កម្ពុជា

កម្ពុជា រួចផុតពី«បញ្ជីប្រផេះ»​នៃស្ថាប័ន​ឃ្លាំមើល​ការលាងលុយ

អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (ហៅ​ជា​ភាសា អង់គ្លេស “Financial Action Task Force – FATF” និងជាភាសាបារាំង “Groupe d’action financière – GAFI”) បានដកប្រទេស កម្ពុជា ចេញពី«បញ្ជីប្រផេះ» នៃការឃ្លាំមើល​ការលាងប្រាក់កខ្វក់ របស់អង្គការអន្តរ-រដ្ឋាភិបាលមួយនេះ។

សេចក្ដីប្រកាសព័ត៌មាន របស់អង្គការ«FATF – GAFI» ចេញផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអះអាងថា កម្ពុជា និងម៉ារ៉ុក ជាប្រទេសពីរ ដែលបានរួចផុតពី«បញ្ជីប្រផេះ» នៃនីតិវិធីឃ្លាំមើលយ៉ាងដិតដល់ ចំពោះចរន្ដនៃការលាងលុយកខ្វក់ នៅក្នុងពិភពលោក។ ការរួចផុតពីបញ្ជី ដែលមានពណ៏មិនសូវល្អមួយនេះ ធ្វើឡើងក្រោមហេតុផលថា ប្រទេសទាំងពីរបានធ្វើឲ្យប្រសើរឡើង នូវផែនការសកម្មភាពរបស់ខ្លួន ចំពោះការប្រយុទ្ធប្រឆាំងនឹងការលាងលុយ។

អង្គការខាងលើបានសរសេរថា៖

«កម្ពុជា និងម៉ារុក បានដោះស្រាយនូវកង្វះខាតបច្ចេកទេសរបស់ខ្លួន ដើម្បីឆ្លើយតប​តាមការប្តេជ្ញាចិត្ត ​នៃផែនការសកម្មភាពរបស់ខ្លួន លើចំណុចខ្វះខាតជាយុទ្ធសាស្រ្តទាំងឡាយ ដែលអង្គការ FATF បានកំណត់ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ និងឆ្នាំ២០២១។»

«ប្រទេសទាំងពីរលែងជាកម្មវត្ថុ នៃដំណើរការត្រួតពិនិត្យយ៉ាងដិតដល់ របស់អង្គការ FATF ទៀតហើយ ប៉ុន្តែប្រទេសទាំងពីរ ត្រូវបន្តធ្វើការ​ជាមួយស្ថាប័ន«FSRB» (ស្ថាប័នប្រចាំតំបន់ របស់អង្គការ FATF) ដែលពួកគេជាសមាជិក ដើម្បីពង្រឹងការប្រឆាំង ការលាងលុយកខ្វក់ (AML/CFT) របស់ពួកគេ។»

កាលពីខែកុម្ភៈ ឆ្នាំ២០១៩ អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ ដែលជាស្ថាប័នអន្តរ​-រដ្ឋាភិបាល មានទីស្នាក់ការកណ្ដាល ក្នុង​រដ្ឋធានីប៉ារីស ប្រទេសបារាំង បានដាក់ប្រទេសកម្ពុជា ទៅក្នុងបញ្ជីប្រផេះ ដែលមានលក្ខណៈជាការប្រកាសសញ្ញាមួយ ទៅដល់ប្រទេសចំនួន១២ ដែលជាប់ឈ្មោះនៅក្នុង​បញ្ជី ថាពួកគេអាចធ្លាក់ចូល ទៅក្នុង«បញ្ជីខ្មៅ» ឬទណ្ឌកម្មផ្នែក​ហិរញ្ញវត្ថុ ប្រសិនណា​ជាប្រទេសទាំងនោះ មិន​ដោះស្រាយ​បញ្ហា ដែលស្ថាប័នពិភពលោកមួយនេះ ទទូច​ឲ្យធ្វើទេ​នោះ។

ក្នុងរបាយការណ៍ ចេញផ្សាយក្នុងខែតុលា ឆ្នាំ២០២២ អង្គការ«FATF – GAFI» បានអះអាងថា កម្ពុជាបាន​ធ្វើការប្តេជ្ញាចិត្ត​នយោបាយកម្រិតខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង​នឹងចរន្ដលាងលុយកខ្វក់ និងប្រកាសធ្វើការយ៉ាងជិតដិត ជាមួយស្ថាប័នអន្តរជាតិខាងលើ ក្នុងនោះ មានការស្នើឲ្យមានដំណើរទស្សនកិច្ច នៅនឹងកន្លែង ដើម្បីផ្ទៀងផ្ទាត់ អំពីកំណែទម្រង់នោះ។

ពីចំណោមកំណែទម្រង់ដ៏សំខាន់នោះ កម្ពុជាបានបង្កើតច្បាប់ប្រឆាំងការលាងលុយកខ្វក់ ការបណ្ដុះបណ្ដាលដល់ព្រះរាជអាជ្ញា និងចៅក្រម ការត្រួតពិនិត្យ និងវិធានការបង្ការ និងផ្សព្វផ្សាយដល់វិស័យកាស៊ីណូ អចលនទ្រព្យ និងការទូទាត់សាច់ប្រាក់ នៅតាមធនាគារនានា ជាពិសេស​បង្កើនប្រសិទ្ធភាព ក្នុងការរឹបអូសទ្រព្យសម្បត្តិ និងការអនុវត្តទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។