បាល់ទាត់

សំដី​ចុងក្រោយ​«ដ៏រន្ធត់»​របស់​កីឡាករ សាឡា ខ្សែប្រយុទ្ធ​ថ្មី​របស់ក្រុម កាឌីហ្វ

នៅខណៈពេលកីឡាករ បានចូលក្នុងយន្ដហោះ តែយន្ដហោះនៅមិនទាន់ហោះ ងើបខ្លួននៅឡើយ កីឡាករ អេមីល្យាណូ សាឡា (Emiliano Sala) បានបញ្ជូនសារ​ជាសម្លេង​«ដ៏រន្ធត់»​មួយ ទៅឲ្យមនុស្សជិតដិតរបស់ខ្លួន តាមរយៈប្រព័ន្ធផ្ញើរសារ «WhatsApp»។

នៅក្នុងសម្លេងនោះ កីឡាករខ្សែប្រយុទ្ធអាយុ២៨ឆ្នាំ មិនត្រឹមបានរៀបរាប់ ពីស្ថានភាពដ៏អាក្រក់ របស់យន្ដហោះ ដែលខ្លួនកំពុងជិះប៉ុណ្ណោះទេ តែហាក់ដូចដឹងមុន ពីគ្រោះថ្នាក់ដែលអាចកើតឡើង ចំពោះខ្លួន។

សារជាសម្លេងនោះ ត្រូវបានផ្សព្វផ្សាយ កាលពីប៉ុន្មានម៉ោងមុន ដោយសារព័ត៌មាន «Olé» នៃប្រទេសអាហ្សង់ទីន (កីឡាករ សាឡា មានសញ្ជាតិអាហ្សង់ទីន)។ ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ សូមបកប្រែជូនទាំងស្រុង នូវសំដីចុងក្រោយ «ដ៏រន្ធត់» នោះដូចខាងក្រោម៖

«សួស្តី អាប្អូនៗទាំងអស់គ្នា។ សុខសប្បាយជាទេ? ចំពោះខ្ញុំវិញ ខ្ញុំអស់កម្លាំង ជិតដួលហើយ។ មុននេះ ខ្ញុំមកក្រុង ណង់ (Nantes – ភាគខាងលិចបារាំង) ដើម្បីធ្វើការងារជាច្រើន ការងារនេះ ការងារនោះ… គឺជាការងារដែលមិនចេះចប់ មិនចេះហើយ។»

«ពេលនេះ ខ្ញុំនៅក្នុងយន្ដហោះ ដែលមើលទៅ ដូចជាធ្លាក់ខ្ចៅខ្យង អស់រលីងអញ្ចឹង។ ឥឡូវនេះ ខ្ញុំចេញដំណើរ​ទៅក្រុង កាឌីហ្វ (ភាគខាងលិចអង់គ្លេស) ជារឿងអស្ចារ្យណាស់ ហើយស្អែក [ការហ្វឹកហាត់] នឹងចាប់ផ្ដើម។ នៅពេលរសៀល ខ្ញុំនឹងចាប់ផ្ដើមហាត់ ជាមួយមិត្តរួមក្រុមថ្មី។ ចាំមើលសិន តើនឹងមានដំណើរការយ៉ាងណា

«ចុះ អាប្អូនៗទាំងអស់គ្នាវិញ សុខសប្បាយគ្រប់យ៉ាងឬ? បើសិនជាអ្នកឯង មិនមានដំណឹងពីខ្ញុំ ក្នុងរយៈពេល ១ម៉ោងកន្លះខាងមុខនេះទេ ខ្ញុំមិនដឹងទេថា តើគេនឹងបញ្ជូននរណាម្នាក់ ឲ្យមករកខ្ញុំ ព្រោះគេមិនអាចរកខ្ញុំឃើញទេ ប៉ុន្តែអ្នកឯងទាំងអស់គ្នា បានដឹង [ថាខ្ញុំនៅទីណា]… ដូចជាយ៉ាងម៉េចទេ ខ្ញុំចេះតែភ័យៗ!»

កីឡាករទើបនឹងចុះហត្ថលេខា លេងឲ្យក្រុម កាឌីហ្វស៊ីធី (Cardiff City – អង់គ្លេស) កាលពីសប្ដាហ៍មុន បន្ទាប់ពីនៅលេងឲ្យក្រុម ណង់ (Fc Nantes – បារាំង) អស់រយៈពេល ជាច្រើនរដូវកាលមក។ 

ដូចកីឡាករ បានថ្លែងនៅក្នុងសារ ជាសម្លេងខាងលើ នៅយប់ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ កីឡាករបានចាកចេញ ពីក្រុង ណង់ តាមយន្ដហោះឯកជនមួយ ឆ្ពោះទៅកាន់ក្រុង កាឌីហ្វ។

ប៉ុន្តែជាអកុសល យន្ដហោះប្រភេទ «The Piper Malibu» បានបាត់ដំណឹងសូន្យឈឹង នៅកណ្ដាលសមុទ្រ ម៉ង់ ដែលស្ថិតនៅរវាងប្រទេសបារាំង និងអង់គ្លេស។ មកដល់ម៉ោងនេះ ក្ដីសង្ឃឹមក្នុងការរកឃើញយន្ដហោះ ហាក់មានកាន់តែតិចទៅៗ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។