ពិភពលោក

ហ្គូហ្គ័ល និងហ្វេសប៊ុក ស្នើឲ្យ​បុគ្គលិក​ខ្លួន​ធ្វើការ​«ពីផ្ទះ» រហូតដល់​ឆ្នាំ​២០២១

បើទោះ​ជា​ទីស្នាក់ការ​នានា របស់មហាយក្សទាំងពីរ គ្រោងនឹងបើកឡើងវិញ នៅរដូវក្ដៅ​នេះ​ក៏ដោយ តែការធ្វើការ«ពីផ្ទះ» នៅតែជាជម្រើសដ៏ល្អ សម្រាប់រយៈពេល ពីពេលនេះ រហូតដល់​ចប់ ឆ្នាំ២០២០។

លោក «Sundar Pichai» អគ្គនាយកក្រុមហ៊ុន ហ្គូហ្គ័ល (Google) បានប្រកាសកាល​ពីថ្ងៃ​ព្រហស្បត្តិ៍ នៅក្នុងកិច្ច​ប្រជុំធំ ដែលធ្វើតាមបណ្ដាញវីដេអូ ប្រចាំសប្ដាហ៍ បានពន្យល់ថា បុគ្គលិកដែលចាំបាច់ ត្រូវវិលទៅធ្វើការ នៅការិយាល័យវិញ នឹងអាចធ្វើបាន ចាប់ពី​ខែមិថុនា ឬខែកក្កដា តែត្រូវអនុវត្តន៍ តាមវិធានការពារសុវត្ថិភាព ដែលកំណត់ឡើង ជាកំហិត។

តែបើពួកគេគ្មានភាពចាំបាច់ទេ ពួកគេអាចបន្តធ្វើការ ពីលំនៅដ្ឋាន រហូតដល់​បណ្ដាច់​ឆ្នាំ២០២០។

ក្រុមហ៊ុន ហ្គូហ្គ័ល ស្ថិតក្រោមក្រុមហ៊ុនមេ ឈ្មោះ «Alphabet» ដែលដឹកនាំដោយលោក «Sundar Pichai» តែម្នាក់។ ក្រុមហ៊ុន «Alphabet» មានបុគ្គលិកប្រមាណជា ១០០ ០០០នាក់ នៅក្នុងពិភពលោក។

សម្រាប់ក្រុមហ៊ុន ហ្វេសប៊ុក (Facebook) វិញ ក៏បានប្រកាសប្រហាក់ប្រហែលគ្នានេះដែរ។ ក្រុមហ៊ុនយក្ស ខាងបណ្ដាញសង្កមមួយនេះ គ្រោងនឹងបើក ការិយាល័យរបស់ខ្លួន ចាប់ពីថ្ងៃទី៦ ខែកក្កដាខាងមុខ តែបើបណ្ដាបុគ្គលិក នៅតែអាចធ្វើការ ពីផ្ទះរបស់​ពួកគេ រហូតដល់ឆ្នាំ២០២១ បើសិនជាពួកគេមានបំណងដូច្នេះ។

ហ្វេសប៊ុក មានបុគ្គលិកប្រមាណជា ៤៥ ០០០នាក់ នៅជុំវិញពិភពលោក (តួលេខ​នៅចុង​ឆ្នាំ២០១៩)។ នេះ គេមិនរាប់បញ្ចូល ពីបុគ្គលិក​​ច្រើនពាន់នាក់​ផ្សេងទៀត ដែលធ្វើការ ជាមួយក្រុមហ៊ុនផ្សេង តែមានកិច្ចសន្យា ជាមួយហ្វេសប៊ុកនោះផងទេ។

កាលពីខែមុន លោក «Mark Zuckerberg» អគ្គនាយកក្រុមហ៊ុន ហ្វេសប៊ុក បាន​បញ្ជាក់​ថា ក្រុមហ៊ុនលោក នឹងមិនរំពឹង ឲ្យមានការជួបជុំបុគ្គលិក ចាប់ពី៥០នាក់​ឡើងទៅ នៅមុន​ខែកក្កដា ឆ្នាំ២០២១នោះឡើយ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។