ពិភពលោក

ក្រុមការងារ បៃដេន គំរាមដេញ ត្រាំ ចេញពីសេតវិមាន បើនៅ​«ក្រាញ​អំណាច»

លោក ដូណាល់ ត្រាំ (Donald Trump) អាចនឹងត្រូវអូសចេញ ពីសេតវិមាន បើសិនជាប្រធានាធិបតីផុតអាណត្តិរូបនេះ នៅ«ក្រាញអំណាច» នៅទីនោះតទៅទៀត។ នេះ បើតាមលោក «Andrew Bates» អ្នកនាំពាក្យរបស់លោក ចូ បៃដេន (Joe Biden) បេក្ខជនប្រធានាធិបតីអាមេរិក ពីគណបក្សប្រជាធិបតេយ្យ។

បើតាមលទ្ធផលស្ទាបស្ទង់ នៃការបោះឆ្នោតប្រធានាធិបតី ក្នុងនាទីចុងក្រោយនេះ បង្ហាញថា លោក ចូ បៃដេន អាយុ៧៧ឆ្នាំ កំពុងបោះជំហាន កាន់តែកៀក ឆ្ពោះទៅ​កាន់កាប់​​សេតវិមាន សម្រាប់រយៈពេល​បួនឆ្នាំទៅមុខ។

ក្រាញ​អំណាច …

អ្នកនាំពាក្យរបស់លោក បានឆ្លៀតឱកាសនេះ ថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា គឺ«ពលរដ្ឋអាមេរិក ជាអ្នកសម្រេច នៅក្នុងលទ្ធផល នៃការបោះឆ្នោត»។ លោក «Andrew Bates» បន្តថា៖

«ហើយកងកម្លាំងអាជ្ញាធរអាមេរិក ពិតជាមានលទ្ធភាព ក្នុងការបណ្ដេញ នូវជន​ណាក៏ដោយ ដែលរស់នៅ​ទាំងបំពាន នៅក្នុង​សេតវិមាន ឲ្យចេញពីទីនោះ។»

នៅសល់រដ្ឋចំនួន៥ទៀត ដែលមិនទាន់បញ្ចប់​ការរាប់សន្លឹកឆ្នោត ជាពិសេសសន្លឹកឆ្នោត ដែលត្រូវបានបោះ​ទុកជាមុន និងផ្ញើរតាម​ប្រៃសណីយ៍ ដើម្បីបង្ការការរាតត្បាតជំងឺ «Covid-19»។

បើតាមលទ្ធផលស្ទាបស្ទង់ នៅនាទីចុងក្រោយ លោក ចូ បៃដេន នៅសល់តែ៦សម្លេង នៃអង្គបោះឆ្នោត (អ្នកតំណាងម្ចាស់ឆ្នោត) ទៀតប៉ុណ្ណោះ ដើម្បីបង្គ្រប់២៧០សម្លេង ដែលគ្រប់គ្រាន់ក្នុងការប្រកាសជ័យជំនះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០នេះ។

តែពីក្នុងចំណោមរដ្ឋទាំង៥ចុងក្រោយ មានរដ្ឋចំនួនបី បានបង្ហាញលទ្ធផលស្ទាបស្ទង់ ថា លោក ចូ បៃដេន បាននាំមុខពីលោក ដូណាល់ ត្រាំ។ គេសង្ឃឹមថា លទ្ធផលបញ្ចប់​ការរាប់សន្លឹកឆ្នោត ក្នុងរដ្ឋមួយ (ពីចំណោម​រដ្ឋទាំងបី) នឹងអាចផ្សាយចេញ ជាសាធារណៈ ក្នុងប៉ុន្មាននាទី ឬយូបំផុត ប៉ុន្មានម៉ោង​ខាងមុខ។

តែលោក ដូណាល់ ត្រាំ បានលើកឡើង ពីការលួចបន្លំសន្លឹកឆ្នោត និងបានប្ដឹងឡើង​ទៅកាន់​តុលាការធម្មនុញ្ញ ដើម្បីស្នើឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត ឬស្នើឲ្យពិនិត្យ និងរាប់​សន្លឹកឆ្នោត​​ឡើងវិញ។

យ៉ាងណា លោក «Larry Kudlow» ទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ច របស់លោក ត្រាំ បាន​ថ្លែង​តាម ទូរទស្សន៍ «CNBC» ក្នុងថ្ងៃសុក្រនេះថា ការផ្ទេរអំណាច នៅក្នុងភាព​ស្ងប់ស្ងៀម ដូចទម្លាប់​ធម្មតា នឹងបញ្ចៀសវិបត្តិទីផ្សារ​ភាគហ៊ុន និងសេដ្ឋកិច្ច​របស់ប្រទេស​មហាអំណាច​មួយនេះ។

លោក «Larry Kudlow» បានពន្យល់ថា៖

«ខ្ញុំគិតថា ការផ្ទេរអំណាច នឹងប្រព្រឹត្តិទៅ​ដោយសន្តិវិធី (…) សហរដ្ឋអាមេរិក គឺជាប្រទេស​ប្រជាធិបតេយ្យ​ធំជាងគេ នៅលើពិភពលោក។ យើងគោរពច្បាប់ ហើយលោក​ប្រធានាធិបតី ក៏គោរពច្បាប់ដូច្នេះដែរ៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។