ពិភពលោក

Covid-19៖ វ៉ាក់សាំង​«Sinopharm»​ទទួលភ្លើងខៀវ​បន្ទាន់ពី«WHO»

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) ​របស់ប្រទេសចិនកុម្មុយនីស ដែលមានឈ្មោះ «Sinopharm» ទទួលបាន​ការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក «WHO /OMS» ហើយ។ នេះ បើតាមការប្រកាស​របស់អគ្គនាយក របស់អង្គការ​ពិភពលោក​មួយនេះ នៅថ្ងៃសុក្រទី៧ ខែឧសភា ឆ្នាំ២០២១។

គណៈកម្មការជំនាញខាងថ្នាំវ៉ាក់សាំង របស់«WHO /OMS» បញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ថាការប្រកាសទទួលស្គាល់ខាងលើ  ជាកិច្ច«បន្ទាន់» ហើយថា វ៉ាក់សាំងនេះអាចចាក់បាន សម្រាប់មនុស្ស ដែលមានវ័យពី១៨ឆ្នាំឡើង។

វ៉ាក់សាំង«Sinopharm» ជាវ៉ាក់សាំងដំបូង របស់ប្រទេសចិន ដែលត្រូវបានទទួលស្គាល់ ដោយ«WHO /OMS» ខណៈវ៉ាក់សាំងមួយទៀត ឈ្មោះ «Sinovac» កំពុងស្ថិតក្នុងការត្រួតពិនិត្យ។

ការប្រកាសទទួលស្គាល់ខាងលើ បានជួយទៅដល់បណ្ដាប្រទេសជាច្រើន ដូចយ៉ាងប្រទេសកម្ពុជាជាដើម ដែលគ្មាន​សមត្ថភាព ក្នុងការបញ្ជាក់​ដោយខ្លួនឯង អំពីសុវត្ថិភាព និងប្រសិទ្ធិភាពរបស់វ៉ាក់សាំងខាងលើ។

កម្មវិធីវ៉ាក់សាំងចែកចាយសកល «Covax» ដែលបង្កើតឡើងដោយ «WHO /OMS» និងដៃគូ ក៏អាចដាក់​បញ្ចូល​វ៉ាក់សាំង«Sinopharm» ទៅក្នុងកម្មវិធី​របស់ខ្លួន ដើម្បីធ្វើការចែកចាយ​ជាកិច្ច«បន្ទាន់» និងបន្ថែមទៀត សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុងពិភពលោកដែរ។

ក្នុងពេលកន្លងមក អង្គការសុខភាពពិភពលោក បានទទួលស្គាល់រួចហើយ នូវវ៉ាក់សាំង​«Moderna» វ៉ាក់សាំង​«Pfizer-BioNTech» វ៉ាក់សាំង​«AstraZeneca» និងវ៉ាក់សាំង«Johnson & Johnson» (ហៅថា «Janssen»)។ គួរកត់សម្គាល់បន្ថែមថា វ៉ាក់សាំង«AstraZeneca» ដែលផលិត​នៅពីរប្រទេស (ឥណ្ឌា និងកូរ៉េខាងត្បូង) ទទួលបានការទទួលស្គាល់​ពីរផ្សេងគ្នា៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។