ទស្សនៈប្រិយមិត្ត

អតីត​មន្ត្រីហ្វីលីពីន​ហៅ ហ៊ុន សែន ជា​«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»

«Cambodia’s One-Eyed StrongMan» ឬ«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា» ជាចំណងជើង​នៃអត្ថបទមួយ ដែល​ពណ៌នា​យ៉ាងច្រើន ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា និងដែលចេញផ្សាយ ដោយ​សារព័ត៌មាន​ដ៏ធំមួយ របស់ប្រទេស​ហ្វីលីពីន ឈ្មោះ«The Philippine Daily Inquirer»។ ម្ចាស់អត្ថបទ ដែលគេ​ស្គាល់ថា ជាអតីតមន្ត្រីជាន់ខ្ពស់ហ្វីលីពីនម្នាក់ បានសរសេររំលឹកឡើងវិញ ពីប្រវត្តិរបស់«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា» រួមនឹងព្រឹត្តិការណ៍មួយចំនួន នៅក្នុងនយោបាយកម្ពុជា។

«នៅថ្ងៃនេះ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជា​បានទាំងស្រុង។ លោកត្រូវបានគេជឿថា បានធ្វើឲ្យសេដ្ឋកិច្ច​កម្ពុជា មានការរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែទំនងជាធ្វើឡើង ដោយមិនខ្វល់ពីសេរីភាព សិទ្ធិ និងច្បាប់ទម្លាប់​ជាច្រើន។ (…) ហើយលោក ហ៊ុន សែន ទំនងជានៅអង្គុយក្នុងតំណែង ជាបន្តទៅទៀត បន្ទាប់ពី​ការបោះឆ្នោត​ជាតិ លើកក្រោយ។»

ឃ្លាខាងលើ ជាការដកស្រង់​ចេញពី​អត្ថបទមួយ​របស់សារព័ត៌មានដ៏ធំឈ្មោះ «The Philippine Daily Inquirer» ផ្សាយ​ចេញជាភាសាអង់គ្លេស របស់ប្រទេសហ្វីលីពីន ដែលឧទ្ទិសទាំងស្រុង​ជូននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែល​សារព័ត៌មានបានហៅ នៅត្រង់ចំណងជើងធំៗថា «Cambodia’s one-eyed strongman» ឬបកប្រែ​ជាខេមរភាសា «បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»។

អត្ថបទដែលសរសេរឡើង ដោយអ្នកនិពន្ធឈ្មោះ «Ramon Farolan» អតីតមន្ត្រីជាន់ខ្ពស់​ហ្វីលីពីន​មួយរូប និង​ដែល​ចេញផ្សាយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកានេះ បានរំលឹកឡើងវិញ ពីប្រវត្តិរបស់លោក ហ៊ុន សែន រាប់ចាប់តាំង​ពីការចេញ​ប្រយុទ្ធដំបូង ជាមួយក្រុមខ្មែរក្រហម រហូតដល់បានឡើងកាន់អំណាច ជានាយករដ្ឋមន្ត្រី នៅក្នុងឆ្នាំ១៩៨៥ របស់​រដ្ឋាភិបាល​មួយ ដែលលើកបន្តុបដោយក្រុង ហាណូយ។

អត្ថបទបានសរសេរថា៖

«តាំងពីនៅក្មេងវ័យ លោក ហ៊ុន សែន បានឈប់រៀនដើម្បីចូលប្រយុទ្ធ ជាមួយក្រុមខ្មែរក្រហម រហូតឡើងស័ក្ដិ​ធ្វើជា​មេបញ្ជាការ នៃកងវរសេនាតូចមួយ។ នៅក្នុងចម្បាំង ដើម្បីវាយចូលរាជធានីភ្នំពេញ កាលពីឆ្នាំ១៩៧៥ លោក ហ៊ុន សែន បានបាត់បង់ភ្នែកឆ្វេងមួយ​របស់លោក។ បន្ទាប់មក លោកបានចាកចេញ​ពីជួរខ្មែរក្រហម (…) ហើយបាន​រត់គេច​ខ្លួន ចូលទៅកាន់ប្រទេសវៀតណាម។»។

