ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ។
កាលពីថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ របបក្រុងតេអៀរ៉ង់ បានប្រកាសថា ខ្លួននឹងអនុវត្តន៍ចាប់ពីថ្ងៃអាទិត្យ ខាងមុខនេះតទៅ នូវការគម្រាមទាំងឡាយ ដែលបានលើកឡើងថា ប្រទេសអៀរ៉ង់នឹងធ្វើការចម្រាញសារធាតុ អ៊ុយរ៉ាញ៉ូម សម្រាប់កម្មវិធីនុយក្លេអ៊ែរឡើងវិញ ដោយមិនខ្វល់ពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កំហិតមិនឲ្យប្រទេសនេះ ធ្វើការចម្រាញ់សារជាតិខាងលើហួសកម្រិត។
ការប្រកាសរបស់ប្រទេសអៀរ៉ង់ បានតម្រូវឲ្យលោក ដូណាល់ ត្រាំ ចេញមុខធ្វើប្រតិកម្មតបវិញ។ ប្រធានាធិបតីអាមេរិក បានសរសេរសារ នៅលើបណ្ដាញសង្គមទ្វីសធើរ ដោយព្រមានប្រទេសអៀរ៉ង់ខ្លាំងៗថា៖
«ប្រទេសអៀរ៉ង់ ចូរប្រយ័ត្នប្រយែង ជាមួយការគម្រាមរបស់អ្នក។ ការគម្រាមទាំងនេះ អាចនឹងវិលត្រឡប់ ទៅរកអ្នកវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ។»
ការគម្រាមរបស់ប្រទេសអៀរ៉ង់ ធ្វើឡើងចេញពីមាត់ផ្ទាល់ របស់ប្រធានាធិបតីអៀរ៉ង់ លោក «Hassan Rohani» ដោយចោទប្រកាន់សហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប ប្រទេសចិន និងរ៉ុស្ស៊ី ថាជាអ្នកទទួលខុសត្រូវ ចំពោះភាពទ័លច្រក ក្នុងវិបត្តិសព្វថ្ងៃ ជុំវិញកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា នៅឆ្នាំ២០១៥ នារដ្ឋធានីវីយ៉ែន ប្រទេសអូទ្រីស។
ប៉ុន្តែប្រតិកម្មតបទៅអៀរ៉ង់ មិនមែនមានតែលោក ដូណាល់ ត្រាំ ប៉ុណ្ណោះទេ។ ប្រទេសបារាំង តាមរយៈក្រសួងការបរទេស ក៏បានចេញសេចក្ដីថ្លែងការណ៍ ព្រមានប្រទេសអៀរ៉ង់ ក្នុងថ្ងៃពុធនេះដូចគ្នាដែរ។ សេចក្ដីថ្លែងការណ៍ បានលើកឡើងថា អៀរ៉ង់ នឹងមិនចំណេញអ្វីសោះឡើយ បើប្រទេសនេះចេញពីកិច្ចព្រមព្រៀងខាងលើ ហើយវានឹងបង្កើនឡើង កាន់តែខ្លាំង នូវភាពតានតឹង ដែលកំពុងមានកម្ដៅស្រាប់ នៅក្នុងតំបន់៕