វីដេអូ ពីនេះពីនោះ

កូនឈើ​ដែល ម៉ាក្រុង ដាំ​រួមគ្នា​ជាមួយ ត្រាំ បានងាប់​បាត់​ហើយ

កូនឈើដែលជាអំណោយរបស់ប្រធានាធិបតីបារាំង ហើយដែលត្រូវបានថតរូប ឃើញប្រធានាធិបតីនៃប្រទេសទាំងពីរដាំរួមគ្នា បានងាប់​បាត់​ហើយ នៅខណៈទំនាក់ទំនងរវាងអាមេរិក និងបារាំង ហាក់បន្តជួបភាពរកាំរកូស។

រូបថតនៃការដាំកូនឈើរួមគ្នានោះ ជានិមិត្តរូបមួយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាពិសេស នៅក្នុងដំណើរទស្សនកិច្ចដំបូង របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅសេតវិមាន ក្នុងអំឡុងចុងខែមេសា ឆ្នាំ២០១៨ ពោលគឺរាប់ចាប់ពីលោក ដូណាល់ ត្រាំ (Donald Trump) បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក។

បើតាមលោក «Gérard Araud» អតីតឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅសហរដ្ឋអាមេរិក បានអះអាងថា បន្ទាប់ពីត្រូវបានដាំរួមគ្នា ដោយប្រធានាធិបតីទាំងពីររូបហើយ កូនឈើនោះត្រូវបានដក យកទៅផ្សាំ ដើម្បីឲ្យវាស៊ាំនឹងបរិយាកាស លើទឹកដីអាមេរិក។ មន្ត្រីទូតរូបនេះ បានអះអាងថា៖

«នេះ ជាការចាំបាច់ សម្រាប់គ្រប់រូបធាតុ ដែលមានជីវិតទាំងឡាយ និងដែលត្រូវនាំចូល ទៅកាន់ទឹកដីអាមេរិក។ ហើយបន្ទាប់មក កូនឈើនោះ នឹងត្រូវយកទៅដាំជាថ្មី។»

ប៉ុន្តែ ប្រភពពីមន្ត្រីការទូតបារាំង ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា កូនឈើខាងលើ មិនដែលត្រូវបាន យកមកដាំជាថ្មីវិញទេ ព្រោះវាបានងាប់ នៅពេលយកទៅផ្សាំបាត់​ទៅហើយ។

ក្នុងរយៈពេលចុងក្រោយនេះ នយោបាយរបស់លោក ដូណាល់ ត្រាំ និងលោក អេម៉ានុយអែល ម៉ាក្រុង បានស្គាល់ភាពចម្រូងចម្រាស់ នៅក្នុងសំនុំរឿងជាច្រើន រាប់ពីសំនុំរឿងប្រទេសអៀរ៉ង់ និងរហូតមកដល់ សំនុំរឿងពាណិជ្ជកម្ម​អន្តរជាតិ។ តើការងាប់របស់កូនឈើ ដែលជានិមិត្តរូប នៃ«មិត្តភាព»មួយនេះ ជាកញ្ចក់ឆ្លុះ បង្ហាញពីទំនាក់ទំនងបច្ចុប្បន្ន រវាងមេដឹកនាំទាំងពីរឬ?

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។