របបដឹកនាំជាច្រើន ដែលល្បីល្បាញខាងការរំលោភសិទ្ធិមនុស្ស ក្នុងពិភពលោក ដូចយ៉ាងការដឹកនាំក្នុងប្រទេសរ៉ុស្ស៊ី ភូមា ចិន វេណេស៊ុយអេឡា ប៊េឡារ៉ូ និងក្នុងប្រទេសកម្ពុជាជាដើម នឹងរងទណ្ឌកម្មបន្ថែមទៀត និងយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សហភាពអ៊ឺរ៉ុប «EU» បើទោះជាទណ្ឌកម្មទាំងនោះ ត្រូវគេមើលឃើញថា ទទួលបានការឆ្លើយតបជាវិជ្ជមាន ក្នុងទំហំដ៏តិចតួចក្ដី។
នេះបើតាមលទ្ធផល ដែលធ្លាយចេញពីកិច្ចប្រជុំ របស់ក្រុមប្រឹក្សាអ៊ឺរ៉ុប ចូលរួមដោយបណ្ដារដ្ឋមន្ត្រីការបរទេស មកពីប្រទេសសមាជិកទាំងអស់នៃសហភាព កាលពីសប្ដាហ៍កន្លងមក។ ទណ្ឌកម្មចំទិសដៅ ដែលនឹងត្រូវដាក់បន្ថែមនោះ នឹងចេញផ្សាយជាសាធារណៈ ក្នុងជំនួបកំពូលអ៊ឺរ៉ុប ដែលគ្រោងប្រព្រឹត្តិទៅ នៅថ្ងៃទី២៥ – ២៦ ខែមីនាខាងមុខ។
ទណ្ឌកម្មរបស់សហភាពអ៊ឺរ៉ុប រួមមានការហាមឃាត់ ជាន់ទឹកដីអ៊ឺរ៉ុប (មិនផ្ដល់ទិដ្ឋការ) និងការបង្កកទ្រព្យសម្បត្តិ ទៅលើមេដឹកនាំទាំងឡាយ នៅក្នុងបណ្ដាប្រទេសខាងលើ បូករួមទាំងសមាជិកគ្រួសារ របស់ពួកគេផង។
យ៉ាងណា ការដាក់ទណ្ឌកម្មទាំងនោះ ពិបាកទទួលបានការអនុម័ត ជាលក្ខណៈឯកច្ឆ័នពីសមាជិកទាំង២៧ របស់សហភាពអ៊ឺរ៉ុប ដោយហេតុថា សមាជិកមួយចំនួន បារម្ភពីការឆ្លើយតប ឬការសងសឹកវិញ ពីសំណាក់មហាប្រទេសធំៗ ដូចយ៉ាងប្រទេសរ៉ុស្ស៊ី និងប្រទេសចិនជាដើម។
ប្រមុខការទូតអ៊ឺរ៉ុប លោក ចូហ្សេ បូរ៉ែល (Josep Borrell) បានប្រកាសកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា សហភាពអ៊ឺរ៉ុបនឹងចាត់វិធានការ «សមស្រប» ប្រឆាំងមេដឹកនាំរដ្ឋប្រហារនៅភូមា បន្ទាប់ពីទទួលបរាជ័យ ក្នុងការអំពាវនាវឲ្យមេដឹកនាំយោធា ត្រូវប្រគល់អំណាចឲ្យរដ្ឋាភិបាលស៊ីវិលវិញ។ ប៉ុន្តែគេមិនរំពឹងថា សហភាពអ៊ឺរ៉ុបនឹងព្យួរការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសភូមានោះទេ។
ប្រភពការទូតអ៊ឺរ៉ុបមួយ បានបង្ហើបដែរថា មេដឹកនាំក្នុងប្រទេសវេណេហ្ស៊ុយអេឡា ប្រមាណជា៣០នាក់ និងសមាជិកគ្រួសាររបស់ពួកគេ នឹងទទួលរងទណ្ឌកម្មថ្មីបន្ថែម នៅក្នុងពេលដូចគ្នានេះ ខណៈទណ្ឌកម្មមួយចំនួនទៀត កំពុងស្ថិតក្រោមការពិភាក្សា ដើម្បីឆ្លើយតបនឹងការបង្ក្រាប ទៅលើបាតុកម្មនិយមប្រជាធិបតេយ្យ នៅក្នុងក្រុងហុងកុង។
សម្រាប់ប្រទេសកម្ពុជាវិញ សហភាពអ៊ឺរ៉ុបបានទាមទារជាថ្មី ឲ្យរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ងាកមកដំណើរការផ្សះផ្សាជាតិឡើងវិញ ក្នុងពេលដែលតុលាការ នៅក្នុងប្រទេសបានចេញសាលក្រមជាបន្តបន្ទាប់ ផ្ដន្ទាទោសក្រុមមន្ត្រីគណបក្សប្រឆាំង ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ពីបទចោទដែលតុលាការហៅថា ជាការញុះញង់ ឬការចូលរួមក្នុងទង្វើក្បត់ជាតិ។
ទណ្ឌកម្មដំបូង ដែលសហភាពអ៊ឺរ៉ុបសម្រេចដាក់ ប្រឆាំងរបបដឹកនាំក្រុងភ្នំពេញ គឺការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ហៅថា «EBA» ចំនួន២០% ទៅលើផលិតផល នាំចេញពីកម្ពុជា និងនាំចូលមកក្នុងលំហសេដ្ឋកិច្ច របស់សហភាពអ៊ឺរ៉ុប។ ក្នុងសារអេឡិចត្រូនិកមួយ ដែលមន្ត្រីអ្នកនាំពាក្យគណៈកម្មការអ៊ឺរ៉ុប បានឆ្លើយតបមកទស្សនាវដ្ដីមនោម្យ.អាំងហ្វូ កាលពីពេលកន្លងមក បានឲ្យដឹងថា កម្ពុជាត្រូវងាកមកដើរលើវិថី នៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធនោះទាំងអស់ឡើងវិញ៕