ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានអ្នកតាមដានប្រមាណជា ១១លាននាក់ ពិតជាត្រូវបានចោរ នៅលើបណ្ដាញអ៊ិនធើណែត លួចចូលទៅគ្រប់គ្រង នោះមែន។ នេះ បើតាមការអះអាងរបស់ក្រុមហ៊ុនហ្វេសប៊ុក ពីសហរដ្ឋអាេមរិក ដែលត្រូវបានស្រង់សំដីដោយវិទ្យុអាស៊ីសេរី។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ សារព្រមានដ៏ចម្លែកមួយ ត្រូវបានបង្ហោះចេញពីទំព័រហ្វេសប៊ុកលោក ហ៊ុន សែន និងមានខ្លឹមសារជាអាទិ៍ថា៖
«ក្រុមហ៊ុន ហ្វេសប៊ុក បានលុបនិងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ”។»
ក្រោយបន្តិចមក សារខាងលើត្រូវបានជំនួស ដោយសារមួយទៀត មានសេចក្ដីថា៖
«នៅមុននេះបន្តិច មានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច “Account Facebook” ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មាន អស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន “Facebook” កំពុងសើបអង្កេតជនអគតិ ដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង។»
ការលើកឡើងដែលថា មាន«ក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច “Account Facebook”»របស់លោកនោះ ត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន ហ្វេសប៊ុក កាលពីម្សិលម៉ិញ។ វិទ្យុអាស៊ីសេរីបានស្រង់ការបញ្ជាក់នោះ មកសរសេរថា៖
«ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ពិតជាមានគេចូលលួចកាន់កាប់មែន។ មន្ត្រីព័ត៌មានរបស់ក្រុមហ៊ុនហ្វេសប៊ុក បានបញ្ជាក់ថា ក្រុមហ៊ុន Facebook ក៏បានធ្វើការជាមួយក្រុមការងារគ្រប់គ្រងទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ហ៊ុន សែន ដើម្បីជួយពួកគេឱ្យមានលទ្ធភាព អាចមកគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ឡើងវិញបាន ដោយជោគជ័យ។»
យ៉ាងណា ហេតុការណ៍នៃការលួចទំព័រ យកទៅគ្រង់គ្រង់នេះ ហាក់កើតឡើងជាញឹកញាប់ណាស់ ទៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ដែលបង្កឲ្យមានមន្ទិល ជុំវិញសមត្ថភាពផ្នែកបច្ចេកវិទ្យា របស់ក្រុមការងារហ្វេសប៊ុករបស់លោក។ កន្លងមកលោក ហ៊ុន សែន ខ្លួនឯង ថែមទាំងបានប្រកាសអួតអាងទៀតថា រដ្ឋាភិបាលរបស់លោក ប្រើពេលតែ៧នាទីប៉ុណ្ណោះ ក្នុងការរកមុខជនប្រព្រឹត្តិបទល្មើស នៅតាមបណ្ដាញសង្គម៕