បាល់ទាត់

Super Cup ៖ រៀល ខកខានបានជួប បាសា បន្ទាប់ពី​ចាញ់ ប៊ីលបៅ

ការប្រកួតផ្ដាច់ព្រ័ត្រ​ក្របខណ្ឌ​«Super Cup» របស់ប្រទេសអេស្ប៉ាញ​ក្នុងរដូវកាលនេះ មិនមែន​ជាជំនួប​រវាងក្រុម រៀល ម៉ាឌ្រីត (Real Madrid) និងក្រុម បាសឺឡូន (Barcelone) ដូចដែល​អ្នកផង​បានទាយ​ទុកមុនទេ ដោយហេតុថាក្រុម រៀល ទើបនឹងត្រូវបានក្រុម ប៊ីលបៅ វាយទម្លាក់​នៅត្រឹមវគ្គ១ភាគ២ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍នេះ ដោយគ្រាប់បាល់ ២-១។

បើក្រុមអធិរាជជិះសេះស ទទួលបរាជ័យនៅថ្ងៃនេះ ក្រុមបាសាឯណោះវិញ ក៏មិនមានលទ្ធផលល្អប៉ុន្មានដែរ នៅក្នុងការប្រកួត​កាលពី​យប់ថ្ងៃពុធម្សិលមិញ ក្នុងក្របខណ្ឌដដែល។ នៅពេញមួយប្រកួត ទល់នឹងក្រុម «Real Sociedad» ក្រុមបាសឺឡូន រកលទ្ធផល​បានត្រឹមស្មើ ១-១ និងត្រូវរង់ចាំ​រហូតដល់ពេល​​ទាត់បាល់​កាត់សេចក្ដី ទើបក្រុមនេះរកបានជ័យជំនះ ទាំងប្រផិតប្រផើយ ៣-២។

តែយ៉ាងហោចណាស់ ក៏ក្រុមអ្នកមានបុណ្យ នៃក្រុង បាសឺឡូន ទទួលបានជ័យជំនះ គ្រាន់បើជាងក្រុម រៀល ហើយនឹងត្រូវឡើងទៅជួបក្រុម ប៊ីលបៅ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាកីឡដ្ឋានក្រុងសេវីល (Seville) នៅថ្ងៃអាទិត្យទី១៧ ខែមករាខាងមុខ វេលាម៉ោង២១ (ម៉ោងក្នុងប្រទេសអេស្ប៉ាញ)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។