បាល់ទាត់

ម៉ូរីញ៉ូ «The Special One» ក្លាយជាគ្រូបង្វឹក​ក្រុមរមាស​អ៊ីតាលី

ត្រូវបានបណ្ដាញចេញ ពីក្រុម«Tottenham (អង់គ្លេស)»​មិនដល់១ខែផង លោក ចូហ្សេ ម៉ូរីញ៉ូ (José Mourinho) ហៅ «The Special One» ត្រូវបានតែងតាំង​ជាគ្រូបង្វឹក​របស់ក្រុមរ៉ូម៉ា (AS Roma – អ៊ីតាលី) នៅថ្ងៃអង្គារទី០៤ ខែឧសភា ឆ្នាំ២០២១ កាលពីប៉ុន្មានម៉ោងមុន។ នេះ បើតាម​សេចក្ដីប្រកាស​ព័ត៌មានផ្លូវការ របស់ក្រុមរមាសអ៊ីតាលី នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។

«The Special One» ដែលមានអាយុ៥៨ឆ្នាំ នឹងចូលកាន់តំណែងជាផ្លូវការ បន្តពីលោក «Paulo Fonseca» ដែលបានបញ្ចប់​កិច្ចសន្យា​របស់លោក នៅត្រឹមចុងរដូវកាលនេះ។ លោក ម៉ូរីញ៉ូ បានចុះកិច្ចសន្យា បង្វឹកក្រុមរមាសអ៊ីតាលី ចាប់ពីរដូវកាលក្រោយ (២០២១-២០២២) និងមានរយៈពេល​​រហូតដល់ឆ្នាំ២០២៤ (៣រដូវកាល)។

ក្នុងប្រទេសអ៊ីតាលី លោក ចូហ្សេ ម៉ូរីញ៉ូ បានចូលមកបង្វឹកក្រុម «Inter Milan» រវាងពីឆ្នាំ២០០៨ មកទល់នឹងឆ្នាំ២០១០។ ក្នុងរយៈពេល​២រដូវកាលនោះ លោកបានដឹកនាំក្រុមខាងលើ ឲ្យឈ្នះជាជើងឯក របស់ប្រទេសអ៊ីតាលី ទាំងពីររដូវកាល និងបានឈ្នះជាជើងឯកអ៊ឺរ៉ុប «Champions League» នៅរដូវកាលទីពីរ។

បន្ទាប់មក លោកបានបង្វឹកក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) មុននឹងចាកចេញ ទៅកាន់ចក្រភពអង់គ្លេស ដោយបង្វឹក​ក្រុមបាល់ទាត់នៅទីនោះ ចំនួនបី (Chelsea, Manchester United និង Tottenham)។

លោក ម៉ូរីញ៉ូ ត្រូវបានស្រង់សំដី មកបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមរមាសអ៊ីតាលីថា៖

«បន្ទាប់ពីបានជួប ជាមួយមេដឹកនាំ របស់ក្រុមរ៉ូម៉ា ខ្ញុំបានយល់ភ្លាមៗ អំពីមហិច្ឆតារបស់ពួកគេ។ វាជាមហិច្ឆិតា និងសក្ដានុពលដូចគ្នា ដែលតែងតែជម្រុញខ្ញុំ និងរួមជាមួយពួកគេ ក្នុងការកសាងគម្រោង សម្រាប់ដណ្ដើមជ័យជំនះ នៅឆ្នាំខាងមុខ៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។