ពិភពលោក

Covid-19 ៖ រង​ការរិះគន់​ធ្ងន់ពេក ដូណាល់ ត្រាំ ប្រតិកម្ម​តបទៅ អូបាម៉ា

បន្ទាប់ពីអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានរិះគន់ធ្ងន់ៗ អំពីវិធានការគ្រប់គ្រង ការរាតត្បាតនៃជំងឺ «Covid-19» ដែលហាក់មិនមានប្រសិទ្ធិភាពនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រតិកម្មតបវិញ នៅថ្ងៃនេះ ដោយចោទអតីតប្រធានាធិបតី ថាមិនបានរៀបចំប្រទេសទុក ឲ្យបានសមស្រប សម្រាប់ស្ថានភាពសុខាភិបាល ដូចសព្វថ្ងៃ។

ការរិះគន់របស់លោក អូបាម៉ា​ ធ្វើឡើងកាលពីថ្ងៃសៅរ៍ ដោយវាយតម្លៃ វិធានការរបស់រដ្ឋបាលលោក ត្រាំ ដើម្បីទប់ស្កាត់ការរាតត្បាត ថាជា«គ្រោះមហន្តរាយ ដ៏អាណោចអាធម»។

ការថ្លែងរបស់អតីតប្រធានាធិបតី បានបញ្ឆេះកំហឹងរបស់លោក ដូណាល់ ត្រាំ ឡើង ដោយលើកឡើងថា ក្នុងប្រវត្តិសាស្ត្រ របស់សហរដ្ឋអាមេរិក មិនដែលមានប្រធានាធិបតី ផុតតំណែងណាម្នាក់ ងាកមករិះគន់ប្រធានាធិបតី ដែលស្នងតំណែង ពីខ្លួននោះឡើយ។

បន្ទាប់មកទៀត លោក ត្រាំ បានការពារលទ្ធផល នៃវិធានការទាំងឡាយ របស់រដ្ឋបាលរបស់លោក ដើម្បីប្រយុទ្ធទល់នឹងជំងឺ «Covid-19»។ លោកប្រធានាធិបតី បានសរសេរនៅលើទំព័រទ្វីសធើរ របស់លោកថា៖

«យើងទទួលបានពិន្ទុ ល្អសម្បើមណាស់ សម្រាប់ការទប់ស្កាត់ ការរាតត្បាតនៃមេរោគ​កូរូណា ជាពិសេសដោយធ្វើការហាមឃាត អ្នកដំណើរពីប្រទេសចិន រកប្រភពនៃការឆ្លង នៅនឹងច្រកព្រំដែន របស់សហរដ្ឋអាមេរិក។»

«ចូរប្រៀបធៀបលទ្ធផលខាងលើ ទៅនឹងគ្រោះមហន្តរាយ របស់ អូបាម៉ា និង ចូ ពូកែដេក (Sleepy Joe, ចំអកឲ្យលោក Joe Biden) ដែលចាត់វិធានការ ចំពោះជំងឺផ្ដាសាយជ្រូក “H1N1″។ ទទួលបានពិន្ទុអាក្រក់ ការស្ទង់មតិក៏អាក្រក់… តែពួកគាត់ អត់យល់អ្វីទាំងអស់។»

ក្នុងចុងសប្ដាហ៍កន្លងទៅនេះ លោក បារ៉ាក់ អូបាម៉ា បានរិះគន់ការសម្រេច ដ៏ប្រទាំងប្រទើស របស់ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក ដែលបានដកចេញ នូវសំនុំរឿងចោទប្រកាន់ ប្រឆាំងលោក «Michael Flynn» អតីតទីប្រឹក្សាមួយរូប របស់លោក ដូណាល់ ត្រាំ ដែលរងការស៊ើបអង្កេត ពីបទបាន «កុហក» ជុំវិញទំនាក់ទំនងរបស់លោក ជាមួយនឹងមន្ត្រីការទូតរ៉ុស្ស៊ីម្នាក់។

អតីតប្រធានាធិបតី បានថ្លែងថា៖

«មិនដែលមានពីមុនមកទេ ដែលមនុស្សម្នាក់ ដែលរងការចោទ ពីការរំលោភបំពាន​ដូច្នេះហើយ បែរជាបានរួចខ្លួន យ៉ាងព្រងើយ […] គឺស្ថានភាពបែបហ្នឹងហើយ ដែលយើងចាប់ផ្ដើមសង្ស័យ ថា ការអានរបស់យើង នូវពាក្យសម្បថជាមូលដ្ឋាន ស្ដីពីនីតិរដ្ឋ កំពុងរងការគម្រាម៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។