ពិភពលោក

ស្ថាបនិក​«Wikileaks» មានកូន​ពីរនាក់ ជាមួយ​មេធាវី​របស់​ខ្លួន

កូនទាំងពីរនាក់នោះ បានចាប់កំណើតឡើង ក្នុងខណៈស្ថាបនិក នៃបណ្ដាញ«Wikileaks» លោក ជូលៀន អាសាញ (Julian Assange) កំពុងបង្ខាំងខ្លួន កាលពីអំឡុងទសវត្សរ៍ឆ្នាំ២០១០ ក្នុងស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំក្នុងចក្រភពអង់គ្លេស ។ នេះ បើតាមស្ត្រី ដែលជាមេធាវីម្នាក់ ពីក្នុងចំណោមមេធាវីច្រើនរូប របស់លោក អាសាញ។

អ្នកស្រី «Stella Morris» មេធាវីជាតិអាហ្រ្វិកខាងត្បូង អាយុ៣៧ឆ្នាំ បានបង្ហើបរឿងរ៉ាវផ្ទាល់ខ្លួននេះ ក្នុងបទសម្ភាសមួយ ជាមួយសារព័ត៌មាន«Mail on Sunday» ដោយអះអាងថា អ្នកស្រី និងលោក ជូលៀន អាសាញ គ្រោងនឹងរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃខាងមុខ។

ដោយមានអមជាមួយរូបថត របស់លោក ជូលៀន អាសាញ និងកូនប្រុសទាំងពីរនាក់ផង សារព័ត៌មានខាងលើ បានសម្ភាសយ៉ាងវែងអន្លាយ ជាមួយអ្នកស្រីមេធាវី ដែលបានដាក់ចិត្តលង់ស្នេហ៍ ជាមួយស្ថាបនិក «Wikileaks» កាលពី៥ឆ្នាំមុន។

ហើយបើសិនជា អ្នកស្រីទម្លាយអាថ៌កំបាំងនេះ ចេញជាសាធារណៈ ដោយហេតុថា អ្នកស្រីខ្លាចជីវិត របស់លោក អាសាញ ជួបនឹងគ្រោះថ្នាក់ បើសិនជាស្ថាបនិករូបនេះ បន្តរស់នៅជាប់ឃុំ ក្នុងពន្ធនាគារ «Belmarsh» ខណៈមេរោគ«Covid-19» កំពុងរាតត្បាតពិភពលោក ក្នុងនោះរាប់ទាំងចក្រភពអង់គ្លេស។

កាលពីចុងខែមីនាកន្លងទៅ តុលាការអង់គ្លេសបានបដិសេធ ការស្នើសុំរបស់លោក អាសាញ ដើម្បីអាចនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យ ពីប្រព័ន្ធយុត្តិធម៌។

ការស្នើសុំនៅក្រៅឃុំ ធ្វើឡើង ក្រោមមូលហេតុខ្លាចការរាតត្បាត នៃមេរោគដ៏ចង្រៃ ប៉ុន្តែតុលាការបានបដិសេធ ដោយអះអាងថា មានតឹកតាងច្រើន ដែលធ្វើឲ្យគិតថា លោក អាសាញ អាចនឹងមិនបង្ហាញខ្លួន តាមការកោះហៅ លើកក្រោយៗ ពីសំណាក់តុលាការ។

បើតាមការចុះផ្សាយ របស់សារព័ត៌មានបានឲ្យដឹងថា លោក ជូលៀន អាសាញ និងអ្នកស្រី «Stella Morris» បានស្រឡាញ់គ្នា ចាប់ពីឆ្នាំ២០១៥។ កូនប្រុសដំបូង របស់លោកបានកើត​នៅឆ្នាំបន្ទាប់។ ក្នុងពេល​«ចាប់កំណើត»​របស់កូនលោក លោក អាសាញ បានទាក់ទងទៅកាន់មន្ទីរពេទ្យ តាមរយៈវីដេអូ​ និងបានជួបកូនច្បងម្នាក់នេះ នៅក្នុងស្ថានទូតអេក្វាទ័រ ជាលក្ខណៈលួចលាក់ នៅពេលក្រោយមកទៀត។

បើតាមការចុះផ្សាយដដែលនោះ បានបន្ថែមទៀតថា កូនប្រុសទាំងពីររបស់លោក គឺជា«ពលរដ្ឋ»អង់គ្លេស បើទោះជាលោក អាសាញ ជាឪពុក ជាជនជាតិអូស្ត្រាលី និងអ្នកស្រី «Stella Morris» ជាម្ដាយ ជាជនជាតិអាហ្វ្រិកខាងត្បូង នោះក្ដី៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។