បាល់ទាត់

ក្រុម​លីវើភូល ​បំបាក់​អ្នកមានបុណ្យ ៤-០ ហើយ​ឡើងទៅ​ផ្ដាច់ព្រ័ត្រ

ក្រុម​លីវើភូល (Leverpool FC – អង់គ្លេស) បានប្រកួតចាញ់ក្រុមបាសឺឡូន (Barcelone FC – អេស្ប៉ាញ) ក្នុងពិន្ទុ ០-៣ កាលពីសប្ដាហ៍មុន នៅក្នុងការប្រកួត«ទៅ»​… ក្រុមលីវើភូល​​មិនមានកីឡាករល្បី ដូចយ៉ាងកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ហើយក្រុមលីវើភូល ថែមទាំងបាត់កីឡាករខ្សែប្រយុទ្ធ ដ៏សំខាន់ៗរបស់ខ្លួន កីឡាករ មហាមេដ សាឡា (Mohamed Salah) ដែលបានរងរបួស…

តែនៅក្នុងការប្រកួត​«ត្រឡប់» នាយប់នេះ នៅកីឡដ្ឋាន «Anfield» ដែលជាផ្ទះរបស់ខ្លួន ក្រុមលីវើភូលហៅហង្សក្រហមអង់គ្លេស បានលេងរួមគ្នាជាក្រុម និងមានវិធីដើម្បីយកឈ្នះ ទល់នឹងក្រុមបាសឺឡូន ហៅក្រុមអ្នកមានបុណ្យ មកពីប្រទេសអេស្ប៉ាញ។

ក្រុមហង្សក្រហមបានបំបាក់ ក្រុមអ្នកមានបុណ្យ ដោយពិន្ទុ៤-០ (ពិន្ទុសរុបទាំងពីរប្រកួត ៤-៣) ក្នុងការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ៤ក្រុម) ដើម្បីដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំរដូវកាល ២០១៨-២០១៩។

គ្រាប់ទាំងបួនរបស់ក្រុមហង្សក្រហម រួមមាន ពីរគ្រាប់​រកបានដោយកីឡាករ «Divock Origi» នៅនាទីទី៧ និងនាទីទី៧៩ ខណៈពីរគ្រាប់ផ្សេងទៀត រកបានដោយកីឡាករ «Georginio Wijnaldum» នៅនាទីទី ៥៤ និងនាទីទី៥៦។

ជ័យជំនះរបស់ក្រុមលីវើភូល បានផ្ដល់ឱកាសឲ្យក្រុមនេះ ឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ដែលគូប្រជែង នឹងត្រូវឲ្យដឹង បន្ទាប់ពីការប្រកួត «ត្រឡប់» រវាងក្រុម អាហ្សាក់ អាមស្ទែដាម (Ajax Amsterdam – ហូឡង់) ទល់នឹងក្រុម ថូថែមហាម (Tottenham – អង់គ្លេស) ក្នុងយប់ថ្ងៃស្អែក៕

» សង្ខេបការប្រកួត៖

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។