បាល់ទាត់

របាយការណ៍មួយ​រកឃើញថា ម៉ារ៉ាដូណា ត្រូវបាន​«ទុកឲ្យស្លាប់»

កំពូលតារាបាល់ទាត់ របស់ប្រទេសអាហ្សង់ទីន កីឡាករ ឌីយ៉េហ្គោ ម៉ារ៉ាដូណា (Diego Maradona) ត្រូវបាន​«ទុកឲ្យស្លាប់» ដោយក្រុមគ្រូពេទ្យ ដែលទទួលបន្ទុកពិនិត្យ​ព្យាបាលអតីតខ្សែប្រយុទ្ធ បន្ទាប់ពីកីឡាករ​រូបនេះ​ត្រូវបាន​បញ្ជូល​ជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ ដោយអាការៈបេះដូង។ នេះ បើតាមរបាយការណ៍មួយ ដែលចេញផ្សាយ​ជាសាធារណៈ កាលពីថ្ងៃសុក្រ​ចុងសប្ដាហ៍​មុន។

អតីតខ្សែប្រយុទ្ធ ដែលធ្លាប់ទាត់ឲ្យក្រុមបាល់ទាត់ធំៗ នៅក្នុងទ្វីបអ៊ឺរ៉ុប បានទទួលមរណភាព នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងវ័យ៦០ឆ្នាំ។

របាយការណ៍កម្រាស់៧០ទំព័រ របស់គណៈកម្មការសុខាភិបាល ដែលទទួលបន្ទុកស៊ើបអង្កេត ពីពេលវេលា​ចុងក្រោយ របស់លោក ម៉ារ៉ាដូណា បានឲ្យអះអាងថា កីឡាករវ័យចំណាស់ ទំនងជាត្រូវបាន«ទុកឲ្យស្លាប់» ដោយក្រុម​គ្រូពេទ្យ។ របាយការណ៍​សរសេរថា៖

«គាត់បានឈានដល់​ដំណាក់កាលចុងក្រោយ និងបានដង្ហក់ក្នុងរយៈពេលជាច្រើនម៉ោង យ៉ាងហោចណាស់​១២ម៉ោង មុនពេលត្រូវបានរកឃើញ​ស្លាប់។»

របាយការណ៍បញ្ជាក់ទៀតថា កំពូលកីឡាករជាតិអាហ្សង់ទីន អាចមានសំណាង ក្នុងការរស់រានមានជីវិត ប្រសិនជា​កីឡាករបាន​ចូល​ទៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ជាង។

នីតិវិធីស៊ើបអង្កេត​ត្រូវបានបើកធ្វើ នៅក្នុងប្រព័ន្ធតុលាការអាហ្សង់ទីន បន្ទាប់ពីកូនស្រីពីរនាក់របស់លោក ម៉ារ៉ាដូណា បានដាក់ពាក្យបណ្ដឹង ប្ដឹងវេជ្ជបណ្ឌិត «Leopoldo Luque» ដោយចោទគ្រពេទ្យជំនាញ ខាងការវះកាត់​បេះដូង​រូបនេះ អំពីការទទួលខុសត្រូវ ចំពោះស្ថានភាពសុខភាព​​របស់ឪពុករបស់ពួកនាង។

តែការស៊ើបអង្កេត មិនត្រឹមតែតាមដាន ទៅលើគ្រូពេទ្យខាងលើទេ តែបានពង្រីកការស៊ើបអង្កេត ទៅលើមនុស្ស​៧នាក់ ដែលសុទ្ធសឹងទទួលបន្ទុក ព្យាបាលនិងថែរក្សាលោក ម៉ារ៉ាដូណា នៅមុនពេលលោកទទួល​មរណភាព។

ដំណឹងចុងក្រោយ ដែលទើបធ្លាក់មកដល់ បានឲ្យដឹងថា របាយការណ៍ខាងលើ ត្រូវបានដាក់ជូនតុលាការ រួចស្រេច​បាច់ហើយ នៅដើមសប្ដាហ៍នេះ។ នៅក្នុង​ប្រទេស​អាហ្សង់ទីន ការទុកឲ្យអ្នកជំងឺស្លាប់ ដោយភាពខ្ជីខ្ជា អាចត្រូវ​ចាត់ទុក ក្នុងបទចោទ​​​«មនុស្សឃាត​ដោយអចេតនា» និងអាច​ទទួលទោស ឲ្យជាប់ក្នុង​ពន្ធនាគារ រវាងពី៥ឆ្នាំ ទៅដល់​១៥ឆ្នាំ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។