វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា វាយប្រហារ​អ្នក​គាំទ្រ​​ខ្មែរក្រហម​​នៅ អ.ស.ប គឺ​វាយប្រហារ​ចិន

ទេ! មិនមែនមហាអំណាចលោកខាងលិច ឬនិយាយឲ្យចំ មិនមែនសហរដ្ឋអាមេរិកទេ ដែលអន្ទោច ឬទាមទារ​ឲ្យរបបខ្មែរក្រហម នៅបន្តកាន់កាប់​អសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ( អ.ស.ប ) រយៈពេល ១២ឆ្នាំបន្ថែមទៀត បន្ទាប់ពីរបបនេះ បានរត់ខ្ចាត់ខ្ចាយ ក្រោមការឈ្លានពានវាយលុក ចូលទឹកដីកម្ពុជា ពីសំណាក់កងទ័ពវៀតណាម ក្នុងចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩។

អ្នកវិភាគនិងស្រាវជ្រាវ​ផ្នែកសង្គម-នយោបាយ លោក ឡៅ ម៉ុងហៃ បានលើកឡើងយ៉ាងដូច្នេះ ដើម្បីប្រតិកម្ម​តបនឹង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងនិយាយរត់មាត់ មិនដែលលោះ បរិហារសហរដ្ឋអាមេរិក ឬមហាអំណាចលោកខាងលិច (អាមេរិក អង់គ្លេស និង​បារាំង) ដោយចោទក្រុមប្រទេស​សមាជិកអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ​ទាំងនេះ ថាបានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរ ដែលនៅតែបន្ត​ផ្ដល់​ភាពស្របច្បាប់ ឲ្យរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ឆ្នាំ១៩៩១ (ឆ្នាំដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានចាប់បដិសន្ធិឡើង)។

នៅក្នុងពិធីសម្ពោធស្ដូបចងចាំ ដែលដាក់ឈ្មោះ​«វិមានឈ្នះឈ្នះ» កាលពីថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ម្សិលម៉ិញ លោក ហ៊ុន សែន បានឆ្លៀតព្រមាន បណ្ដាប្រទេសមហាអំណាចលោកសេរីទាំងនោះ កុំឲ្យប្រើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មករំខានសុខសន្តិភាព នៃរបបដឹកនាំរបស់លោក ដែលមានន័យ ស្មើនឹងការប្រព្រឹត្តិ កំហុស​លើកទី៣ របស់ពួកគេ។ ក្នុងឯកសណ្ឋានជានាយទាហាន ផ្កាយមាស​ប្រាំផុតលេខ លោក ហ៊ុន សែន បានថ្លែងឡើងថា៖

«សូមអ្នកទាំងឡាយ កុំបង្កការរំខាន កុំបង្កសង្គ្រាមរាំងជល់ តាមល្បិចកល របស់ដែលហៅថា លទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ដែលទីចុងបំផុត សូម្បីតែប្រទេសប្រជាធិបតេយ្យ ក៏ធ្លាប់បានកសាងកំហុស គឺគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់។ សូមឲ្យអ្នក​ទាំងឡាយក្តាប់ឲ្យជាប់ មេរៀនពីអតីតកាល (…) កុំកសាងកំហុសលើកទី៣។»

«កំហុសលើកទី១ អ្នកតាំងខ្លួន ជាប្រទេសប្រជាធិបតេយ្យ តែអ្នកបានគាំទ្ររដ្ឋប្រហារយោធា តើនោះជាលទ្ធិប្រជាធិបតេយ្យ ឬក៏ជាលទ្ធិយោធានិយម? ឯទី២ អ្នកធ្លាប់បានគាំទ្រ ប៉ុល ពត ដែលសម្លាប់មនុស្ស ដោយគ្មានបានគិតគូរ អំពីសិទ្ធិមនុស្សនោះទេ។ អ្នកបានគាំទ្រពួកគេឲ្យអង្គុយ នៅអង្គការសហប្រជាជាតិ រយៈពេល ១២ឆ្នាំ។»

ប៉ុន្តែសម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលបានស្រាវជ្រាវ យ៉ាងដិតដល់ ពីព្រឹត្តិការណ៍នៅពេលនោះ បានអះអាងថា តាមការពិតទៅ ការលើកឡើងដដែលៗ របស់លោក ហ៊ុន សែន គឺស្មើនឹងការវាយប្រហារ «ចិនកុម្មុយនីស្ដិ៍» ទៅវិញទេ។ ដោយភ្ជាប់មកជាមួយ នូវឯកសារផ្លូវការជាច្រើនផង អ្នកស្រាវជ្រាវរូបនេះ បានអះអាងឡើងថា៖

«វ៉ៃប្រហារអ្នកគាំទ្រខ្មែរក្រហម ឲ្យអង្គុយនៅអង្គការសហប្រជាតិ គឺវ៉ៃប្រហារចិន។ គឺចិនទេ ដែលខ្លាំងក្លាជាងគេបំផុត ក្នុងការគាំទ្រ​ខ្មែរក្រហម (និងសម្តេចព្រះសីហនុ) ឲ្យអង្គុយនៅអង្គការសហប្រជាជាតិ រយ:ពេល ១២ ឆ្នាំ មិនមែនអាមេរិកទេ។»

