របាយការណ៍

នរណាខ្លះ​គាំទ្រ​ប្រធានាធិបតី​ទាំងពីរ​នៅ វេណេស៊ុយអេឡា

(ចុចលើទំព័រមុន ដើម្បីអានរបាយការណ៍នេះ ពីដំបូងមកវិញ)

នីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីក្នុងតំណែង

– ប្រព័ន្ធយុត្តិធម៌ក្នុងប្រទេស

តុលាការកំពូល ដែលជាស្ថាប័នយុត្តិធម៌ ចុងក្រោយបង្អស់ នៅក្នុងប្រទេសវេណេស៊ុយអេឡា ជាស្ថាប័នស្ថិតក្រោមការបញ្ជា ពីនីតិប្រតិបត្តិ។ សមាជិករបស់តុលាការកំពូល សុទ្ធតែត្រូវបានតែងតាំងឡើង ដោយសមាជិកសភាសម្លេងភាគច្រើន ក្នុងអាណត្តិមុន ដែលស្និតនឹងអតីតប្រធានាធិបតី លោក ហ៊ុយហ្គោ ឆាវេស (Hugo Chavez – ជាអតីតមេធំ របស់លោក នីកូឡា ម៉ាឌូរ៉ូ)។

តាំងពីឆ្នាំ២០១៦មក តុលាការកំពូលបានលុបចោល ការសម្រេច ឬច្បាប់ជាច្រើន អនុម័តដោយរដ្ឋសភា ដែលមានសម្លេងភាគច្រើន ចេញពីគណបក្សប្រឆាំង។ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក ស្ថាប័នយុត្តិធម៌ធំបំផុតនេះ បានប្រកាសគាំទ្រជាថ្មី លោក ម៉ាឌូរ៉ូ។

– សភាធម្មនុញ្ញ

សភាធម្មនុញ្ញនេះ មិនមែនកើតចេញ ពីការបោះឆ្នោតទេ តែកើតចេញពីការតែងតាំង ដោយលោក នីកូឡា ម៉ាឌូរ៉ូ ខ្លួនលោកផ្ទាល់ បន្ទាប់ពីបាតុកម្មជាប់គ្នា អស់រយៈពេល៤ខែ ក្នុងឆ្នាំ២០១៧ ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ ១២៥នាក់។ សមាជិកក្នុងសភាធម្មនុញ្ញ សុទ្ធសឹងជាមនុស្សជំនិត របស់របបដឹកនាំលោក ម៉ាឌូរ៉ូ ហើយត្រូវបានបង្កើតឡើង ក្នុងន័យជំនួសតួនាទីរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោត។

– ស្ថាប័នជាតិនៃការបោះឆ្នោត

ក្រុមប្រឹក្សាជាតិ នៃការបោះឆ្នោត ត្រូវបានដឹកនាំដោយលោក «Tibisay Lucena» ដែលជាមនុស្សជំនិតបំផុត របស់អតីតប្រធានាធិបតី ហ៊ុយហ្គោ ឆាវេស។ នៅក្រោមការដឹកនាំរបស់លោក «Tibisay Lucena» គណបក្សប្រឆាំងជាច្រើន ត្រូវបានហាមឃាត់ឲ្យឈរឈ្មោះ។ កាលពីថ្ងៃព្រហស្បត្តិ លោក «Tibisay Lucena» ក៏បានប្រកាសគាំទ្រលោក ម៉ាឌូរ៉ូ ដែរ។

ដោយកង្វះឯករាជ្យ និងភាពទទួលយកបាន ពីសំណាក់ស្ថាប័នជាតិមួយនេះ ទើបគណបក្សប្រឆាំងសំខាន់ៗជាច្រើន បានធ្វើពហិការក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ដែលបានផ្ដល់លទ្ធផលចុងក្រោយ ដែលមិនគួរឲ្យភ្ញាក់ផ្អើល ទៅលោក នីកូឡា ម៉ាឌូរ៉ូ ឲ្យឡើងធ្វើជាប្រធានាធិបតីជាថ្មី។ បើទោះជាយ៉ាងនេះក្ដី ក៏ការបោះឆ្នោត ត្រូវបានគេរកឃើញថា មានការលួចបន្លំជាច្រើនករណី។

រ៉ន់ ហ្គេឌូ ប្រធានាធិបតីស្ដីទី

– ការគាំទ្រពីសហគមន៍អន្តរជាតិ មានការកើនឡើង

សហរដ្ឋអាមេរិក សហភាអ៊ឺរ៉ុប និងប្រទេសជាច្រើន នៅក្នុងតំបន់ (ពិសេសក្នុងទ្វីបអាមេរិកខាងត្បូង) មិនបានទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៨នោះទេ។ កាលពីថ្ងៃពុធ លោក ហ្គេឌូ បានប្រកាសខ្លួន​ជាប្រធានាធិបតីស្តីទី ហើយត្រូវបានទទួលស្គាល់ភ្លាមៗ ដោយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀត នៅក្នុងតំបន់ ក្នុងនោះមានមហាអំណាចតំបន់ ដូចជាប្រទេសប្រេស៊ីល និងកូឡំប៊ីជាដើម។

នៅខណៈពេលសហភាពអ៊ឺរ៉ុប បានប្រកាសនឹងចាត់វិធានការ ប្រសិនជាការបោះឆ្នោត មិនត្រូវបានប្រកាស រៀបចំធ្វើឡើងវិញ ក្នុងថ្ងៃខាងមុខទេនោះ ប្រទេសចំនួន៧ ដែលមានទម្ងន់ធ្ងន់ៗ នៅក្នុងសហភាព បានប្រកាសដាក់ឱសានវាទ ដោយឲ្យរយៈពេល៨ថ្ងៃ ទៅលោក ម៉ាឌូរ៉ូ ឲ្យប្រកាសរៀបចំការបោះឆ្នោតឡើងវិញ ឬបើមិនដូច្នេះទេ ប្រទេសទាំងនេះ នឹងទទួលស្គាល់លោក រ៉ន់ ហ្គេឌូ ជាប្រធានាធិបតីស្របច្បាប់។

ប្រទេសទាំង៧ រួមមានអេស្ប៉ាញ បារាំង អង់គ្លេស អាល្លឺម៉ង់ ព័រទុយហ្គាល់ ប៊ែលហ្សិក និងហូឡង់។

ប្រទេសអ៊ីស្ត្រាអែល បានប្រកាសកាលពីថ្ងៃអាទិត្យ ថាខ្លួននឹងទទួលស្គាល់ «អំណាចដឹកនាំថ្មី» នៅវេណេស៊ុយអេឡា ដែលដឹកនាំដោយលោក រ៉ន់ ហ្គេឌូ។

(ចុចលើទំព័របន្ទាប់ ដើម្បីអានបន្ត)

Page: 1 2 3

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។