ពិភពលោក

អង្គការ«NATO» នឹងមានថវិកា​១០០ពាន់​លានដុល្លារ​បន្ថែមទៀត

ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យសម្ព័ន្ធមិត្តរបស់អាមេរិក បង្កើនថវិកាបដិភាគ សម្រាប់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់តាមភាសាអង់គ្លេស «NATO» និងភាសាបារាំង «OTAN» ពិតជាមានប្រសិទ្ធិភាព។

នេះបើតាមការអះអាង របស់លោក «Jens Stoltenberg» អគ្គលេខារបស់អង្គការប្រដាប់អាវុធ ដ៏ធំមួយនេះ តាមរយៈទូរទស្សន៍ «Fox News» កាលពីថ្ងៃអាទិត្យ។ លោក «Jens Stoltenberg» បានថ្លែងឡើងថា៖

«ពីនេះ រហូតដល់ឆ្នាំខាងមុខ សម្ព័ន្ធមិត្តរបស់អង្គការ ណាតូ នឹងដាក់ថវិកាបន្ថែម រហូតមានចំនួនប្រមាណជា ១០០ពាន់លានដុល្លារទៀត សម្រាប់វិស័យការពារជាតិ។»

«យើងឃើញថា សារដ៏ច្បាស់ៗរបស់ប្រធានាធិបតី ត្រាំ ទទួលបានចម្លើយតមមកវិញ។»

លោក ដូណាល់ ត្រាំ បានថ្លែងជារឿយៗ ទាមទារតម្លើងថវិកាបដិភាគ ពីបណ្ដាសម្ព័ន្ធមិត្តទាំងឡាយ ដែលជាសមាជិកអង្គការ «NATO» ដែលជាបណ្ដុំប្រទេសធំៗ ជុំវិញមហាសមុទ្រអាត្លង់ទិក​ខាងជើង និងបណ្ដាប្រទេសមួយចំនួនទៀត នៅក្នុងទ្វីបអ៊ឺរ៉ុបខាងកើត។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ថ្មីៗ ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក បានថ្លែងទៀតថា៖

«យើងនៅជាមួយអង្គការ “NATO” ១០០% តែដូចខ្ញុំបាននិយាយមុនៗ ទៅកាន់រដ្ឋទាំងនោះហើយ (ដែលជាសមាជិករបស់អង្គការនេះ) ថាអ្នកទាំងអស់ ត្រូវប្ដូរចង្កឹះលេខល្បឿន ហើយត្រូវបង់ប្រាក់។»

បន្ទាប់ពីការប្រកាស របស់អគ្គលេខារបស់អង្គការខាងលើរួច លោក ដូណាល់ ត្រាំ បានត្រឡប់មកសរសើរខ្លួនលោកវិញ ថាដោយសារតែរូបលោក ទើបអង្គការនេះមានថវិកាច្រើនបន្ថែមទៀត ដែលរកបានពីសមាជិករបស់ខ្លួន ហើយដែល«មិនធ្លាប់មានពីមុនមក។ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា៖

«នេះហើយ គេហៅថា ចែករំលែកអម្រែករវាងគ្នា និងជាការរួបរួមគ្នា ខ្លាំងជាងមុន»៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។