បាល់ទាត់

ពានពិភពលោក​២០២២៖ យក្សបាល់ទាត់ អ៊ីតាលី ជ្រុះចេញ​ជាស្ថាពរ

ជាលើកទី២ជាប់គ្នា ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប្រទេស អ៊ីតាលី ដែលជា«យក្សបាល់ទាត់» និងជាម្ចាស់ពានអ៊ឺរ៉ុប ឆ្នាំ២០២០ មិនបានចូលរួម​ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ខាងមុខទេ បន្ទាប់ត្រូវបានជម្រុះចេញ ដោយប្រទេស ម៉ាសេដ័ន ខាងជើង ដែលជាប្រទេសតូចមួយ នៅទ្វីបអ៊ឺរ៉ុបកណ្ដាល។

ជាការប្រកួតជម្រុះ មុនការប្រកួតចុងក្រោយ នៅក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមីនា ដើម្បីដណ្ដើមសំបុត្រ ទៅប្រកួតទល់នឹងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលបានយកឈ្នះក្រុម ទួរគី (៣-១) ក្នុងយប់ថ្ងៃដដែល។

នៅពេញការប្រកួត ក្រុម អ៊ីតាលី មានឱកាសច្រើនដងណាស់ (៣២ដង) ក្នុងការរកគ្រាប់បាល់ តែខ្សែប្រយុទ្ធទាំងឡាយ របស់ក្រុម«Squadra Azzurra»អ៊ីតាលី ទាត់បាល់ជាមួយ«ជើងស្អុយ»របស់ផងខ្លួន រកមិនបានគ្រាប់បាល់នាំមុខ សូម្បីតែមួយគ្រាប់ និងបណ្ដោយឲ្យក្រុម ម៉ាសេដ័នខាងជើង ទប់ទល់-ការពារបានរហូត។

តែបាល់ទាត់… នៅនាទីទី៩០+២ បាល់មួយគ្រាប់ ទាត់ពីចំងាយ ដោយខ្សែបម្រើស្លាបខាងឆ្វេង កីឡាករ «Trajkowski» របស់ក្រុម ម៉ាសេដ័នខាងជើង បានធ្វើឲ្យប្រទេសអ៊ីតាលីយំមិនចេញ និងបញ្ចប់ការប្រកួត ដោយពិន្ទុ ០-១ នៅក្នុងកីឡដ្ឋាន«Renzo Barbera» នៃក្រុង«Palerme» (កោះមួយនៅខាងត្បូងអ៊ីតាលី)។

កាលពីព្រឹត្តិការណ៍បាល់ទាត់ ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិទៅ ក្នុងប្រទេសរ៉ុស្ស៊ី ឆ្នាំ២០១៨ ក្រុមជម្រើសជាតិអ៊ីតាលី បានខកខានម្ដងហើយ មិនបានទៅចូលរួមប្រកួត ដូចប្រទេសទាំង៣២ផ្សេងទៀតទេ។ ដូច្នេះ ការខកខានជាថ្មី ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (ក្នុងប្រទេសកាតា) ប្រាកដជាបង្កភាពល្វីងជូចត់ខ្លាំងណាស់ នៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសអ៊ីតាលី៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។