៖ «WHO»បញ្ឈប់​ការសាកល្បង​ថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន

អង្គការសុខភាពពិភពលោក (WHO /OMS) បានប្រកាសនៅថ្ងៃចន្ទ ទី២៥ ខែឧសភានេះ បានបញ្ឈប់​ជាបណ្ដោះអាសន្ន នូវការសាកល្បងថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន (Hydroxychloroquine) ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ មកប្រើព្យាបាលជំងឺ «Covid-19»។

ការបញ្ឈប់នេះ ធ្វើឡើងក្រោមវិធានការ ដើម្បីបង្ការសុវត្ថិភាព បន្ទាប់ពីអង្គការខាងលើ បានដឹកនាំ​ ឲ្យមាន​ការប្រើប្រាស់សាកល្បង នូវ​ថ្នាំប្រភេទនេះ នៅតាមប្រទេស ជាច្រើន​រួចមក។

អគ្គនាយកអង្គការ​ «WHO» លោក «Tedros Adhanom Ghebreyesus» បានថ្លែងដូច្នេះ នៅក្នុងសន្និសិទសារព័ត៌មាន ដែលធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទវីដេអូ ក្នុងថ្ងៃចន្ទនេះ។

លោកបញ្ជាក់ថា ការសម្រេចចិត្តរបស់ «WHO» មានលក្ខណៈស្រប នឹងការសិក្សា​ស្រាវជ្រាវ​មួយ របស់ទស្សនាវដ្ដីសុខភាព ឈ្មោះ «The Lancet» ដែលចេញផ្សាយ កាលពីថ្ងៃសុក្រ វាយ​តម្លៃថា ថ្នាំប្រភេទ ក្លរូគីន (Chloroquine) មិនមានប្រសិទ្ធិភាពអ្វីឡើយ ក្នុងការប្រយុទ្ធ​ទល់នឹង​ជំងឺ «Covid-19»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។