ពិភពលោក

MH17 ៖ ជនសង្ស័យ​៤នាក់ ក្នុងនោះ​រ៉ុស្ស៊ី​៣នាក់ នឹងត្រូវ​នាំមក​កាត់ទោស

ហេតុការណ៍បានកន្លងទៅ ៥ឆ្នាំហើយ ដែលយន្ដហោះដឹកអ្នកដំណើរ ដែលមានជើង​ហោះហើរ​លេខ «MH17» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានបាញ់កម្ទេច ដោយកាំជ្រួចផលិតនៅរ៉ុស្ស៊ី នៅខណៈពេលយន្ដហោះនេះ បានហោះរំលង ពីលើតំបន់ប្រទាញប្រទង់គ្នា ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

នៅថ្ងៃនេះ ជនសង្ស័យបួននាក់ ក្នុងនោះ៣នាក់ ជាតិរ៉ុស្ស៊ី (Sergueï Doubinski, Igor Girkine និង Oleg Poulatov) និងម្នាក់ ជាតិអ៊ុយក្រែន (Leonid Karchenko) ត្រូវបានដីកាអន្តរជាតិមួយ ចេញផ្សាយឲ្យតាមចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោស និងឈានទៅស្វែងរកយុត្តិធម៌ ឲ្យជនរងគ្រោះ ដែលភាគច្រើនជាជនជាតិហូឡង់។

សវនាការកាត់ទោស​ដ៏សំខាន់ ជុំវិញសំនុំរឿងនេះ នឹងត្រូវបើកធ្វើ ក្នុងថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ខាងមុខ ក្នុងប្រទេសហូឡង់។

ជនសង្ស័យទាំងបួននាក់នោះ ជាមេដឹកនាំក្រុមនិយមបំបែកទឹកដី ដែលស្និតនឹងប្រទេសរ៉ុស្ស៊ី។ ពួកគេបានរងការចោទប្រកាន់ ថាបានដឹកបញ្ជូនសម្ភារៈសិក ដើម្បីយកមកប្រើប្រាស និងអនុញ្ញាតឲ្យបាញ់កាំជ្រួច កម្ទេចយន្ដហោះខាងលើ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។

ហេតុការណ៍ដ៏អាណោចអាធម បានបណ្ដាលឲ្យអ្នកដំណើរ ទាំង២៨៣​នាក់ រួមនឹងបុគ្គលិកបម្រើការ ទាំង១៥នាក់ នៅក្នុងយន្ដហោះ សម្លាប់បាត់បង់ជីវិត នៅខណៈពួកគេកំពុងធ្វើដំណើរ ចេញពីរាជធានី អាមស្ទែរដាម (Amsterdam) ប្រទេសហូឡង់ ឆ្ពោះទៅកាន់រាជធានី​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ 

ភ្លាមៗ ក្រោយឈ្មោះខ្លួន ត្រូវបានទម្លាយតាមសារព័ត៌មាន លោក «Igor Girkine» បានចេញមកប្រកាស ច្រានចោលការជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍នេះ។ លោក «Igor Girkine» ដែលធ្លាប់ជាមេដឹកនាំ របស់ក្រុមនិយមបំបែកទឹកដី ក្នុងអំឡុងពេលនោះ ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉ុស្ស៊ី «InerFax» ស្រង់សំដីមកបញ្ជាក់ថា៖

«អ្វីដែលខ្ញុំអាចអះអាងបាន គឺយន្ដហោះប៊ូអីងមួយនេះ មិនត្រូវបានបាញ់ទម្លាក់ ដោយក្រុមអ្នកបះបោរនោះទេ៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។