វីដេអូ ពីនេះពីនោះ

ដឹងឬទេ ថាតើឪម៉ាល់អាចទិចសម្លាប់កណ្ដុរ តែប៉ុន្មាននាទីប៉ុណ្ណោះ

សត្វឪម៉ាល់ នៅក្នុងតំបន់អាស៊ីខាងកើត បានប្រើពេល តែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីអាចទិចសម្លាប់ សត្វកណ្ដុរមួយក្បាល។ ហើយវីដេអូខាងក្រោម នឹងបង្ហាញ ពីទិដ្ឋភាព ដ៏គួរឲ្យព្រឺឆ្អឹងខ្នងមួយនេះ។

វីដេអូនោះ ត្រូវបានអ្នកថត យកមកបង្ហោះ នៅលើបណ្ដាញសង្គម មុននឹង​ត្រូវបាន​ចែករំលែក នៅតាមបណ្ដាញចែករំលែកវីដេអូផ្សេងទៀត។

មានឈ្មោះបច្ចេកទេស «Vespa mandarinia» សត្វឪម៉ាល់ប្រភេទនេះ ត្រូវបានរកឃើញ មានវត្តមាន នៅលើទឹកដីអាមេរិក តាំងពីដើមខែឧសភានេះមក។ ប៉ុន្តែសត្វឪម៉ាល់ មិនមែនជាសត្វថ្មី ឬជាសត្វចម្លែកអ្វីទេ សម្រាប់បណ្ដាប្រទេសជាច្រើន នៅអាស៊ី​ខាង​កើត និងអាស៊ី​អាគ្នេយ៍ ដូចយ៉ាងកម្ពុជា វៀតណាម ឡាវ ថៃ ភូមា ចិន ជប៉ុន និងឥណ្ឌា​ជាដើម។

បើតាមអ្នកវិទ្យាសាស្ត្រ សត្វឪម៉ាល់ អាចមានប្រវែងបណ្ដោយខ្លួន ពី២,៥សង់ទីម៉ែត្រ រហូត​ដល់ ៤សង់ទីម៉ែត្រ សម្រាប់ឪម៉ាល់បរិវា និងវែងជាង ៥,៥សង់ទីម៉ែត្រ សម្រាប់​ឪម៉ាល់ មេចាំសម្បុក។

ប្រភេទឪម៉ាល់ នៅក្នុងប្រទេសជប៉ុន មានពិសខ្លាំងបំផុត។ របាយការណ៍​របស់​អាជ្ញាធរ​ជប៉ុន បានអះអាងថា ពលរដ្ឋជប៉ុន ប្រមាណជា ៥០នាក់ ក្នុងមួយឆ្នាំៗ បានស្លាប់ ដោយសារសត្វឪម៉ាល់ទិក។

ប៉ុន្តែ គេមិនត្រូវភ័យខ្លាំងជ្រុល ដោយសារសត្វប្រភេទនេះឡើយ ដោយហេតុថា វាបើក​ការវាយប្រហារ ដោយការប្រើពិស តែនៅពេលណា ដែលវាគិតថា វាកំពុងជួប​គ្រោះថ្នាក់​ប៉ុណ្ណោះ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។