កម្ពុជា

ខ្មែរនៅអ៊ឺរ៉ុប នឹងធ្វើ​បាតុកម្ម​នៅមុខ អ.ស.ប ចុងខែ​នេះ ក្នុងក្រុងហ្សឺណែវ

បាតុកម្មមួយ ត្រូវបានគ្រោងរៀបចំធ្វើ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ខាងមុខ នៅក្បែរអគារអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីទាមទារ ឲ្យមានការគោរពសិទ្ធិមនុស្ស និងការដឹកនាំ តាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ នេះ បើតាមសេចក្ដីជូនដំណឹងមួយ របស់ក្រុមអ្នករៀបចំបាតុកម្ម ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន តាមរយៈសារអេឡិចត្រូនិក កាលពីប៉ុន្មានម៉ោងមុន។

បាតុកម្មខាងលើ ដែលរៀបចំឡើង ដោយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសបារាំង និងមកពីបណ្ដាប្រទេសមួយចំនួន នៅជាបព្រំដែនបារាំង ត្រូវបានគ្រោងធ្វើឡើង​នៅក្នុងឱកាស នៃកិច្ចប្រជុំ «វគ្គត្រួតពិនិត្យជាសកល» ស្តីពីសិទ្ធិមនុស្ លើកទី៣២ របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះ មានការត្រួតពិនិត្យ ទៅលើប្រទេសកម្ពុជាមួយផង។

ក្នុងពេលភ្លាមៗ ទស្សនាវដ្ដីមិនអាចទាក់ទងអ្នករៀបចំបាតុកម្ម ដើម្បីសាកសួរលំអិតបន្ថែម ពីបាតុកម្មខាងលើនេះទេ។ ប៉ុន្តែបើរំឮកឡើងវិញ អំពីបាតុកម្មចុងក្រោយ ដែលត្រូវបានរៀបចំធ្វើ នៅខាងមុខអគារសហភាពអ៊ឺរ៉ុប ក្នុងរាជធានី ព្រុចសែល (ប៊ែលហ្សិក) កាលពីអំឡុងខែតុលា ឆ្នាំកន្លងទៅ ទទួលបានការចូលរួមសន្ធឹកសន្ធាប់ណាស់ ពីសំណាក់ពលរដ្ឋខ្មែរ និងពលរដ្ឋដើមកំណើតខ្មែរ រស់នៅក្នុងទ្វីបអ៊ឺរ៉ុប។

សម្រាប់រដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមចូលរួម ក្នុងកិច្ចប្រជុំ របស់អង្គការសហប្រជាជាតិ លើកទី៣២នេះដែរ។ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ដែលជាសេនាធិការមួយ របស់របបដឹកនាំក្រុងភ្នំពេញ នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមករាខាងមុខ ដើម្បីធ្វើដំណើរ​មកកាន់​ប្រទេសស្វីស ក្នុងក្រុងហ្សឺណែវ។

នៅលើបណ្ដាញសង្គម លោក កែវ រ៉េមី បានអះអាងថា៖

«មកដល់ពេលនេះមាន ៨៣ ប្រទេសហើយ ដែលបានចុះឈ្មោះ រង់ចាំខ្ញុំនៅហ្សឺណែវ ត្រៀមផ្តល់មតិ និងអនុសាសន៍ដល់កម្ពុជា ទៅលើរបាយការណ៍សិន្ធិសញា្ញ ក្រោមការពិនិត្យជាសកល តាមកាលកំណត់ “UPR”។»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។