ពិភពលោក

អភិបាល​ក្រុងឡុងដ៍​វាយបក​វិញ បន្ទាប់ពី​រង​ការ«ប្រមាថ»​ពី ដូណាល់ ត្រាំ

អភិបាលរាជធានី ឡុងដ៍ លោក សាឌីក ខាន់ (Sadiq Khan) បានឆ្លើយតបលោក ដូណាល់ ត្រាំ (Donald Trump) វិញ បន្ទាប់ពីត្រូវប្រធានាធិបតីអាមេរិករូបនេះ «ប្រមាថ»ថា ជាជនបរាជ័យទាំងស្រុង។ លោក ខាន់ បានរំលឹកលោក ត្រាំ ឲ្យពិនិត្យមើលឡើងវិញ ពីការដើរថយក្រោយ នៃការគោរពសិទ្ធស្ត្រី នៅសហរដ្ឋអាមេរិក។

ភ្លាមៗ បន្ទាប់ពីបានចុះជាន់ដីចក្រភពអង់គ្លេស ក្នុងថ្ងៃចន្ទនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារ នៅលើទំព័រទ្វីសធើររបស់លោក ហៅអភិបាលរាជធានី ឡុងដ៍ ថាជា«ជនបរាជ័យទាំងស្រុង» ដើម្បីប្រតិកម្មនឹងការរិះគន់រូបលោក ពីសំណាក់លោកអភិបាលរូបនេះ។ លោក ត្រាំ បានសរសេរថា៖

«សាឌីក ខាន់ ដែលបានធ្វើការងារដ៏អាក្រក់ ក្នុងតំណែងជាអភិបាលរាជធានី ឡុងដ៍ បានធ្វើអត្ថាធិប្បាយដ៏កោងកាច ទាក់ទងនឹងប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ចាស់វស្សាមួយ នៃចក្រភពអង់គ្លេស។ គាត់គឺជាជនបរាជ័យទាំងស្រុងម្នាក់ ដែលគួរផ្ចង់ការងាររបស់គាត់ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម នៅក្នុងរាជធានី មិនមែនត្រូវរិះគន់ខ្ញុំទេ…»

មិនបង្អង់យូរ លោក សាឌីក ខាន់ បានបង្ហោះវីដេអូមួយ តបទៅលោក ដូណាល់ ត្រាំ ដោយសង្កត់ធ្ងន់អំពីបញ្ហាសិទ្ធិស្ត្រី នៅក្នុងសហរដ្ឋអាមេរិក។ លោកអភិបាលថ្លែងឡើងថា៖

«លោកប្រធានាធិបតី ត្រាំ! ប្រសិនជាលោកទស្សនាវីដេអូខ្ញុំនេះ សូមលោកយលថា គុណតម្លៃរបស់លោក និងអ្វីដែលលោកកំពុងប្រយុទ្ធទាមទារនោះ មានលក្ខណៈផ្ទុយគ្នាទាំងស្រុង ពីគុណតម្លៃនៃរាជធានី ឡុងដ៍ និងប្រទេសអង់គ្លេសមួយនេះ។»

លោកអភិបាល បានចុចយកការហាមឃាត់ស្ត្រី មិនឲ្យធ្វើការរំលូតកូន នៅតាមបណ្ដារដ្ឋមួយចំនួន នៃសហរដ្ឋអាមេរិក ខណៈលោក ដូណាល់ ត្រាំ ខ្លួនឯងបានប្រកាសយល់ស្រប អំពីនិន្នាការនៃជីវិត (Editor’s Note៖ បានសេចក្ដីថា បើមានផ្ទៃពោះ ម្ដាយត្រូវតែទុកកូននេះ បើទោះជាខ្លួន ឬគ្រួសារមិនចង់បានកូនក៏ដោយ)។

លោក ខាន់ បានលើកឡើងថា៖

«បច្ចុប្បន្ន ក្នុងរដ្ឋមួយចំនួន នៃសហរដ្ឋអាមេរិក វាសឹងតែគ្មានលទ្ធភាពទាល់តែសោះ សម្រាបអនុញ្ញតឲ្យស្ត្រី អាចរំលូតកូនបាន។ ក្នុងនាមលោក ជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកមានការទទួលខុសត្រូវដ៏ធំធេង នៅក្នុងការសម្រេចចិត្តរបស់លោក។»

«នៅរាជធានី ឡុងដ៍ យើងគិតថា ភាពចម្រុះមិនមែនជាកម្សោយទេ តែជាកម្លាំងមួយ។ យើងគោរពស្ត្រី។ ហើយយើងគិតថា ពួកនាងមានសិទ្ធិស្មើជាមួយបុរស។ យើងគិតថា វាជាការចាំបាច់ណាស់ ក្នុងការរក្សាសិទ្ធិសេរីភាពរបស់យើង សម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់បណ្ដាជន ដែលងាយរងគ្រោះ និងដែលងាករងការចាប់បង្ខំ៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។