បន្ទាប់ពីបានត្រឡប់ចូលកម្ពុជាវិញ ជាមួយនឹងកងទ័ពវៀតណាម ដែលបានចូលឈ្លានពានកម្ពុជា ក្រោម​លេស «រំដោះ​ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍»នោះ លោក ហ៊ុន សែន បានក្លាយជា«នាយករដ្ឋមន្ត្រី ក្នុងអាយុ៣៥ឆ្នាំ នាឆ្នាំ១៩៨៥ នៃរដ្ឋាភិបាលមួយ ដែលលើកបន្តុបដោយ​វៀតណាម ហើយបានអង្គុយនៅក្នុងតំណែងនេះ រហូតមកដល់​ថ្ងៃនេះ»។

លោក «Ramon Farolan» បានសរសេររៀបរាប់ ពីវិធីសាស្ត្រនយោបាយ របស់លោក ហ៊ុន សែន ក្នុងការបំបាត់​សម្លេងប្រឆាំង និងបំបាក់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឲ្យលោក បាននៅកាន់អំណាច​បន្តទៅ​ទៀត។ អត្ថបទបានសរសេរថា៖

«កាលពីសប្ដាហ៍មុន តុលាការកំពូលកម្ពុជា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ខណៈលោក កឹម សុខា ប្រធាន​គណបក្សនេះ ត្រូវបានចាប់ខ្លួន ពីបទឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភីបាល។ សមាជិក​បក្សប្រឆាំង មិនតិចជាង ១១៨នាក់ទៀត ក៏ត្រូវបានហាមឃាត់​ក្នុងជីវិតនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ។»។

អត្ថបទសារព័ត៌មាន នៅបានប្រៀបធៀបការស្វាគមន៍ របស់លោក ហ៊ុន សែន ក្នុងការជំរុញ ឲ្យសហរដ្ឋអាមេរិក​ផ្ដាច់​ជំនួយ​ពីកម្ពុជា ទៅនឹងសំដីរបស់លោក ស៊ូការណូ (Sukarno) អតីត​ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានថ្លែងក្នុងពេល​បុរស​ម្នាក់នេះ នៅកាន់អំណាច (១៩៤៥-១៩៦៧) ថា៖ «ទៅចុះនរក ជាមួយជំនួយរបស់អ្នកឯងទៅ !»។

«ថ្ងៃនេះ ខុសពីថ្ងៃមុន…»

អ្នកនិពន្ធអត្ថបទ បានអះអាងថា លោកធ្លាប់បានជួបបណ្ដាមេដឹកនាំខ្មែរជាច្រើន កាលពីអតីតកាល ជាពិសេស​ក្នុង​អំឡុង​ពេល នៃពិធីជប់លៀងមួយ «informal cocktail party» រៀបចំឡើងដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី របស់​ប្រធានាធិបតី ស៊ូហារតូ (Suharto)។

ក្រៅពីគណៈប្រតិភូ របស់សមាគមប្រជាជាតិអាស៊ាន ភ្ញៀវចូលរួមក្នុងពិធីជប់លៀងនេះ គឺជាតំណាង​នៃភាគី​នយោបាយ​ទាំង៤ ដែលកំពុងប្រយុទ្ធគ្នានៅកម្ពុជា៖ សម្ដេចព្រះ នរោត្ដម សីហនុ – ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ – លោក ខៀវ សំផន – លោក សឺន សាន និងលោក ហ៊ុន សែន។

