ពិភពលោក

ចូ បៃដេន៖ «ខ្ញុំនឹងក្លាយជា​ប្រធានាធិបតី នៃពលរដ្ឋអាមេរិក​គ្រប់ស្រទាប់»

«ខ្ញុំនឹងក្លាយជា​ប្រធានាធិបតី នៃពលរដ្ឋអាមេរិក​គ្រប់ស្រទាប់» នេះ ជាការលើកឡើង របស់លោក ចូ បៃដេន (Joe Biden) បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​ប្រជាធិបតេយ្យ ក្នុងយប់ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកានេះ ទៅកាន់អ្នកគាំទ្រ​របស់លោក ក្នុងក្រុង «Wilmington» នៃរដ្ឋ «Delaware» (ភាគខាងកើត)។

បើតាមលទ្ធផលស្ទាបស្ទង់ ក្នុងនាទីចុងក្រោយ នៃការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ បង្ហាញថា លោក ចូ បៃដេន អាយុ៧៧ឆ្នាំ កំពុងបោះជំហាន កាន់តែកៀក ឆ្ពោះទៅ​កាន់កាប់​​សេតវិមាន សម្រាប់រយៈពេល​បួនឆ្នាំទៅមុខ បន្តពីលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ។

ប៉ុន្តែយប់នេះ លោក បៃដេន មិនទាន់បញ្ជាក់ ចេញពីមាត់លោក នូវជ័យជំនះ​នៃការបោះឆ្នោត​នៅឡើយ។ លោកគ្រាន់តែនិយាយថា៖

«យើងមិនអាចប្រកាស ពីជ័យជំនះបានទេ។ តែតួលេខ ដែលយើងទទួលបាន មានលក្ខណៈច្បាស់លាស់ណាស់ គឺយើងនឹងឈ្នះ។»

បន្ទាប់មក លោក បៃដេន ដែលធ្លាប់ជាអនុប្រធានាធិបតី ជំនាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានថ្លែងសារ ទៅកាន់ប្រជាជាតិ ក្នុងនាមលោក ជាអ្នកបម្រួបបម្រួម និងចាប់ផ្ដើ់មការងារ របស់លោក ចាប់ពីថ្ងៃទីមួយ នៃការចូលកាន់តំណែងរបស់លោក។

លោកប្រកាសថា៖

«ខ្ញុំនឹងធ្វើការងារ ដោយពុះពារ ការលំបាកគ្រប់បែបយ៉ាង សម្រាប់ពលរដ្ឋគ្រប់ស្រទាប់ ទាំងអ្នកដែលបោះឆ្នោត ប្រឆាំងខ្ញុំ ទាំងអ្នកដែលបោះឆ្នោត ជូនខ្ញុំ។»

ក្នុងការថ្លែងដដែល លោក បៃដេន បានអះអាងឡើងវិញ អំពីគម្រោងជាអាទិភាព នៃរដ្ឋបាលរបស់លោក ក្នុងការប្រយុទ្ធ​ទល់នឹងការរាតត្បាត​ជំងឺ«Covid-19»។ លោកថា៖

«ខ្ញុំដឹងយ៉ាងច្បាស់ អំពីទុក្ខព្រួយ នៃការបាត់បង់​សាច់ញាតិ​ណាម្នាក់ (…) ខ្ញុំចង់ឲ្យ​អ្នក​ទាំងអស់ដឹងថា ចាប់ពីថ្ងៃទី១ យើងនឹងដាក់ចេញ នូវវិធានការ ដើម្បីគ្រប់គ្រង​មេរោគមួយនេះ។ យើងមិនអាចធ្វើមនុស្សស្លាប់ ឲ្យរស់ឡើងវិញបានទេ តែយើងអាច​ធ្វើកិច្ចការនេះ ដើម្បីសង្គ្រោះជីវិត​មនុស្សច្រើននាក់​ផ្សេងទៀត ទៅថ្ងៃខាងមុខ៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។