ពិភពលោក

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។

ទីភ្នាក់ងារសន្ដិសុខអ៊ុយក្រែន បានអះអាងក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ខ្លួនថា ទាហានអ៊ុយក្រែន​ដែលមានជក់បារី​នៅនឹងមាត់ ត្រូវបានស្គាល់ឈ្មោះ «Oleksandre Igorovitch Matsievskiï» និងជាយុទ្ធជនមួយរូប មានជំនាញបាញ់កាំភ្លើងពីចម្ងាយ នៅក្នុងវរសេនាលេខ១៦៣ នៃកងពលលេខ១១៩ ដែលប្រចាំក្នុងតំបន់ «Tchernihiv»។

នៅក្នុងវីដេអូមួយ ដែលមានរយៈពេល១២វិនាទី និងដែលត្រូវបានបង្ហោះចែកចាយ នៅលើបណ្ដាញសង្គម គេឃើញបុរសម្នាក់ស្លៀកពាក់ជាទាហានអ៊ុយក្រែន មានបារីជក់នៅជាប់មាត់ តែគ្មានកាំភ្លើងកាន់នៅដៃ ត្រូវបានកងទ័ពរ៉ុស្ស៊ី បាញ់រះជាច្រើនគ្រាប់ សម្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបុរសរូបនោះ​ស្រែកថា «ដើម្បីភាពរុងរឿងរបស់អ៊ុយក្រែន (Glory to Ukraine)»។

ដំបូងឡើយ ប្រភពផ្លូវការរបស់កងទ័ពអ៊ុយក្រែន បានច្រឡំបុរសម្នាក់នេះ ទៅនឹងទាហានម្នាក់ផ្សេង ដែលបានបាត់ខ្លួន តាំងពីដើមខែកុម្ភៈ។ ប៉ុន្តែទីភ្នាក់ងារសន្តិសុខ​«SBU» បានពន្យល់ថា ការបញ្ជាក់ពីអត្តសញ្ញាណ របស់ទាហានខាងលើ ធ្វើឡើងក្រោមការស៊ើបអង្កេត យ៉ាងហ្មត់ចត់ ដោយមានការអះអាង ពីក្រុមគ្រួសាររបស់សពយុទ្ធជនផង និងពីលទ្ធផលនៃការធ្វើកោសល្យវិច្ច័យផង។

ផ្ទុយទៅវិញ ក្រុងម៉ូស្គូបានបដិសេធវីដេអូខាងលើ ដោយអះអាងថា វាជាការប្រឌិតឡើង​សុទ្ធសាធ របស់ប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យ​ឧត្ដមស្នងការរបស់អង្គការសហប្រជាជាតិ ត្រូវបានស្រង់សម្ដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» កាលពីថ្ងៃពុធថា វីដេអូខាងលើ ហាក់មិនមែនជា«ការប្រឌិត»ទេ។ បើតាមអ្នកនាំពាក្យដដែល ការ​វិភាគ​បឋម​ទៅ​លើ​វីដេអូ​​បាន​បញ្ជាក់​ថា ទាហាន​អ៊ុយក្រែនរូបនេះ ​ហាក់​មិន​ស្ថិត​ក្នុង​ស្ថានភាព​ប្រយុទ្ធ​ និងបើតាមច្បាប់អន្តរជាតិ បានក្លាយជា«អ្នកទោសសង្គ្រាម»។

ថ្លែងទៅកាន់ប្រជាជាតិ ជាលក្ខណៈប្រចាំថ្ងៃ លោក«Volodymyr Zelensky» បានលើកពីវីរភាព របស់ទាហានខាងលើ និងបញ្ជាក់ថា ប្រទេសអ៊ុយក្រែន នឹងចងចាំវីរភាព ជារៀងរហូតតទៅ។ លោកថា៖

«ថ្ងៃនេះខ្ញុំសូមផ្ដល់ងារជាវីរៈបុរសនៃអ៊ុយក្រែនដល់ “Oleksandr Matsievskiï” ដល់ទាហានម្នាក់ ដល់មនុស្សម្នាក់ ដែលប្រជាជនអ៊ុយក្រែនទាំងអស់​បានស្គាល់យ៉ាងច្បាស់។ ផ្ដល់ងារជា”វីរបុរសជាតិ” ជូនចំពោះមនុស្សម្នាក់នេះ ដែលនឹងត្រូវបានចងចាំ ជារៀងរហូត។»

នាយកទីភ្នាក់ងារ​«SBU» លោក«Vasyl Malyouk» ត្រូវបានស្រង់សម្ដី យកមកផ្សាយ នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើថា៖

«ជាវីរបុរសដ៏ពិតៗមួយរូប ដែលបើទោះជាដឹងថា ត្រូវប្រឈមនឹងសេចក្ដីស្លាប់ក្ដី ក៏នៅតែបានបង្ហាញប្រាប់ពិភពលោកទាំងមូលថា នេះហើយ ជាភាពមោះមុត និងភាពមិនចុះចាញ់ របស់ប្រជាជនអ៊ុយក្រែន៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។