ពិភពលោក

Covid-19៖ ហូឡង់ សម្រេចផ្អាក​ការប្រើវ៉ាក់សាំង «AstraZeneca»

នៅថ្ងៃអាទិត្យទី១៤​ ខែមីនានេះ «ហូឡង់»បានក្លាយជាប្រទេសទី៦ ក្នុងសហភាពអ៊ឺរ៉ុប ដែលប្រកាសផ្អាក​ការចាក់ថ្នាំ​វ៉ាក់សាំង របស់សហគ្រាសផលិតឱសថ​«AstraZeneca» ក្រោមហេតុផល«ដើម្បីភាពប្រុងប្រយ័ត្ន»។ នេះបើតាម​ការសម្រេច របស់អាជ្ញាធរ​សុខាភិបាលហូឡង់ ដែលអះអាងថា ត្រូវរង់ចាំការអង្កេត ឲ្យបានស៊ីជម្រៅបន្ថែមទៀត ទៅលើថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីត- ១៩ (Covid-19) មួយនេះ។

ក្រសួងសុខាភិបាលរបស់ប្រទេសហូឡង់ បានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយថា ដោយអនុលោមតាមទិន្នន័យថ្មីៗ ដែលទើបនឹងទទួលបាន អាជ្ញាធរជាតិទទួលបន្ទុកឱសថ (របស់ប្រទេសហូឡង់) បានផ្ដល់អនុសាសន៍ ឲ្យផ្អាកការចាក់វ៉ាក់សាំងប្រភេទខាងលើ ក្រោមហេតុផល «សុវត្ថិភាព និងរង់ចាំការអង្កេត ឲ្យបានស៊ីជម្រៅ»។

រដ្ឋមន្ត្រីសុខាភិបាលហូឡង់ លោក «Hugo de Jonge» ត្រូវបានស្រង់សំដី មកបញ្ជាក់ក្នុង​សេចក្ដីប្រកាសព័ត៌មាន​នោះថា៖

«រឿងដែលសំខាន់ នៅត្រង់ការចង់ដឹងឲ្យច្បាស់ថា តើបញ្ហាទាំងអស់ វាអាចកើតឡើង បន្ទាប់ពីចាក់វ៉ាក់សាំងរួច ឬដោយសារ​ការចាក់វ៉ាក់សាំង។ បើអញ្ចឹងទេ រាល់ថ្នាំវ៉ាក់សាំងទាំងឡាយ មិនគួរបង្កឲ្យមានការសង្ស័យ សម្រាប់​ពលរដ្ឋឡើយ។»

លោកបន្តថា៖

«យើងត្រូវតែប្រយ័ត្នជានិច្ច។ ហេតុដូច្នេះហើយ វាជារឿងដ៏ប្រសើរបំផុត ដែលយើងត្រូវផ្អាក (ការចាក់វ៉ាក់សាំង​ប្រភេទនេះ) ក្នុងពេលនេះ ដើម្បីជាការប្រុងប្រយ័ត្ន។»

ការប្រកាសរបស់ប្រទេសហូឡង់ ចេញផ្សាយក្រោយបន្តិច ពីការប្រកាសរបស់ប្រទេសអៀរឡង់ ដែលបាន​សម្រេច​ឡើង ក្នុង​ហេតុផល​ប្រហាក់​ប្រហែល​គ្នា។

កាលពីថ្ងៃព្រហស្បត្តិ៍ទី១១ ខែមីនា ប្រទេសដាណឺម៉ាក អ៊ីស្លង់ និងណ័រវេស បានប្រកាសផ្អាកការចាក់ថ្នាំវ៉ាក់សាំង «AstraZeneca» ដោយអះអាងថា វាជា«គោលការណ៍នៃការប្រុងប្រយ័ត្ន»។ បន្ទាប់មក នៅថ្ងៃសុក្រទី១២ ខែមីនា ប្រទេសប៊ុលហ្គារី បានធ្វើដូចគ្នា ខណៈប្រទេសថៃ បានប្រកាសពន្យាពេលយុទ្ធនាការចាក់វ៉ាក់សាំង ដែល​ប្រើថ្នាំ​វ៉ាក់សាំង​ខាងលើ។

សម្រាប់អង្គការសុខភាពពិភពលោក (WHO /OMS) ដែលបានប្រកាសទទួសស្គាល់វ៉ាក់សាំង «AstraZeneca» បានលើកឡើង​កាលពីថ្ងៃសុក្រ ទី១២ ខែមីនាថា គ្មានហេតុផលណាមួយ ដែលតម្រូវមិនឲ្យប្រើវ៉ាក់សាំងនេះ ហើយ​មក​ដល់ពេលនេះ មិនទាន់មាន​ការពាក់ព័ន្ធណាមួយ ដែលបង្កឲ្យមានជំងឺផ្សេងទៀត តាមរយៈការចាក់ថ្នាំ​វ៉ាក់សាំង​នេះនៅឡើយ។

សម្រាប់សហគ្រាសផលិតឱសថ «AstraZeneca» ដែលមានទីតាំងធំ នៅក្នុងចក្រភពអង់គ្លេស បានប្រកាស​កាលពី​ថ្ងៃសៅរ៍ ទី១៣ ខែមីនា ការពារវ៉ាក់សាំងរបស់ខ្លួនថា គ្មាន​ភស្ដុតាងណាមួយ បង្ហាញពីហនិភ័យធ្ងន់ធ្ងរ សម្រាប់អ្នក​ដែលបានទទួល​ថ្នាំវ៉ាក់សាំង​នេះឡើយ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។