ពិភពលោក

នៅរុស្ស៊ី ទារកម្នាក់​កើតមក មានផ្ទុក​មេរោគ «Covid-19»

ទារកមួយរូប ត្រូវបានរកឃើញថា មានផ្ទុក​មេរោគ «Covid-19» បន្ទាប់ពីទារករូបនោះ បានចាប់កំណើត ពីផ្ទៃផ្ដាយ ដែលបានឈឺ​ជំងឺនេះ​រួចហើយ។ នេះ បើការអះអាង​របស់​អាជ្ញាធរ​សុខាភិបាល​តំបន់ នៃប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ។

ករណីឆ្លងពីម្ដាយ ទៅដល់ទារកនៅក្នុងផ្ទៃ បានកើតឡើង កាលពីចុងសប្ដាហ៍នេះ នៅក្នុង​សារធារណរដ្ឋ «North Ossetia–Alania» នៃតំបន់កូកាស (ភាគខាងត្បូង នៃប្រទេស​រុស្ស៊ី)។

ទីភ្នាក់ងារព័ត៌មាន «TASS» របស់រដ្ឋរុស្ស៊ី បានស្រង់សំដីមន្ត្រីអ្នកនាំពាក្យ របស់អាជ្ញាធរ​សុខាភិបាល ប្រចាំ​តំបន់ មកផ្សព្វផ្សាយថា៖

«ស្ត្រីមានផ្ទៃពោះម្នាក់ បានឈឺជំងឺ “Covid-19″។ ទារករបស់ស្ត្រីរូបនោះ ក៏បានចាប់​កំណើត​មក ដោយមានផ្ទុកមេរោគនេះដែរ។»

«ពួកគេ (ទាំងម្ដាយ និងកូន) បានត្រឡប់ទៅផ្ទះវិញ ហើយស្ថានភាពសុខភាព របស់​ពួកគេ មានលក្ខណៈធម្មតា។»

ទារកខាងលើ បានកើតនៅក្នុងមន្ទីរពេទ្យក្រុង «Beslan»។ នៅទីនោះ ស្ត្រីមានផ្ទៃពោះ ចំនួន​១៧នាក់ ដែលឆ្លងជំងឺ «Covid-19» កំពុងរង់ចាំ«ឆ្លងទន្លេ»។ នេះ បើតាម​អ្នក​ទទួលខុសត្រូវ​មួយរូប នៃមន្ទីរពេទ្យនោះ ដែលត្រូវបានស្រង់សំដី ដោយទូរទស្សន៍​ក្នុងស្រុក។

យ៉ាងណា ករណីទារកកើតមក មានផ្ទុកមេរោគរួចជាស្រេច នៅក្នុងប្រទេសរ៉ុស្ស៊ីនេះ មិនមែន​​ជាករណីដំបូងគេទេ។ កាលពីពាក់កណ្ដាលខែមេសា អាជ្ញាធរនៃប្រទេសប៉េរូ (ទ្វីបអាមេរិកខាងត្បូង) ក៏បានអះអាងថា មានទារកមួយរូប បានចាប់កំណើត ដោយមាន​ផ្ទុកមេរោគ «Covid-19» នោះដែរ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។