តែដំណោះស្រាយរួម ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិ «Covid-19»នោះ មិនទាន់មានរូបរាងដូចម្ដេចនៅឡើយ បើទោះជាមេដឹកនាំ នៃប្រទេសសមាជិកទាំង២៧ បានជួបប្រជុំគ្នា តាំងពី៣ថ្ងៃមកហើយ ក្នុងស្នាក់ការកណ្ដាល នៃសហភាពអ៊ឺរ៉ុប «EU» ក្នុងរាជធានីព្រុយស៊ែល ប្រទេសប៊ែលហ្សិកក៏ដោយ។
ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក ឆាល មីឆែល (Charles Michel) បានទទូចឲ្យមានការរួបរួម រវាងមេដឹកនាំទាំងអស់ នៅក្នុងសហភាព ដើម្បីបញ្ចៀសបរាជ័យ នូវរាល់ការចរចាទាំងឡាយ ក្នុងជំហានទៅស្ដារឡើងវិញ នូវសេដ្ឋកិច្ចអ៊ឺរ៉ុប។
នៅក្នុងកិច្ចប្រជុំ ដែលបានប្រព្រឹត្តិទៅ តាំងពីថ្ងៃសុក្រ រហូតមកដល់ថ្ងៃអាទិត្យនេះ ការមិនចុះសម្រុងគ្នា នៅតែបន្តកើតឡើង រវាងសមាជិកប៉ែកខាងជើង ដែលរងផលប៉ះពាល់តិចតួច និងសមាជិកប៉ែកខាងត្បូង ដែលត្រូវបានជំងឺរាតត្បាត «Covid-19» វាយបំបាក់យ៉ាងធ្ងន់ធ្ងរ។
បណ្ដាប្រទេសប៉ែកខាងជើង ដែលរួមមាន ហូឡង់ ស៊ុយអែដ ដាណឺម៉ាក អូទ្រីស និងប្រទេសហ្វាំងឡង់ បានអះអាងជាច្រើនដង ចំពោះសិទ្ធិរបស់ពួកគេ ក្នុងការបដិសេធ ចំពោះគម្រោងថវិកា ដើម្បីស្ដារសេដ្ឋកិច្ច ដែលអាចជាប្រយោជន៍ សម្រាប់បណ្ដាប្រទេសនៅខាងត្បូង ជាពិសេសប្រទេសអ៊ីតាលី និងអេស្ប៉ាញ។
ប្រភពមួយមិនបញ្ចេញអត្តសញ្ញាណ បានបង្ហើបឲ្យដឹងថា ក្នុងពេលទទួលទានអាហារ ពេលល្ងាចថ្ងៃអាទិត្យនេះ លោក ឆាល មីឆែល បានរំឭកក្រុមមេដឹកនាំ អំពីភាពចុះខ្សោយ នៃសហភាពអ៊ឺរ៉ុប បើសិនជានៅក្នុងសហភាព មានពោរពេញដោយការមិនទុកចិត្ត។
តែនៅក្នុងសុន្ទរកថាផ្លូវការ ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុបរូបនេះ បានលើកមកអះអាង នូវតុល្យភាពធ្ងន់ធ្ងរ បង្កឡើងដោយជំងឺរាតត្បាត ហើយទទូចឲ្យសហភាពអ៊ឺរ៉ុបទាំងមូល ត្រូវសម្រេចឲ្យបាន នូវ«បេសកកម្មមួយ ដែលពិបាកធ្វើបំផុត» ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ទាំងអស់គ្នា។
គម្រោងថវិកា ដែលស្ថិតក្នុងការចរចានោះ មានទំហំ៧៥០ពាន់លានអ៊ឺរ៉ូ។ គម្រោងថវិកានេះ ដែលផ្ដួចផ្ដើមដំបូង ដោយប្រទេសបារាំង និងអាល្លឺម៉ង់ គឺជាប្រាក់កម្ចី ដោយប្រើឈ្មោះសហភាពអ៊ឺរ៉ុប ក្នុងគោលបំណង ជួយទៅដល់សមាជិកទាំងឡាយណា ឬតំបន់ទាំងឡាយណា ដែលរងផលប៉ះពាល់ខ្លាំង ពីជំងឺ«Covid-19»។
គម្រោងថវិកានេះ ជាផ្នែកមួយ នៃកម្មវិធីស្ដារសេដ្ឋកិច្ចអ៊ឺរ៉ុប ដែលមានរយពេលវែង (រវាងពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៧) ក្នុងទំហំទឹកប្រាក់សរុប ១០៧៤ពាន់លានអ៊ឺរ៉ូ។
ប៉ុន្តែ«ការជួយ» តាមរបៀបជាប្រាក់កម្ចី និងតាមរបៀបជាជំនួយគ្មានសំណង គឺជាប្រធានបទក្ដៅ នៃភាពមិនចុះសម្រុងគ្នា រវាងសមាជិកទាំងពីរក្រុម។ ការជួយជាប្រាក់កម្ចី ដែលជាការចង់បាន របស់ក្រុមប្រទេសខាងជើង ត្រូវបានបដិសេធ ដោយក្រុមប្រទេសខាងត្បូង ដែលចង់ជាជាង ឲ្យមានការជួយជាក្នុងលក្ខណៈជំនួយឥតសំណង៕