បាល់ទាត់

Super Cup៖ ប៊ីលបៅ លើកពាន​បន្ទាប់ពី​បំបាក់ បាសា និង ម៉េស៊ី

រដូវកាលនេះ ពាន«Super Cup»​របស់ប្រទេសអេស្ប៉ាញ បានធ្លាក់ទៅក្នុងដៃ របស់ក្រុម អាត្លេទិក-ប៊ីលបៅ (Athletic Bilbao) បន្ទាប់ពីក្រុមនេះ បានប្រកួត​យកឈ្នះក្រុម បាសឺឡូន (Barcelone) នៅក្នុងការបន្ថែម​ម៉ោង ដោយគ្រាប់បាល់៣-២។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បានប្រព្រឹត្តិទៅ ក្នុងកីឡដ្ឋានក្រុង «Sévill» (ភាគខាងត្បូង) ក្នុងយប់ថ្ងៃអាទិត្យទី១៧ ខែមករានេះ។

នៅក្នុងការប្រកួត ក្នុងម៉ោង៤៥+៤៥ គឺក្រុមបាសា ជាអ្នករកបានគ្រាប់បាល់មុន នៅនាទីទី៤០ និងនាំមុខជាថ្មី នៅនាទីទី៧៧។ តែក្រុមអ្នកមានបុណ្យ ដែលសម្បូរដោយ​កីឡាករល្បីៗ តែងត្រូវបាន​ក្រុម ប៊ីលបៅ រកគ្រាប់បាល់​បានស្មើរ​មកវិញ នៅនាទីទី៤២ និងជាពិសេស នៅនាទីទី៩០ (ចុងបញ្ចប់ការប្រកួត) ដែលអនុញ្ញាត​ឲ្យក្រុមទាំងពីរ ត្រូវបន្ថែមម៉ោង១៥+១៥ ដើម្បីប្រកួត​បន្ត​រកអ្នកឈ្នះ-ចាញ់។

ប្រកួតក្នុងម៉ោងបន្ថែម បានតែ៣នាទី (នៅនាទីទី៩០+៣) ម្ដងនេះ គឺក្រុមប៊ីលបៅ ជាអ្នក​រកគ្រាប់បាល់​​មួយគ្រាប់ នាំមុខវិញ។ តែបន្ទាប់​ពីនោះមក ក្រុមអ្នកមានបុណ្យ បាសឺឡូន រកមិនបាន​គ្រាប់បាល់ស្មើ មកវិញទេ ទោះជា​បានបើក​ការប្រយុទ្ធ ជាច្រើនដងក្ដី។

មិនត្រឹមតែប៉ុណ្ណោះ នៅចុងបញ្ចប់នៃការប្រកួត គឺនៅនាទីទី៩០+៣០ កំពូលខ្សែប្រយុទ្ធរបស់ក្រុមបាសា កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ថែមទាំងត្រូវអាជ្ញាកណ្ដាលដកកាតក្រហម បណ្ដេញចេញពីការប្រកួត បន្ទាប់ពីកីឡាករដ៏ល្បីរូបនេះ បានទាញក្បាលកីឡាករក្រុម ប៊ីលបៅ ម្នាក់ឲ្យដួលទៅលើដី។

ក្រុម អាត្លេទិក-ប៊ីលបៅ ដែលស្ថិតនៅ​ភាគខាងជើង នៃប្រទេសអេស្ប៉ាញ ធ្លាប់បានលើកពាន «Super Cup» បានចំនួនពីរលើកហើយ នៅឆ្នាំ១៩៨៤ និងឆ្នាំ២០១៥។ នៅឆ្នាំ១៩៨៣ និងឆ្នាំ២០០៩ ក្រុម ប៊ីលបៅ ក៏បានឡើង​ដល់​​វគ្គផ្ដាច់ព្រ័ត្រដែរ តែមិនទទួល​បានជ័យជំនះ​ទេ។

រីឯក្នុងរដូវកាល​ឆ្នាំ២០២១នេះ មុននឹងឡើងមក​បំបាក់ក្រុម បាសា នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុម ប៊ីលបៅ ក៏បានបំបាក់ក្រុម រៀលម៉ាឌ្រីត (Real Madrid) នៅវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួចហើយ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។