នៅប៉ុន្មាននាទីមុននេះ កំពូលកីឡាករម្ចាស់បាល់មាស៦ជំនាន់ បានមកដល់ ប៉ារីស ហើយ។ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានចេញពីយន្ដហោះឯកជន និងបានបង្ហាញមុខ តាមបង្អួចនៃអាគារព្រលានយន្ដហោះ ប៊ួរហ្សេរ (Bourget ព្រលានយន្ដហោះ ស្ថិតនៅខាងជើងរដ្ឋធានី ប៉ារីស) ដើម្បីលើកដៃទៅកាន់ក្រុមអ្នកគាំទ្រ ដែលបានប្រមូលគ្នាមកស្វាគមន៍តារាបាល់ទាត់ នៅនឹងព្រលានយន្ដហោះ។
ការបង្ហាញមុខជាលើកដំបូង ធ្វើឡើងជាមួយនឹងអាវ ដែលមានសរសេរ «ទីនេះ គឺប៉ារីស (Ici c’est Paris)» ដែលជាឃ្លាដ៏ល្បី របស់ក្រុមបាល់ទាត់យក្សបារាំង «ប៉ារីស សាំងហ្សែរម៉ាំង (Paris Saint Germain)» និងអ្នកគាំទ្រ។
កីឡាករ ម៉េស៊ី នឹងបន្តដំណើរចេញពីព្រលានយន្ដហោះ តាមរថយន្ដពណ៌ខ្មៅដ៏ទំនើបមួយ ឆ្ពោះទៅកាន់សណ្ឋាគារ មុននឹងទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យអាមេរិកាំង ដែលមានជំនាញខាងកីឡា។ បន្ទាប់មក នៅល្ងាចថ្ងៃអង្គារដដែលនេះ អតីតខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ នឹងចុះហត្ថលេខាលើកិច្ចសន្យា ជាមួយក្រុម ប៉ារីស សម្រាប់រយៈពេល២ឆ្នាំ (អាចបន្តបានមួយឆ្នាំបន្ថែម)។
តារាបាល់ទាត់អាយុ៣៤ឆ្នាំ នឹងបង្ហាញខ្លួនជាសាធារណៈ និងថ្លែងជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយក្រុម ប៉ារីស នៅព្រឹកថ្ងៃពុធស្អែក។ ក្នុងរយៈពេលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបង្ហាញជូនប្រិយមិត្តអំពីដំណឹងសំខាន់ ជុំវិញដំណើរមកដល់របស់កំពូលកីឡាករ នៅខាងក្រោម៕
——
រូបភាពដំបូង របស់ភរិយារបស់កីឡាករ ដែលបង្ហោះចេញពីយន្ដហោះ ជាមួយសំណេរមួយឃ្លាថា «តៀមខ្លួនរួចហើយ សម្រាប់ដំណាក់កាលថ្មី»៖
កីឡាករ ណីម៉ា បង្ហោះសារស្វាគមន៍កីឡាករ លីយ៉ូនែល ម៉េស៊ី ៖
ចំពោះក្រុមប៉ារីសវិញ បានបង្ហោះវីដេអូមួយ ដើម្បីបង្អើលអ្នកគាំទ្ររបស់ខ្លួន អំពីដំណើរមកដល់របស់កំពូលកីឡាករ៖
ខាងក្រោមនេះ ជាតួលេខមួយចំនួន របស់ម្ចាស់បាល់មាស៦ជំនាន់ ដែលបានបន្សល់ទុក ជាមួយក្រុម បាសឺឡូន៖
នៅខាងមុខកីឡដ្ឋាន «Parc des Princes» របស់ក្រុម ប៉ារីស ក្រុមអ្នកគាំទ្រច្រើនរយនាក់ បានប្រមូលគ្នាដើម្បីសំដែងការស្វាគមន៍ ទៅកាន់កីឡាករ៖
រូបភាពចុងក្រោយ (សម្រាប់អត្ថបទនេះ) បង្ហាញពីដំណើរទៅដល់មន្ទីរពេទ្យអាមេរិកាំង នៃក្បួនរថយន្ដរបស់កំពូលកីឡាករ ដែលត្រូវបានការពារសុវត្ថិភាព ដោយកងកម្លាំងប្រដាប់អាវុធបារាំង យ៉ាងសន្ធឹកសន្ធាប់៖