បាល់ទាត់

ហាឡេន ប្រតិកម្ម​ដែលរកបាន​«មិត្តស្រីថ្មី» បន្ទាប់ពីរក​គ្រាប់បាល់បាន

កីឡាករ អើលីន ហាឡេន (Erling Haaland) រកបាន«មិត្តស្រីថ្មី» នៅក្នុងកីឡដ្ឋានរបស់ក្រុម វុលស្បួរ (Wolfsburg – អាល្លឺម៉ង់)? កីឡាករបានផ្ទុះប្រតិកម្មតប បន្ទាប់ពីការប្រកួតបានបញ្ចប់ និងបាន​ទស្សនារូបភាព​បង្ហោះ នៅលើបណ្ដាញសង្គម។

បន្ទាប់ពីអវត្តមានជាច្រើនសប្ដាហ៍ ដោយសាររងរបួសនោះមក កំពូលខ្សែប្រយុទ្ធរបស់ក្រុម ដ័រមូន (Borussia Dortmund – អាល្លឺម៉ង់) កីឡាករ អើលីន ហាឡេន បានវិលត្រឡប់មកវិញ ក្នុងការប្រកួតរវាងក្រុមខ្លួន ទល់នឹងក្រុម វុលស្បួរ ក្នុងការប្រកួតជុំទី១៣ ក្របខណ្ឌ«Bundesliga» នាយប់ទី២៧ ខែវិច្ឆិកានេះ។

ចូលទាត់នៅនាទីទី៧៣ កីឡាករវ័យ២១ឆ្នាំ ត្រូវការពេល​តែ៨នាទី​ប៉ុណ្ណោះ ដើម្បីបញ្ចេញក្បាច់ទាត់ដ៏ពិសេស និងរកគ្រាប់បាល់ទី៣ ឲ្យក្រុមរបស់ខ្លួន (នៅនាទីទី៨១)។

ហេតុការណ៍ដែលកីឡាករ មិនបានរង់ចាំទុកមុននោះ គឺនៅពេលកីឡាករអបអរគ្រាប់បាល់របស់ខ្លួន ដោយលើកដៃ​ចង្អុល ទៅកាន់​អ្នកគាំទ្រក្រុម វុលស្បួរ ស្ត្រីវ័យចំណាស់ម្នាក់ ដែលទំនងជាក្ដៅក្រហាយ នឹងគ្រាប់បាល់របស់ខ្សែប្រយុទ្ធ បាន​បត់ដុំដៃបង្ហាញមកកីឡាករវិញ (រូបថតខាងលើ)។ រូបភាពត្រូវបានថតបាន និងយកមកផ្សព្វផ្សាយ យ៉ាង​គគ្រឹក​គគ្រេង ទាំងនៅតាមកញ្ចក់ទូរទស្សន៍នៅអ៊ឺរ៉ុប និងតាមបណ្ដាញសង្គម។

កីឡាករខ្សែប្រយុទ្ធ ​ដែលទំនងជាបានទស្សនារូបភាព បន្ទាប់ពីបញ្ចប់ការប្រកួត បានប្រតិកម្មតប ជាភាសាអង់គ្លេស នៅលើទំព័រទ្វីសធើររបស់ខ្លួនឡើងថា៖

«ដោយហេតុហ្នឹងហើយ ទើបយើងស្រឡាញ់កីឡាបាល់ទាត់៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។