គេហដ្ឋានឯកជន របស់ស្ថាបត្យករលោក វណ្ណ ម៉ូលីវណ្ណ ដែលអ្នកផងដាក់ឈ្មោះថា ជាបីតាស្ថាបត្យកម្មកម្ពុជា ត្រូវបានដាក់លក់ ក្នុងតម្លៃ«៧លានដុល្លារ»អាមេរិក ដោយក្រុមហ៊ុនអចលនទ្រព្យមួយ ឈ្មោះ «IPS Cambodia»។
លំនៅដ្ឋានមួយនេះ ស្ថិតនៅ ក្បែរភោជនីយដ្ឋាន ទន្លេបាសាក់ តាមបណ្ដោយមហាវិថី ម៉ៅ សេទុង សង្កាត់ទួលស្វាយព្រៃ១ កណ្ដាលរាជធានីភ្នំពេញ។ ឯកសារជាច្រើន បានអះអាងថា វាត្រូវបានសង់ នៅឆ្នាំ១៩៦៦ និងធ្លាប់ជាអាគារ នៃមន្ទីរសុរិយោដីក្រុង ក្នុងជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា។
សេចក្ដីប្រកាសរបស់ក្រុមហ៊ុន «IPS Cambodia» ដែលដាក់លក់គេហដ្ឋានខាងលើ ជាអគារពាណិជ្ជកម្មនោះ បានសរសេរឲ្យដឹងថាថា អចលនទ្រព្យមួយនេះ ត្រូវបាន«សាងសង់ឡើង ដោយមាន ២ជាន់ មានបន្ទប់ការិយាល័យ ជាច្រើនបន្ទប់ បើកចំហ ធំទូលាយ និងបន្ទប់ទឹក ចំនួន៥ សម្រាប់ប្រើប្រាស់រួមគ្នា»។
សេចក្ដីប្រកាស បានបញ្ជាក់ពីទំហំ ទទឹង-បណ្ដោយ នៃអចលនទ្រព្យមួយនេះ ដូច្នេះថា៖
«អាគារលំនៅដ្ឋានទាំងមូល មានផ្ទៃក្រឡាសរុប ៧៦៨ ម៉ែត្រការ៉េ សង់ពីលើផ្ទៃដី ៩២៤ ម៉ែត្រការ៉េ ដែលមានប្រវែងទទឺង ២២,៥១ ម៉ែត្រ គុណនឹងប្រវែងបណ្ដោយ ៤២,១៥ ម៉ែត្រ។ នៅផ្នែកខាងក្រៅ មានបន្ទប់បើកចំហរ ធំទូលាយ នៅលើសួនច្បារខាងក្រោយ និងយ៉រនៅជាន់ខាងលើ។»
បើទោះជាវាធ្លាប់ជា លំនៅដ្ឋានឯកជន របស់លោក វណ្ណ ម៉ូលីវណ្ណ ដែលបានលាចាកលោក តាំងពីឆ្នាំ២០១៧នោះ តែសំណង់មួយនេះ នៅតែជាស្នាដៃស្ថាបត្យកម្មមួយ ដែលត្រូវបានឆ្នៃប្រឌិតឡើង យ៉ាងពិសេសគ្មានពីរ ដោយកំពូលស្ថាបត្យកររូបនេះ ពីក្នុងចំណោមស្នាដៃស្ថាបត្យកម្មរបស់លោក ជាច្រើននៅកម្ពុជា។
ប៉ុន្តែមកដល់ថ្ងៃនេះ ស្នាដៃស្ថាបត្យកម្មមួយចំនួន របស់លោក វណ្ណ ម៉ូលីវណ្ណ បានរលាយបាត់រូបទៅហើយ និងមួយចំនួនទៀត ត្រូវបានប្ដូរទម្រង់ ទៅតាមការចង់បាន របស់អ្នកគ្រប់គ្រងស្នាដៃទាំងនោះ៕