– ខ្ញុំត្រូវបានតែងតាំង ឲ្យទទួលបន្ទុកក្នុងការស៊ើបអង្កេត ក្នុងនាមជានាយរងនគរបាលព្រហ្មទណ្ឌ។ ខ្ញុំបានដឹងថា ដំបូងឡើយ នាង ពិសិដ្ឋ ពិលីកា មានទំនាក់ទំនង ជាមួយលោក ហុក ឡងឌី ដែលក្រោយមក លោកនាយនគរបាលជាតិរូបនេះ បាននាំនាងទៅឲ្យលោក ហ៊ុន សែន។
តែអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់នាយករដ្ឋមន្ត្រី បានដឹងពីទំនាក់ទំនងរវាងស្វាមីខ្លួន និងតារាភាពយន្ដ។ គាត់ (អ្នកស្រី ប៊ុន រ៉ានី) បានខឹងលោក ហុក ឡងឌី ថាបានដើរតួ ជាអ្នកដឹកញ៉ីបន្ស៊ីឈ្មោល។ ហើយលោក ហុក ឡងឌី ក៏បានទៅជួបអ្នកស្រី ប៊ុន រ៉ាឌី ដើម្បីរំងាប់រឿងនេះដោយបញ្ជាក់ថា គ្រាន់តែជា«ការដោះកូយ»មួយភ្លែតប៉ុណ្ណោះ។
តែតាមរយៈការស៊ើបអង្កេតរបស់ខ្ញុំ ខ្ញុំបានដឹងថាគាត់ (លោក ហុក ឡងឌី) ថែមទាំងបានសន្យាថា នឹងបំបែកនាង ពិសិដ្ឋ ពិលីកា ពីលោក ហ៊ុន សែន នោះផង។ អ្នកដែលបានបាញ់សម្លាប់អតីតតារាភាពយន្ដនោះ ជាមនុស្សតែមួយ ដែលបានបាញ់សម្លាប់ លោក ហូ សុខ។ ខ្ញុំផ្ទាល់ ជាអ្នកបានសាកសួរជននោះ ហើយខ្ញុំថែមទាំងបានថតសម្លេង ទុកជាភស្ដុតាងយ៉ាងច្បាស់លាស់ទៀត។
– វាចាំបាច់ត្រូវមានការស៊ើបអង្កេតមួយ ដ៏ហ្មត់ចត់ និងប្រកបដោយតម្លាភាព ហើយវាជាអ្វីដែលខ្ញុំបានទាមទារ ខណៈពេលដែលអង្គការការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិ បន្តដាក់សម្ពាធលើអាជ្ញាធរកម្ពុជា។ នៅប៉ុន្មានថ្ងៃក្រោយឃាតកម្ម (ទៅលើលោក ជា វិជ្ជា) ខ្ញុំត្រូវបានហៅឲ្យទៅផ្ទះលោក ហុក ឡងឌី។ ឧត្តមសេនីយ៍ពីរនាក់ទៀត ក៏មានវត្តមាននៅទីនោះដែរ គឺលោក សុខ ផល និងលោក ឆាយ ស៊ីណារិទ្ធ។
ពេលនោះ លោក ហុក ឡងឌី បានប្រកាសប្រាប់ខ្ញុំថា ក្រុមឃាតករត្រូវបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនហើយ តាមរយៈរបាយការណ៍មួយ របស់នគរបាលមកពីខណ្ឌទួលគោក (រាជធានីភ្នំពេញ)… ខ្ញុំយល់ភ្លាមថា ជនសង្ស័យទាំងពីរ ប៊ន សំណាង និង សុខ សំអឿន មិនមានជាប់ពាក់ព័ន្ធអ្វី ជាមួយនឹងអំពើមនុស្សឃាតនេះទេ។
នៅក្នុងពេលកំពុងសួរចម្លើយ លោក ហុក ឡងឌី បានទូរស័ព្ទមកខ្ញុំ ដើម្បីប្រាប់ឲ្យមកយកកាំភ្លើងខ្លីមួយដើមពីផ្ទះរបស់លោក ដែលលោកអះអាងថា ជាកាំភ្លើងដែលត្រូវបានប្រើ ក្នុងការបាញ់សម្លាប់មេដឹកនាំសហជីព។ លោក ហុក ឡងឌី បាននិយាយទៀតថា គឺមន្ត្រីនគរបាលម្នាក់ ដែលស្ថិតក្រោមបញ្ជារបស់ឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ ជាអ្នកនាំកាំភ្លើងនេះមកឲ្យលោក ហើយវាគឺជាកាំភ្លើងរបស់ជនម្នាក់ ពីក្នុងចំណោមជនសង្ស័យទាំងពីរ។
រឿងនេះ បានធ្វើឲ្យខ្ញុំនឹកឃើញពីឃាតកម្មទៅលើតំណាងរាស្ត្រ ឱម រ៉ាសាឌី កាលពីឆ្នាំ២០០៣ នៅតាមដងផ្លូវ ដែលដូចគ្នាបេះបិត នឹងឃាតកម្មទៅលើលោក ជា វិជ្ជា។ ខ្ញុំច្បាស់ក្នុងចិត្តណាស់ ថាឧក្រិដ្ឋកម្មទាំងពីរនេះ ត្រូវបានរៀបចំឡើងដោយជនតែមួយ។ គម្រោងការ និងអាវុធ (ខាងលើ) ដែលយកចេញពីផ្ទះលោក ហុក ឡងឌី មានលក្ខណៈដូចគ្នាសុទ្ធសាធ។
