នៅប្រទេសរុស្ស៊ី អ្នកជំងឺ «Covid-19» ដែលបានស្លាប់ កាលពីម្សិលមិញ បានកើនឡើងដល់ចំនួន ១៧៤នាក់ ដែលជាចំនួនច្រើនបំផុត រាប់តាំងពីការរាតត្បាតដំបូង នៅក្នុងប្រទេសនេះ។
អ្នកជំងឺដែលស្លាប់ មកទល់នឹងថ្ងៃនេះ មានចំនួនសរុប ៣ ៨០៧នាក់ ពីក្នុងចំណោមករណីឆ្លង ដែលត្រូវបានរកឃើញ មានប្រមាណជា ២៦៣ ៣៤២នាក់ ក្នុងករណីឆ្លង ៨ ៩១៥នាក់ ត្រូវបានរកឃើញ កាលពីម្សិលម៉ិញ។ ចំនួនអ្នកឆ្លងដ៏សន្ធឹកសន្ធាប់ បានធ្វើឲ្យប្រទេសរុស្ស៊ី ឈរនៅលេខរៀងទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។
តែផ្ទុយពីចំនួនអ្នកស្លាប់ ដែលកើនឡើង ចំនួនអ្នកឆ្លងប្រចាំថ្ងៃ ហាក់មានចំនួនថយចុះវិញ ហើយអាជ្ញាធរក៏បានកាត់បន្ថយបម្រាម នៅតាមតំបន់ជាច្រើន លើផ្ទៃប្រទេសដែរ។
តួលេខផ្លូវការ ក៏បានបង្ហាញពីអ្នកជំងឺ ដែលបានជាសះស្បើយ ថាមានចំនួន ១២ ៣៣១នាក់ដែរ។
កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Poutine) បានបង្ហាញខ្លួនឡើងវិញ នៅវិមានក្រឹមឡាំង។ អ្នកនាំពាក្យប្រធានាធិបតី លោក «Dmitri Peskov» បានអះអាង ថាលោក ពូទីន បានចេញពីមន្ទីរពេទ្យ បន្ទាប់ពីលោក ត្រូវបានធ្វើតេស្ដិ៍ រកឃើញលទ្ធផល«វិជ្ជមាន» កាលពីពាក់កណ្ដាលខែឧសភា។
អ្នកនាំពាក្យបានអះអាងបន្តថា នៅខណៈនេះ លោក ពូទីន បានចាប់ធ្វើការងារជាថ្មី នៅនឹងគេហដ្ឋានរបស់លោក៕