ពិសេស

មនោរម្យ.អាំងហ្វូ និងអង្គការធំមួយ រួមគ្នាបំបែក​ការរាំងខ្ទប់​គេហទំព័រ​នៅកម្ពុជា

មនោរម្យ.អាំងហ្វូ ៖ របប«មេកន្ទ្រាញ»ដែលយាយី ទៅលើសិទ្ធិ​សេរីភាព​សារព័ត៌មាន និងសិទ្ធិសេរីភាព នៃការទទួលព័ត៌មាន អាចនឹងសើចលែងសម នៅចំពោះ​កិច្ចសហ​ប្រតិបត្តិការមួយនេះ។ នោះ គឺយុទ្ធនាការ​«បំបែក» ការរាំងខ្ទប់​គេហទំព័រ​​សារព័ត៌មាន​ឯករាជ្យ ដែល​ផ្ដួចផ្ដើម​​ឡើង និងអនុវត្ត ដោយ​អង្គការ​អន្តរជាតិ​ដ៏ធំមួយ។

អង្គការអន្តរជាតិដ៏ធំនោះ (*) ដែលមានបណ្ដាញរបស់ខ្លួន នៅគ្រប់ទ្វីប​នៃផែនដី បានធ្វើ​កិច្ចការនេះ ប្រកប​ដោយ​ភាព​ជោគជ័យ​រួចហើយ ក្នុងការបំបែកប្រព័ន្ធរាំងខ្ទប់​គេហទំព័រ​សារព័ត៌មាន​​ឯករាជ្យ ប្រមាណជា២១ នៅក្នុង​ប្រទេស​​ចំនួន​១២ ដែលសុទ្ធសឹងជា​ប្រទេស ដឹកនាំដោយ​ក្រុម«មេកន្ទ្រាញ»ផ្ដាច់ការ។

ក្នុងពេលនេះ អង្គការអន្តរជាតិដដែល ក៏បានធ្វើយុទ្ធនាការខាងលើដូចគ្នា ចំពោះ​ប្រទេស​កម្ពុជា ដោយមាន​កិច្ចសហការ ពីទស្សនាវដ្ដី«មនោរម្យ.អាំងហ្វូ» បន្ទាប់ពី​គេហទំព័រ​របស់​ទស្សនាវដ្ដី ត្រូវបានរាំងខ្ទប់ នៅក្នុង​ប្រទេសនេះ ចាប់ពីចុង​ខែមីនា ឆ្នាំ២០២០​មក។

ក្រៅពីប្រព័ន្ធវាយបំបែកការរាំងខ្ទប់ ដែលនឹងប្រកាសជាផ្លូវការ ឲ្យមានដំណើរការ ក្នុង​ពេល​​ដ៏ខ្លីខាងមុខ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នៅបានពង្រីកបណ្ដាញផ្សព្វផ្សាយ​របស់​ខ្លួន នៅតាមគេហទំព័រ«យក្ស»ជាច្រើន​បន្ថែមទៀត។ នេះ មិនទាន់និយាយដល់​ ការផ្សព្វផ្សាយ តាមប្រព័ន្ធទូរទស្សន៍ «TV Online» ដែលជា​គម្រោង​ថ្មី ហើយត្រៀម​ចេញ​ផ្សាយ ក្នុងប៉ុន្មានសប្ដាហ៍ ខាងមុខនោះផងទេ។

សម្រាប់ប្រិយមិត្តទូទៅ នៅក្នុងប្រទេសកម្ពុជា សូមអញ្ជើញចូលទៅអាន ពិគ្រោះ ឬទស្សនា នៅក្នុង​បណ្ដា​គេហទំព័រ​​«យក្ស» ដូចខាងក្រោម៖

សម្រាប់ស្ថាប័នសារព័ត៌មានរងគ្រោះផ្សេងទៀត ដែលគេហទំព័របស់ពួកគេ ត្រូវរបប​«មេកន្ទ្រាញ»រាំងខ្ទប់ សូម​ទាក់ទង​​​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ (តាមមែល contact@monoroom.info ) ដើម្បីទស្សនាវដ្ដី​ជួយ​​សម្រប​សម្រួល ជាមួយ​អង្គការ​​ខាង​លើ ក្នុងជំហានឈាន​​ទៅបំបែក​​ការរាំងខ្ទប់​​គេហទំព័រ​ទាំង​នោះ ជាបន្តបន្ទាប់៕

———

(*) យើងសូមមិនបញ្ចេញ ឈ្មោះអង្គការខាងលើទេ រហូតលុះត្រា​អង្គការមួយនេះ ចេញ​សេចក្ដី​ប្រកាសជាផ្លូវការ ដោយខ្លួនឯង អំពីយុទ្ធនាការនៅក្នុងប្រទេសកម្ពុជា។

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។