មិនថានៅទីនេះ ឬនៅទីដទៃណាឡើយ ក្រុម«ឥស្សរជន»សំខាន់ៗ នៅលើពិភពលោក ក្នុងនោះមានមេដឹកនាំ និងតំណាងរាស្ត្រជាច្រើននាក់ ត្រូវបានរកឃើញថា មានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី បណ្ដាលពីមេរោគ «កូរូណា» ឬ «Covid-19»។
មូលហេតុធំជាងគេ នៃការឆ្លងនេះ គឺបណ្ដាលមកពីភារកិច្ច របស់ក្រុមមេដឹកនាំ និងតំណាងរាស្ត្រទាំងនោះ តម្រូវឲ្យពួកគេ ចាំបាច់ត្រូវមានទំនាក់ទំនង ជាមួយបណ្ដាជនជាទូទៅ និងពីគ្រប់មជ្ឈដ្ឋាន។ ហើយមេរោគ «Covid-19» មិនបានមើលស្គាល់ ឬបែងចែកថា លោកយាយម្នាក់នេះ ជាប្រជាជនស្រទាប់ទាប ហើយព្រះអង្គម្ចាស់ម្នាក់នោះ ជាអភិជនស្រទាប់ខ្ពស់ឡើយ។
ពីក្នុងចំណោមនោះ ឥស្សរជនខ្លះ ដូចព្រះអង្គម្ចាស់រាជាទាយាទ ឆាល (Charles) នៃចក្រភពអង់គ្លេស បានជាសះស្បើយ និងឥស្សរជនខ្លះទៀត ដូចលោក «Patrick Devedjian» អតីតរដ្ឋមន្ត្រីមួយរូប របស់ប្រទេសបារាំង បានទទួលមរណភាព។
លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា លោកបានឆ្លងជំងឺ តាំងពីថ្ងៃទី២៧ ខែមីនា ខណៈអ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) អធិការបតីអាល្លឺម៉ង់ បានបង្ខាំងខ្លួន សំងំក្នុងគេហដ្ឋាន បើទោះជាការធ្វើតេស្ដិ៍ បង្ហាញលទ្ធផល«អវិជ្ជមាន» បន្ទាប់ពីអ្នកស្រី បានជួបវេជ្ជបណ្ឌិតម្នាក់ ដែលមានផ្ទុកមេរោគនេះក្ដី។
ក្នុងប្រទេសបារាំង តំណាងរាស្ត្រ១៨នាក់ និងរដ្ឋមន្ត្រី (ឬរដ្ឋលេខាធិការ) ចំនួន៣នាក់ ត្រូវបានរកឃើញឆ្លងជំងឺ។ នេះ គេនៅមិនទាន់និយាយដល់ ពីចៅសង្កាត់ និងមេឃុំ ជាច្រើននាក់ ដែលបានឈឺជំងឺនេះ ក្នុងនោះមានមួយចំនួនធំ បានទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ និងខ្លះទៀត ដែលបានឆ្លងមេរោគ ក្នុងដំណាក់កាលខ្សោយ បានបង្ខាំងខ្លួន សំងំនៅក្នុងគេហដ្ឋាន។
នៅប្រទេសអៀរ៉ង់ មេរោគ «Covid-19» បានសម្លាប់មន្ត្រីជាន់ខ្ពស់ ចំនួន១២នាក់ រួចជាស្រេចហើយ ក្នុងនោះមានពីរនាក់ ជាតំណាងរាស្ត្រ ដែលទើបជាប់ឆ្នោតថ្មីថ្មោង។ រីឯនៅប្រទេស «Burkina Faso» (ទ្វីបអាហ្វ្រិក) រដ្ឋមន្ត្រី៧នាក់ បានឆ្លងជំងឺ ខណៈអនុប្រធានទី២ នៃរដ្ឋសភាជាតិ បានទទួលមរណភាព។
អ្នកជំនាញបារាំងមួយរូប លោក «Jean Garrigues» ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សំដី មកបញ្ជាក់ថា ក្រុមមេដឹកនាំនយោបាយ ជាបុគ្គលដែលងាយរងគ្រោះ និងប្រឈមនឹងហនិភ័យខ្ពស់ ដោយសារពួកគេ បានទំនាក់ទំនងដោយផ្ទាល់ ជាមួយមហាជន នៅគ្រប់មជ្ឈដ្ឋាន។
លោកបន្តថា ហើយក៏ដោយសារ ទំនាក់ទំនងផ្ទាល់នេះដែរ ទើបបន្ទាប់មក ក្រុម«ឥស្សរជន»ទាំងនោះ បានក្លាយជា«ភ្នាក់ងារចម្លង»វិញម្ដង ពោលគឺពួកគេ បានចម្លងមេរោគនេះ ទៅអ្នករួមការងារ ឬក្រុមគ្រួសារ បន្ទាប់ពីពួកគេបានឆ្លង នូវមេរោគនេះហើយ៕