លោក «Danilo Garcia de Andrade» មេធាវីថ្មី របស់ស្ត្រីម្ចាស់បណ្ដឹង ប្រឆាំងកីឡាករ ណីម៉ា (Neymar) បានប្រកាស«ដកខ្លួន» ឈប់ការពារកូនក្ដីខ្លួន តទៅទៀត នៅយប់ថ្ងៃចន្ទម្សិលម៉ិញនេះ។
កាលពីប៉ុន្មានថ្ងៃមុន លោកមេធាវីរូបនេះ បានទាមទារទៅកូនក្ដីរបស់លោក ដែលគេស្គាល់ឈ្មោះ «Najila Trindade» ឲ្យប្រគល់មកឲ្យលោក នូវភស្ដុតាងបន្ថែមទៀត ជាពិសេស កំព្យូទ័ពបន្ទះរបស់នាង ដែលនាងអះអាងថា មានវីដេអូរយៈពេល៧នាទី បញ្ជាក់ពីទំនាក់ទំនងរវាងរូបនាង និងកីឡាករ ណីម៉ា កាលពីអំឡុងពាក់កណ្ដាលខែឧសភា ក្នុងសណ្ឋាគារមួយនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។
តែមិនត្រឹមតែមិនផ្ដល់ភស្ដុតាងបន្ថែមទេ ផ្ទុយទៅវិញ ស្ត្រីម្ចាស់បណ្ដឹង ដែលអះអាងថាខ្លួន រងការរំលោភសេពសន្ធវៈ ពីកីឡាករ ណីម៉ា ថែមទាំងចោទមេធាវីខ្លួន ថាលួចកំព្យូទ័របន្ទះរបស់នាងទៀត។ កំព្យូទ័របន្ទះនោះ ត្រូវបានរូបនាងប្រកាសថា ត្រូវបានចោរលួច តាំងពីច្រើនថ្ងៃមកហើយ។
លោកមេធាវី «Danilo Garcia de Andrade» បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ថា៖
«នាងចោទខ្ញុំ ដោយអះអាងថា កំព្យូទ័របន្ទះរបស់នាង បានផ្ដល់សញ្ញាកំពុងស្ថិត នៅក្នុងការិយាល័យរបស់ខ្ញុំ។ កូនក្ដីរបស់ខ្ញុំម្នាក់នេះ មានឥរិយាបទផ្ទុយគ្នាទាំងស្រុង ពីសីលធម៌ ពីការប្រព្រឹត្តិត្រឹមត្រូវ និងការពិត… ខ្ញុំចង់បានកំព្យូទ័របន្ទះនោះ ព្រោះខ្ញុំនឹងអាចប្រគល់វា ទៅឲ្យនគរបាល់ ដើម្បីពង្រឹងបន្ទុក (ដាក់លើ ណីម៉ា) និងបញ្ជាក់ពីភាពរងគ្រោះ របស់នាងបន្ថែមទៀត។»
មេធាវីបន្តទៀតថា៖
«តែខ្ញុំត្រូវប្រកាសដកខ្លួន ព្រោះទំនាក់ទំនងរវាងមេធាវី និងកូនក្ដីរបស់ខ្លួន ត្រូវឈរលើការទុកចិត្ត។ ហើយក្នុងលក្ខខណ្ឌនេះ ខ្ញុំអស់មានសេចក្ដីទុកចិត្ត ទៀតហើយ។»
នេះ ជាមេធាវីទី៣ហើយ ដែលបានបោះបង់នាង «Najila Trindade» និង«ដកខ្លួន» ឈប់ការពារក្ដីឲ្យនាង ក្នុងសំណុំរៀងចោទកីឡាករ ណីម៉ា ពីបទរំលោភសេពសន្ធវៈ។ ទូរទស្សន៍ «Globo» ក្នុងស្រុកបានអះអាងថា មេធាវីមុនរបស់ស្ត្រីរូបនេះ បានដកខ្លួនចេញពីសំណុំរឿង ដោយហេតុថា កូនក្ដីរបស់ពួកគេ បានផ្ដល់សក្ខីកម្ម ដោយខុសទំនងជាច្រើន។
តាំងពីសំណុំរឿង បានផ្ទុះឡើង កីឡាករ ណីម៉ា បានចេញមកអះអាង ពីភាពគ្មានទោសពៃរបស់ខ្លួន ជាពិសេសនៅក្នុងសារមួយ ដែលកីឡាករបានបង្ហោះ នៅលើទំព័រអិនស្ដាហ្គ្រាម បង្ហាញពីការជជែករវាងខ្លួន និងស្ត្រីម្ចាស់បណ្ដឹង ពិសេសរូបថតបង្ហាញសាច់ជាច្រើនសន្លឹក របស់នាង។
បើតាមការស្ទង់មតិមួយ កាលពីប៉ុន្មានថ្ងៃមុន បានឲ្យដឹងថា បណ្ដាជនប្រេស៊ីល ៦៣% ជឿថា កីឡាករ ណីម៉ា គ្មានទោសពៃអ្វីទេ។ កាលពីចុងសប្ដាហ៍មុន កីឡាករថែមទាំងទទួលបានការគាំទ្រ ពីលោក «Jair Bolsonaro» ប្រធានាធិបតីនៃប្រទេសប្រេស៊ីល នោះទៀតផង៕