កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។

ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត របស់អង្គការពិភពលោកខាងលើ បានអះអាងនៅក្នុងសេចក្ដីវិនិច្ឆ័យរបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃពុធ ចាត់ទុកការផ្ដន្ទាទោស ដាក់ពន្ធនាគារ ទៅលើអ្នកស្រី សេង ធារី ថាបានធ្វើឡើងដោយមិនសមហេតុផល និងដោយសារតែអ្នកស្រី បានបង្ហោះសារ​ដែលមាននិន្នាការ​មិនស្រប នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអង្គុយនៅក្នុងអំណាច តាំងពីជិត៤០ឆ្នាំនៅកម្ពុជា។

សេចក្ដីវិនិច្ឆ័យបានបន្ថែមថា ការឃុំខ្លួនស្ត្រីអ្នកច្បាប់ខាងលើ ជា«ការរំលោភធ្ងន់ធ្ងរ» ទៅលើច្បាប់ជាតិ និងអន្តរជាតិ។

អ្នកស្រី សេង ធារី កំពុងរងការជាប់ឃុំ រយៈពេល៦ឆ្នាំ ដោយអំណាចសាលក្រមតុលាការ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងមក ពីបទ«រួមគំនិតក្បត់» ជុំវិញការបង្ហោះសាររបស់អ្នកស្រី នៅលើបណ្ដាញសង្កម ស្វាគមន៍ការវិញត្រឡប់​​របស់មេដឹកនាំប្រឆាំង លោក សម រង្សី ចូលក្នុងប្រទេសកម្ពុជាវិញ។

កាលពីថ្ងៃទី៥ ខែមិថុនា បុរសខ្លាំងនៅកម្ពុជា បានថ្លែងនៅចំពោះកម្មករកម្មការិនីរោងចក្រកាត់ដេរ បដិសេធការលើកលែងទោស ឲ្យអ្នកស្រី សេង ធារី។ លោក ហ៊ុន សែន ថែមទាំងបញ្ជាទៅក្រសួងយុត្តិធម៌ កុំលើកយកករណីរបស់ស្ត្រីអ្នកច្បាប់ ដាក់ចូលក្នុងបញ្ជីអ្នកទោស ដែលត្រូវសុំលើកលែងទោស ឬសុំការបន្ថយទោសនោះផងទៀត៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។