លោកបានសរសេរបញ្ជាក់ថា៖

«កាលពីពេលនោះ ប្រទេសហ្វីលីពីន មិនបានទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន ទេ ដោយចាត់ទុក​រដ្ឋាភិបាល​មួយនេះ ជាអាយ៉ងរបស់បនវៀតណាមឈ្លានពាន ហើយទំនាក់ទំនង​រវាងរដ្ឋាភិបាល​នៃប្រទេសទាំងពីរ មានក្នុងកម្រិត​ដ៏តិចតួច និងមានលក្ខណៈចុងដៃចុងជើង។ ប៉ុន្តែខណៈនោះ លោក ហ៊ុន សែន បានស្នើសុំជួប​ជា​លក្ខណៈឯកជនមួយ ជាមួយប្រមុខប្រតិភូ នៃរដ្ឋាភិបាលហ្វីលីពីន លោក “Raul Manglapus” ដែលកាលនោះ ជារដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន។»។

អតីតមន្ត្រីជាន់ខ្ពស់ហ្វីលីពីន (អ្នកនិពន្ធអត្ថបទ) បានពណ៌នានៅក្នុងជំនួបនោះថា៖ «បុរស (លោក ហ៊ុន សែន) ដែលយើងបានជួបនោះ បានក្លាយទៅជាបុគ្គលដ៏សំខាន់មួយ ដែលស្ងប់ស្ងាត់ និងមិនប្រកានឬកពារ ដែលឆ្លុះបញ្ចាំង​ពីប្រភពដើមកំណើតរបស់គាត់ ជាកូនចៅនៅស្រុកស្រែចំការ។ លោក ហ៊ុន សែន ផ្ទុយគ្នាទាំងស្រុង ពីព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។ ដូចបានរៀបរាប់ខាងលើរួច គាត់បានបាត់បង់ ភ្នែកឆ្វេងរបស់គាត់ ហើយបានពាក់កញ្ចក់ភ្នែក​ដ៏ក្រាស់ ដើម្បីបិតបាំងភ្នែកដែលខូចនេះ។»

«ជាមួយនឹងបារី​នៅនឹងដៃ លោក ហ៊ុន សែន បាននិយាយជាភាសាខ្មែរ តាមរយៈអ្នកបកប្រែ ដោយបង្ហាញពី​បំណង​ប្រាថ្នាថា នៅថ្ងៃមួយប្រទេស​ហ្វីលីពីន និង​កម្ពុជា នឹងមានទំនាក់ទំនងស្និទ្ធស្នាល និងកក់ក្តៅ ដូចកាលពីមុន។ លោក ហ៊ុន សែន បានព្យាយាមពន្យល់ ពីវត្តមានរបស់វៀតណាម នៅក្នុង​ប្រទេសរបស់លោក ដោយនិយាយ​ថា វាគ្រាន់តែ​ជាជំនួយ ដែលកម្ពុជាត្រូវការ ដើម្បីអាចបំបាត់ក្រុមប៉ុលពតប៉ុណ្ណោះ។»

«វាគឺជាកិច្ចប្រជុំមួយ ដែលទទួលបានការយល់ដឹង​កាន់តែច្រើន តែមិនមានកិច្ចព្រមព្រៀង ឬការសន្យា​ណាមួយទេ។ ជំនួបដែលមានរយៈពេល ប្រមាណជាពីរបីនាទី បានបញ្ចប់ភ្លាមៗ ហើយយើងទាំងអស់គ្នា ក៏បានក្រោកឈរ និង​និយាយ​លាគ្នា មុននឹងចាកចេញ ពីបន្ទប់សណ្ឋាគារ (ដែលលោក ហ៊ុន សែន ស្នាក់នៅ)។»។

ប៉ុន្តែនៅថ្ងៃនេះ ខុសពីថ្ងៃនោះ។ លោក «Ramon Farolan» បានសរសេរលើកឡើងថា៖ «បន្ទាប់ពីការលាចុះ​ពីតំណែង​របស់លោក រ៉ូប៊ែរ មូហ្គាបេ (Robert Mugabe) ប្រធានាធិបតីនៃប្រទេសហ្សីមបាវេ កាលពីសប្ដាហ៍មុនរួច នៅ​ពេលនេះ លោក ហ៊ុន សែន បានក្លាយជាមេដឹកនាំ​ដែលអង្គុយ​នៅក្នុងតំណែង បានយូរជាងគេ​បង្អស់​​នៅលើពិភពលោក»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។