អ.ស.ប

លោកបណ្ឌិត បានពន្យល់មួយវគ្គម្ដងៗ ដូចខាងក្រោមថា៖

«ចាប់ផ្តើមឲ្យអង្គុយបន្តជាដំបូង គឺនៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិនៅថ្ងទី១១ ខែមករា ឆ្នាំ១៩៧៩ ដែលបើកប្រជុំ ដើម្បីពិនិត្យមើល និងសម្រេចលើការស្នើសុំចុះថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៩ របស់ខ្មែរក្រហម [ទាមទារ]ឲ្យផ្តន្ទាទោសវៀតណាម ដែលបាន​ចូលឈ្លានពានកម្ពុជា នៅថ្ងទី២៥ ខែធ្នូ ឆ្នាំ១៩៧៨។»

«ពេលនោះ សមាជិកក្រុមប្រឹក្សាសន្តិសុខ ដែលមាន១៥ ប្រទេស គឺ ១ បាំងក្លាដេស (Bangladesh) – ២ ចិន (China) – ៣ ឆេកូស្លូវ៉ាគី (Czechoslavakia) – ៤ បារាំង (France) – ៥ ហ្កាបុង (Gabon) – ៦ ចាម៉ាអ៊ិក (Jamaica) – ៧ គុយវ៉េត (Kuwait) – ៨ នីជេរីយ៉ា (Nigeria) – ៩ នវ៉ែ (Norway) – ១០ ពរទុយហ្កាល់ (Portugal) – ១១ សហភាពសូវៀត (Union of Soviet Socialist Republics) – ១៣ ចក្រភពអង់គ្លេស (United Kingdom of Britain and Northen Ireland) – ១៤ សហរដ្ឋអាមេរិក (United States of America) – ១៥ សំប៊ី (Zambia)។»

«នៅពេលជជែកគ្នា អំពីថា រដ្ឋាភិបាលខ្មែរមួយណា ខ្មែរក្រហម ឬខ្មែរ ហេង សំរិន ត្រូវតំណាងខ្មែរ នៅពេលបន្ទាប់ ពីក្រុមប្រឹក្សាបានសម្រេច យករបៀបវារៈ មកពិនិត្យ (សំណើសុំរបស់ខ្មែរក្រហម) ហើយពេលនោះ អាមេរិកគ្រាន់តែស្នើ ឲ្យក្រុមប្រឹក្សាអនុញ្ញាត ឲ្យរដ្ឋាភិបាល​ខ្មែរក្រហម ដែលបានស្នើសុំនោះ ចូលរួមបំភ្លឺក្រុមប្រឹក្សាតែប៉ុណ្ណោះ ព្រោះមហាសន្និបាត នៃអង្គការសហប្រជាជាតិ បានទទួលស្គាល់​ខ្មែរក្រហម​ហើយ។»

«គឺសូវៀត និងចិនទេ ដែលខ្លាំងក្លាជាងគេ រៀងៗខ្លួន ក្នុងការជំទាស់​នឹងការគាំទ្រ ឲ្យខ្មែរក្រហមចូលបំភ្លឺ ក្នុងក្រុមប្រឹក្សាសន្តិសុខ [ក្នុងក្របខណ្ឌ]ជាតំណាងកម្ពុជាស្របច្បាប់។»

«ទីបំផុតក្រុមប្រឹក្សា ក៏សម្រេចអនុញ្ញាត ឲ្យខ្មែរក្រហមចូលរួម ហើយយាងសម្តេច ព្រះ​សីហនុ ចូលទៅបំភ្លឺ ជាតំណាងកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) មានន័យថា ទទួលស្គាល់ខ្មែរក្រហម ជារដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា។»

«នៅឆ្នាំ១៩៧៩ និងឆ្នាំបន្តបន្ទាប់ មហាសន្និបាត នៃអង្គការប្រជាជាតិ នៅតែឲ្យខ្មែរក្រហម អង្គុយ​នៅអង្គការ​សហប្រជាជាតិ ហើយមាន​ប្រទេសច្រើន​លើសលប់ (រហូតដល់ជិត១២០ ក្នុងចំណោមប្រទេសជាង១៥០) បានជួយគាំទ្រ​ការសុំឲ្យ​កងទ័ពបរទេស (វៀតណាម) ដកចេញ​ពីកម្ពុជា​ទៀតផង។»៕

ដើម្បីស្វែងយល់​បន្ថែម អំពីអ្វី​ដែលលោក​បណ្ឌិត ឡៅ ម៉ុងហៃ បានមាន​ប្រសាសន៍ខាងលើ សូមអញ្ជើញ​ចូលទៅពិគ្រោះ ឯកសារ កំណត់ហេតុ លេខ«2108» នៃកិច្ចប្រជុំ​របស់ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប ថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៩ នៅលើគេហទំព័រ​ផ្លូវការ របស់អង្គការ​សហប្រជាជាតិ ដោយចុច​នៅលើទីនេះ

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។