– ខ្ញុំបានតាមដានពួកគេ ហើយខ្ញុំបានស្គាល់ថា ពីរនាក់ពីក្នុងចំណោមនោះ ជាអង្គរក្សរបស់លោក ហ៊ុន សែន។ ក្រោយមក ខ្ញុំបាននិយាយ ពីការមើលឃើញរបស់ខ្ញុំ ប្រាប់ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដែលជាមេបញ្ជាការកងកម្លាំងនេះ។ លោកបានប្រាប់ខ្ញុំ ឲ្យនៅស្ងៀម និងកុំនិយាយប្រាប់នរណាទាំងអស់។
តែខ្ញុំបានផ្ទុះកំហឹងឡើង និងបន្ទាប់មក បាននិយាយរឿងនេះជាបន្ត ប្រាប់ទៅលោក ហុក ឡងឌី។ លោក ហុក ឡងឌី ក៏មានប្រតិកម្មដូចលោក ហ៊ុយ ពិសិដ្ឋ ដែរ។
នៅឆ្នាំ២០០៣ ជនម្នាក់ពីក្នុងចំណោមមនុស្ស ដែលខ្ញុំបានកំណត់អត្តសញ្ញាណ នៅនឹងកន្លែងនោះ បានសារភាពប្រាប់ខ្ញុំថា ខ្លួនគេពិតជាអ្នកបោកគ្រាប់បែក។ ជននោះ បាននិយាយប្រាប់ខ្ញុំថា៖ «ខ្ញុំស្ដាប់តាមបញ្ជារបស់លោក ហ៊ុន សែន»។ ខ្ញុំមានខ្សែអាត់សម្លេង ពីការសារភាពរបស់ជននេះ។
– នៅមុនព្រឹត្តិការណ៍នេះ ក្នុងខែកក្កដា (ឆ្នាំ១៩៩៧) កញ្ឆាចំនួន៧តោន ត្រូវបានរឹបអូសនៅកំពង់ផែក្រុងព្រះសីហនុ។ ការិយាល័យប្រឆាំងគ្រឿងញៀន ដែលខ្ញុំបានដឹកនាំ (នៅពេលនោះ) បានរកឃើញក្បួនរថយន្ដ ដឹកកញ្ឆាទាំងនេះ មានចំនួនពីរកុងតឺន័រ (Container) សម្រាប់ទិសដៅ ឆ្ពោះទៅកាន់ប្រទេសណ័រវេស។ ក្បួនរថយន្ដទាំងនោះ ជារបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី ដែលជាក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់ ស្និតនឹងនាយករដ្ឋមន្ត្រី។ លោក ហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃមកពីគណបក្សរាជានិយម បានទាមទារឲ្យធ្វើការចាប់ខ្លួន ម៉ុង ឬទ្ធី។
នៅពេលនោះ លោក ហ៊ុន សែន បានបាត់ភាពម្ចាស់ការ លើខ្លួនឯងអស់ហើយ។ នៅហៀបពេលដែលខ្ញុំ ត្រូវចេញទៅចូលរួមក្នុងសិក្ខាសាលាមួយ ស្ដីពីការប្រយុទ្ធប្រឆាំង ចរាចរណ៍គ្រឿងញៀន នៅប្រទេសកាណាដា លោកនាយករដ្ឋមន្ត្រី បានហៅខ្ញុំទៅសួរ៖ «តើពៅឯង ដឹងឬទេ ថានរណាជាអ្នកនៅពីក្រោយ ការជួញដូរនេះ?» ខ្ញុំបានឆ្លើយទៅវិញថា៖ «គឺ ម៉ុង ឬទ្ធី និងមនុស្សសំខាន់ៗប៉ុន្មាននាក់ទៀត នៅជុំវិញសម្ដេច»។
អ្នកទាំងនោះ មានលោក ហុក ឡងឌី លោកឧត្តមសេនីយ៍ សៅ សុខា ដែលពេលនោះ ជានាយរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឬក៏លោកឧត្តមសេនីយ៍ ដុំ ហាក់ ដែលជាមេទ័ពម្នាក់ នៃកងទ័ពជើងគោកកម្ពុជា។
– លោកបានប្រាប់ឲ្យខ្ញុំ ផ្អាកដំណើរទៅកាន់ប្រទេសកាណាដា និងត្រូវនៅក្នុងប្រទេស ដើម្បីរៀបចំសន្និសីទសារព័ត៌មានមួយ សំដៅលាងសម្អាត ម៉ុង ឬទ្ធី។ បញ្ជារបស់លោក ហ៊ុន សែន បានបង្គាប់ឲ្យផ្លាស់ប្ដូរឯកសារទាំងអស់ ដើម្បីឈានទៅធ្វើការចោទប្រកាន់ លើមន្ត្រីរាជអាវុធហត្ថមួយរូប មកពីគណបក្សរាជានិយម គឺលោក ចៅ សុខុន ដែលត្រូវបានឃាត់ខ្លួន និងយកទៅដាក់ឃុំនៅពេលបន្តិចក្រោយ។
