ស្ត្រីអាវកាសយានិកអាមេរិក អ្នកស្រី «Jessica Meir» ដែលកំពុង ស្ថិតនៅក្រៅផែនដី ក្នុងស្ថានីយ៍អាវកាសអន្តរជាតិ «ISS» បានបង្ហាញក្ដីតក់ស្លុត និងការភ្ញាក់ផ្អើល នៅចំពោះការរាតត្បាត នៃជំងឺ «Covid-19» នៅលើភពផែនដី។
អ្នកស្រី «Jessica Meir» អាយុ៤២ឆ្នាំ ដែលត្រូវវិលត្រឡប់ មកកាន់ផែនដីវិញ នៅសប្ដាហ៍ខាងមុខ បានថ្លែងដូច្នេះ ប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងការជជែក ដោយផ្ទាល់មួយ កាលពីថ្ងៃសុក្រ។ អ្នកស្រីថ្លែងថា៖
«វាពិតជាគួរឱ្យរន្ធត់ណាស់ នៅពេលយើងដឹង អំពីអ្វីៗដែលកំពុងកើតឡើង នៅលើភពផែនដី ដែលស្ថិតនៅ ខាងក្រោមយើង។»
ស្ត្រីអាវកាសរូបនេះ បានចាកចេញពីផែនដី ដើម្បីឡើងទៅធ្វើការ នៅស្ថានីយអាវកាសអន្តរជាតិ តាំងពី៧ខែកន្លងមកហើយ។ អ្នកស្រីបន្តថា៖
«បើមើលពីទីនេះទៅ ផែនដីតែងតែ មានសភាពគួរឱ្យចាប់អារម្មណ៍ណាស់។ ដូច្នេះ វាពិបាកជឿ អំពីការផ្លាស់ប្តូរទាំងអស់ ដែលបានកើតឡើង ដ៏ឆាប់រហ័ស ចាប់តាំងពីយើងមកដល់ទីនេះ។»
រាល់អាវកាសយានិកទាំងអស់ មានជំនាញ និងត្រូវហ្វឹកហាត់ ឲ្យរស់នៅឯកោ ស្ថិតនៅក្រៅផែនដី យ៉ាងហោចចាប់ពី ៦ខែឡើងទៅ។ តែការរស់នៅឯកោ របស់ពួកគេ ជាជំនាញដែលមានការស្ម័គ្រចិត្ត ដែលខុសពីមនុស្សលោកទូទៅ ដែលកំពុងរងការកំហិត ឲ្យសំងំនៅក្នុងផ្ទះ ដើម្បីគេចផុតពី និងទប់ស្កាត់ ជំងឺ«Covid-19»។
ប៉ុន្តែជីវភាពប្រចាំថ្ងៃ របស់អាវកាសយានិក ខុសគ្នាឆ្ងាយពីជីវិតប្រចាំថ្ងៃ របស់មនុស្សលោក។ អាវកាសយានិក គ្មានកូនចៅ ដែលត្រូវចិញ្ចឹមថែរក្សា ឬគ្មានភារកិច្ច ត្រូវចេញទៅទិញម្ហូបចំណី ដូចមនុស្សលោកទេ។
អ្នកស្រី «Jessica Meir» បានត្រៀមចិត្ត ត្រៀមអារម្មណ៍ នៅមុនការវិលត្រឡប់ មកកាន់ផែនដីវិញថា ថា៖
«នៅលើផែនដី ខ្ញុំខ្លាចតែមានអារម្មណ៍ឯកោ ជាងនៅក្នុងស្ថានីយ៍អាវកាស។ នៅទីនេះ (ក្នុងស្ថានីយ៍) យើងមានទម្លាប់ហើយ យើងមានកិច្ចការ អស្ចារ្យជាច្រើន ដែលត្រូវធ្វើ។ តែសម្រាប់នៅឯភពផែនដី យើងមានអារម្មណ៍ដូចៗគ្នា។»
ដើម្បីជួយសម្រួល ដល់ការសំងំនៅក្នុងផ្ទះ ដែលមនុស្សលោកកំពុងជួបប្រទះ លោក «Andrew Morgan» ដែលជាអាវកាសយានិកមួយរូបទៀត និងជាវេជ្ជបណ្ឌិតមួយរូប របស់ទីភ្នាក់ងារ«NASA»ផង បានថ្លែងផ្ដល់យោបល់ថា៖
«យើងមានកម្មវិធីប្រចាំថ្ងៃ ហើយយើងអនុវត្តតាម គ្រប់ពាក្យទាំងអស់។ យើងមានកម្មវិធី ធ្វើកីឡា ត្រូវមានអនាម័យផ្ទាល់ខ្លួន ចូលគេងតាមម៉ោងពេល… គឺសុទ្ធតែបានគ្រោងទុករួចស្រេច។ ជារឿងសំខាន់ណាស់ ដែលត្រូវគោរព រាល់កាលវិភាគទាំងនេះ។»
លោកបន្តថា៖
«យើងតែងមានចិត្តថា សកម្មភាព ឬទង្វើរបស់យើងម្នាក់ៗ អាចប៉ះពាល់ ទៅដល់ សហសេវិក របស់យើងផ្សេងទៀត៕»