បន្ទាប់ពីអាល្លឺម៉ង់ ចាប់ពីថ្ងៃអាទិត្យទី២៨ ខែមេសានេះមក បារាំងបានក្លាយជា«ប្រទេសទី២» ដែលដាក់ស្ត្រីមួយរូប មកធ្វើជាអាជ្ញាកណ្ដាល សម្រាប់ការប្រកួត រវាងក្រុមបាល់ទាត់អាជីពជាបុរស។
អ្នកស្រី «Stéphanie Frappart» បានធ្វើជាអាជ្ញាកណ្ដាល នៃការប្រកួតរវាងក្រុម «Amiens» និងក្រុម «Strasbourg» នៅក្នុងក្របខណ្ឌប្រកួតបូកពិន្ទុវិលជុំ «Ligue 1» ដែលទទួលបានលទ្ធផលស្មើគ្នា នៅចុងបញ្ចប់នៃការប្រកួត។
តាមពិតទៅ អ្នកស្រីធ្លាប់បានធ្វើជាអាជ្ញាកណ្ដាល សម្រាប់ការប្រកួត រវាងក្រុមកីឡាករបុរស ជាច្រើនដងហើយ តែសម្រាប់ក្របខណ្ឌ «Ligue 1» វាជាលើកដំបូង សម្រាប់អ្នកស្រី ក៏ដូចជាសម្រាប់ពិភពបាល់ទាត់អាជីពធំៗ (លើកលែងតែនៅអាល្លឺម៉ង់) នៅលើពិភពលោកដែរ។
ចេញពីការប្រកួតខាងលើ អ្នកស្រី «Stéphanie Frappart» អាយុ៣៥ឆ្នាំ ត្រូវបានស្រង់សំដី ដោយសារព័ត៌មាន ក្នុងប្រទេសបារាំង ថាអ្នកស្រីមានមោទនភាព ដែលបានបង្ហាញ ពីអ្វី ដែលជាសមត្ថភាពរបស់អ្នកស្រី ហើយអ្នកស្រីសង្ឃឹមថា ក្រុមកីឡាករទាំងសងខាង ទទួលយកការសម្រេចរបស់អ្នកស្រី ក្នុងនាមជាអាជ្ញាកណ្ដាល ផ្លុំកញ្ចែរនៅក្នុងការប្រកួត។
ការសម្រេចឲ្យអ្នកស្រី ចេញធ្វើអាជ្ញាកណ្ដាល សម្រាប់ការប្រកួតអាជីព នៅក្នុងក្របខណ្ឌ «Ligue 1» នេះ មិនមែនធ្វើឡើង ដោយចែដន្យទេ។ តែជាការសម្រេចឡើង ដោយសហព័ន្ធបាល់ទាត់បារាំង (FFF) តាមការកំណត់ របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលតម្រូវឲ្យបណ្ដាសហព័ន្ធ ជាសមាជិកទាំងឡាយ ត្រូវពង្រឹងលក្ខខណ្ឌសមស្រប (និងសមត្ថភាព) ជូនដល់អាជ្ញាកណ្ដាលជាស្ត្រី ដើម្បីត្រៀមព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ផ្នែកស្ត្រី ដែលនឹងប្រព្រឹត្តិទៅ នៅចុងរដូវកាលនេះ ក្នុងប្រទេសបារាំង។
សហព័ន្ធបាល់ទាត់ពិភពលោក មានអាជ្ញាកណ្ដាលជាស្ត្រី ១០០០នាក់ មកពីច្រើនប្រទេស តែភាគច្រើន មិនមែនជាអាជ្ញាកណ្ដាលជំនាញ ជាលក្ខណៈអាជីពទេ។ យ៉ាងណា ជាមួយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកស្ត្រី ឆ្នាំនេះ សហព័ន្ធអន្តរជាតិខាងលើ គ្រោងនឹងជ្រើសរើសអាជ្ញាកណ្ដាលជាស្ត្រី ឲ្យបានដល់១៥០០នាក់។
ពីមុនមក មានតែប្រទេសអាល្លឺម៉ង់មួយប៉ុណ្ណោះ ដែលមានអាជ្ញាកណ្ដាលជាស្ត្រី នៅក្នុងការប្រកួតអាជីព ក្នុងក្របខណ្ឌ «Bundesliga» (ក្របខណ្ឌស្មើជាមួយ «Ligue 1» របស់បារាំង ឬ «Premier League» របស់អង់គ្លេស)។ ស្ត្រីអាជ្ញាកណ្ដាល ជាតិអាល្លឺម៉ង់ ដែលគេស្គាល់រូបនោះ គឺអ្នកស្រី «Bibiana Steinhaus»៕