– នៅឆ្នាំ២០០៥ លោក ហុក ឡងឌី បានបញ្ជាឲ្យខ្ញុំសម្លាប់លោក នុត សាអាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានទំនាស់ជាមួយលោក ហុក ឡងឌី ពីរឿងបញ្ហាដីធ្លីរបស់រដ្ឋមួយកន្លែង ដែលនគរបាលខេត្តសៀមរាប ធ្លាប់បានប្រើប្រាស់។ លោក នុត សាអាង បានសម្រេចលក់ដីនោះ ទៅឲ្យអ្នកវិនិយោគទុនខាងសណ្ឋាគារ។ ប៉ុន្តែរឿងនេះ បានធ្វើឲ្យលោក ហុក ឡងឌី ផ្ទុះកំហឹងយ៉ាងខ្លាំង ដោយសារតែលោក នុត សាអាង ដែលមានតួនាទីត្រឹមតែរដ្ឋលេខាធិការ ហ៊ានធ្វើការលក់ដូរដីធ្លីដោយមិនបានសួរលោក ហុក ឡងឌី ជាមុន និងកាត់កងទ្រព្យសម្បត្តិសាធារណៈដូចជាទ្រព្យផ្ទាល់ខ្លួន។
លោក ហុក ឡងឌី ចង់បង្ហាញឲ្យគ្រប់គ្នាដឹងថា គឺមានតែលោកម្នាក់គត់ ដែលមានសិទ្ធិបញ្ជា និងគ្មាននរណាផ្សេងទៀតឡើយ។ ហើយបើហ៊ានបដិសេធបញ្ជា របស់លោក ហុក ឡងឌី ព្រោះនេះជាអំពើប្រឆាំងនឹងច្បាប់នោះ ខ្ញុំនឹងទទួលវាសនាដូចលោក នុត សាអាង ដូច្នេះ។ អញ្ចឹង ខ្ញុំបានបង្កើតរឿងផ្សេងៗ ដើម្បីបង្វែរបញ្ជារបស់លោក។
លុះមកដល់ ខែធ្នូឆ្នាំ២០០៥ នៅក្នុងអង្គប្រជុំរបស់មន្ត្រីនគរបាល និងថ្នាក់ដឹកនាំខណ្ឌនានា នាសាលារាជធានីភ្នំពេញ លោក ហុក ឡងឌី បានប្រកាសដោយចេញមុខ ប្រឆាំងនឹងខ្ញុំ។ បន្ទាប់មក លោក ហុក ឡងឌី បានធ្វើការឃាត់ខ្លួនមនុស្ស ដែលធ្វើការជាមួយខ្ញុំ ជាច្រើននាក់ម្នាក់ម្ដងៗ។
– មានរឿងជាច្រើនណាស់ ដែលខ្ញុំបានផ្ដល់ព័ត៌មាន ទៅឲ្យអង្គការការពារសិទ្ធិមនុស្ស និងទៅឲ្យក្រុមប្រឆាំង ហើយខ្ញុំចង់ស្វែងរកនរណាម្នាក់ ដែលអាចបញ្ចេញព័ត៌មានទាំងនោះជាសាធារណៈបាន។ ប្រាកដហើយ ថាខ្ញុំបានបិទភ្នែកជាច្រើនដង ទៅលើអំពើពុករលួយ ដែលលោក ហ៊ុន សែន ខ្លួនលោកតែងអួតអាងពីការប្រយុទ្ធប្រឆាំង។ តែតាមការពិត គឺលោក ហ៊ុន សែន នេះហើយជាអ្នកទទួលប្រយោជន៍ (ពីអំពើពុករលួយ) នេះខ្លាំងជាងគេ។
ជាឧទាហរណ៍ លោក ហ៊ុន សែន ទទួលបានប្រាក់ពីការលក់សម្បត្តិរដ្ឋ ដូចយ៉ាងស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២លានដុល្លា ខណៈលោក ហុក ឡងឌី ទទួលបាន៨សែនដុល្លា។ លោកនាយករដ្ឋមន្ត្រី បានលេងល្បែងដ៏គ្រោះថ្នាក់ សម្រាប់ប្រទេសកម្ពុជា។ ខ្ញុំគិតថា នៅកម្ពុជា វានឹងគ្មានលិទ្ធិប្រជាធិបតេយ្យនោះទេ ប្រសិនណាជាក្រុមគណបក្សប្រឆាំង មិនអាចរួបរួមគ្នា ដើម្បីប្រឆាំងនឹងការកាន់អំណាចសព្វថ្ងៃនេះ។
រីឯការចោទប្រកាន់នានា ដែលធ្វើឡើងប្រឆាំងនឹងខ្ញុំនោះ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការឆ្លើយតបនៅចំពោះតុលាការ ប៉ុន្តែមិនមែនតុលាការនៅក្នុងប្រទេសកម្ពុជា ឬនៅប្រទេសវៀតណាមនោះទេ។ នៅទីនោះ គ្មានទេយុត្តិធម៌៕