លោក ចៅ សុខុន ម្នាក់នេះ ត្រូវបានដោះលែងនៅពីរឆ្នាំបន្ទាប់មក (Editor’s Note៖ ដោយមានព្រះរាជសារលើកលែងទោស ពីព្រះមហាក្សត្រ) ដោយទទួលបានប្រាក់ទ្រនាប់ដៃយ៉ាងក្រាស់ក្រែល។ គឺលោក ហ៊ុន សែន នេះហើយ ដែលបានទម្លាក់កំហុសទៅលើក្រុមរាជានិយម។ តែលោក ហូ សុខ បានដឹងថា គឺលោក ម៉ុង ឬទ្ធី ជាអ្នកប្រព្រឹត្តិ។
– ពិតប្រាកដហើយ។ ទង្វើនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋប្រហារបានសម្រេច ដែលលោក ហ៊ុន សែន បានរៀបចំឡើង ដោយមានជំនួយពីលោក ហុក ឡងឌី ពីឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ – សៅ សុខា និងពីក្មួយថ្លៃរបស់លោក គឺលោក នេត សាវឿន ដែលនៅពេលនោះ បានដឹកនាំកងកម្លាំងនគរបាលរាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនៃរដ្ឋប្រហារនោះ លោកនាយករដ្ឋមន្ត្រីបានរៀបចំគម្រោងចេញទៅកាន់ប្រទេសវៀតណាម ប៉ុន្តែលោកបានទាក់ទងជាប្រចាំ តាមទូរស័ព្ទផ្កាយរណបជាមួយនឹងលោក ហុក ឡងឌី ដែលលោកបានតែងតាំង ឲ្យដឹកនាំការធ្វើរដ្ឋប្រហារ។
បន្ទាប់ពីបញ្ជូនខ្លួន ចេញពីស្ថានទូតស៊ាំងហ្គាពួរ (Editor’s Note៖ ស្ថានទូតបរទេស ដែលលោក ហូ សុខ ស្វែងរកការជ្រកកោនផ្នែកនយោបាយ ក្នុងពេល និងបន្ទាប់ពីរដ្ឋប្រហារ) លោក ហូ សុខ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅក្នុងបន្ទប់មួយក្នុងក្រសួងមហាផ្ទៃ។
លោក ហុក ឡងឌី បានស្នើឲ្យខ្ញុំទៅមើលលោក ហូ សុខ។ តែនៅនឹងកន្លែង ខ្ញុំបានឃើញកងអង្គរក្សចំនួន៦នាក់ របស់នាយនគរបាលជាតិ (លោក ហុង ឡងឌី) បានមកដល់ទីនោះមុនខ្ញុំរួចហើយ។ ពួកគេបានបាញ់សម្លាប់លោក ហូ សុខ នៅចំពោះមុខខ្ញុំ។ ម្នាក់ពីក្នុងចំណោមនោះដែលខ្ញុំស្គាល់ច្បាស់ បានបាញ់ស្រោចទៅលើលោក ហូ សុខ រហូតទាល់តែអស់គ្រាប់ពីបង់កាំភ្លើងធុន«AK 47»របស់ខ្លួន។
ខ្ញុំបានសួរពួកគេថា៖ «ហេតុអ្វី ក៏សម្លាប់គាត់?» ពួកគេបានឆ្លើយថា៖ «ខ្ញុំមិនដឹងទេ, លោក ហុក ឡងឌី បានបញ្ជាឲ្យបាញ់សម្លាប់។ ចង់ដឹងពីអ្វីដែលខ្ញុំធ្វើ ទៅសួរគាត់ (លោក ហុក ឡងឌី) ទៅ។» ម្នាក់ផ្សេង បានឆ្លើយបន្ថែមថា៖ «វាត្រូវតែធ្វើអញ្ចឹង ព្រោះលោក ហូ សុខ អាចនឹងបង្កើតឲ្យមានបញ្ហា»។
រឿងដ៏សំខាន់មួយទៀត របស់នាយនគរបាលជាតិ ដែលខ្ញុំចង់និយាយដែរ គឺនៅពេលដែលខ្ញុំប្រមូលបានរថយន្ដមួយគ្រឿង របស់មន្ត្រីរាជានិយមម្នាក់ ដែលបានគេចខ្លួនបាត់នោះ លោក ហុក ឡងឌី ចង់យករថយន្ដនោះ ធ្វើជាអំណោយឲ្យទៅជនម្នាក់ ដែលបានអនុវត្តបញ្ជា ក្នុងការសម្លាប់លោក ហូ សុខ បានច្បាស់លាស់ជាងគេ។
នៅពេលលោក ហ៊ុន សែន បានបង្គាប់ឲ្យខ្ញុំផ្លាស់ប្ដូរឯកសារទាំងអស់ ដែលទាក់ទងនឹងការរិបអូសកញ្ឆា លោកបានអះអាងប្រាប់ខ្ញុំថា ឧកញ៉ា ម៉ុង ឬទ្ធី នឹងធ្វើអំណោយឲ្យខ្ញុំ នូវរថយន្ដ«Toyota Land Cruiser»ដ៏ទំនើបមួយគ្រឿង។ រីឯស្ថាប័នរបស់ខ្ញុំវិញ ក៏នឹងទទួលបាន រថយន្ដ«Hilux»ជជុះមួយគ្រឿងដែរ។ អ្នកដែលទទួលអនុវត្ត នូវអំពើបាញ់បោះឬឧក្រិដ្ឋកម្ម សុទ្ធតែជាសមាជិករបស់ប្រព័ន្ធគ្រប់គ្រង។ ហើយដើម្បីទិញទឹកចិត្ត និងបំបាត់មាត់ គេបានផ្ដល់អំណោយ ជាប្រាក់ឬជារថយន្ដ។