បច្ចេកវិទ្យា

អ័ពផល នឹងប្រកាស​ជាផ្លូវការ ពី​«ទីបញ្ចប់»​នៃ អាយទូន

បន្ទាប់ពីមានជីវិត ប្រមាណជា១៨ឆ្នាំនោះមក កម្មវិធីដ៏ល្បី អាយទូន (iTunes) នឹងត្រូវបញ្ចប់ជីវិត ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមដំណឹង ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន «Bloomberg»។

ទីភ្នាក់ងារបានអះអាងថា ការបោះបង់ចោល នូវកម្មវិធីខាងលើ ដោយសារក្រុមហ៊ុនយក្ស អ័ពផល (Apple) ដឹងយ៉ាងច្បាស់​ដោយខ្លួនឯងថា កម្មវិធីដ៏ជរាមួយនេះ ហាក់មិនមានអ្វីថ្មី មានប្រសិទ្ធភាពចុះខ្សោយ បើធៀបនឹងកម្មវិធីផ្សេងទៀត នៅក្នុងទីផ្សារព័ត៌មានវិទ្យា និងពិភពអ៊ិនធើណេត ដូចយ៉ាង «Spotify»ជាដើម។

ការប្រកាសជាផ្លូវការ នឹងត្រូវក្រុមហ៊ុន អ័ពផល ធ្វើក្នុងសប្ដាហ៍នេះ ក្នុងសន្និសីទ «World Developers Conference (WWDC)» នៅក្រុងសានចូហ្សេ (San jose) ភាគខាងលិចសហរដ្ឋអាមេរិក។

បង្កើតឡើង​ក្នុងឆ្នាំ២០០១ អាយទូន បានចូលរួមបង្កើត​យុគសម័យថ្មីមួយ សម្រាប់ឧស្សាហកម្មភ្លេង និងចម្រៀង ក្នុងការដើរចេញពីទម្រង់ចាស់ (កាសែត ឬ CD) មកកាន់ទម្រង់ ឌីជីថល (ដូចយ៉ាង WMA – MP3 ឬ MP4 ជាដើម)។

ការវិវត្តន៍ទៅមុខ យ៉ាងឆាប់រហ័ស នៃវិស័យព័ត៌មានវិទ្យា បានធ្វើឲ្យអាយទូន (ដែលត្រូវបានប្ដូរឈ្មោះ ទៅជា iTunes Store) ក្លាយជាកម្មវិធី សម្រាប់ស្ដាប់ចម្រៀង និងការផ្សព្វផ្សាយទាំងឡាយ នៅតាមបណ្ដាញ​អ៊ិនធើណេត រួមទាំងវីដេអូ រឿងភាគ និងភាពយន្ដ​នោះផង។

បើតាម «Bloomberg» បានឲ្យដឹងទៀតថា អ័ពផល មានគម្រោងតម្លើងកម្មវិធីថ្មី ចំនួន៣៖ Apple Music, Apple TV និង Apple Podcasts។ កម្មវិធីទាំងនេះ នឹងត្រូវបញ្ចេញឲ្យប្រើប្រាស់ ក្នុងម៉ាស៊ីន «iPhone» និង «iPad» ជំនាន់ចុងក្រោយគេបង្អស់។ អនាគតកំព្យូទ័រ អ័ពផល (ទាំងលើតុ និងយួរដៃ) ដែលនឹងចេញលើកក្រោយ ក៏មានកម្មវិធីទាំងបីនេះដែរ៕  

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។